សុខភាព​កុមារ​ជា​រឿង​សំខាន់​សម្រាប់​អនាគត​សង្គម

សុខភាព និង​ការរីកលូតលាស់​របស់​កុមារតូចៗជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​អនាគត​របស់​សង្គម និង​ប្រទេសជាតិ ព្រោះ​កុមារ​ជា​អ្នក​បន្តវេន​នៅក្នុង​សង្គម​នា​ថ្ងៃ​អនាគត ហើយ​ធនធានមនុស្ស​នៅ​ថ្ងៃ​ខាងមុខ​គឺ​ត្រូវ​ជំនួស​ដោយកុមារៗក្នុងពេល​បច្ចុប្បន្ននេះ​ទាំងស្រុង។

ប្រធាន​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​កម្ពុជា លោក ជាង សុខា បាន​លើកឡើងថា កុមារ​ជា​ផ្នែក​ដ៏​សំខាន់​សម្រាប់​ប្រទេស​កម្ពុជា ព្រោះ​ពួកគេ​នឹង​ក្លាយជា​យុវជន​នា​ថ្ងៃ​ខាងមុខ។ អ្វី​ដែលជា​បញ្ហា​ប្រឈម​របស់​កុមារ​បច្ចុប្បន្ន គឺ​បញ្ហា​សុខភាព ព្រោះ​នាពេល​បច្ចុប្បន្ននេះ​ស្ត្រី​ដែលជា​មាតា​ជាច្រើន​បាន និង​កំពុងធ្វើការ​ងារ​នៅតាម​រោងចក្រ​សហគ្រាស និង​កន្លែង​ជាច្រើន​ទៀត​ដែល​ពេលខ្លះ​សុខភាព​របស់គាត់​មាន​លក្ខណៈ​ទន់ខ្សោយ ដែលជា​ហេតុ​ធ្វើឱ្យកូនតូចៗដែល​កើតមក​អាចមាន​លក្ខណៈ​ទន់ខ្សោយ​តាម​ដែរ។

លោក ជាង សុខា បាន​និយាយថា៖ «យើង​គ្រប់គ្នា​តែងតែ​ពឹងពាក់​លើ​កុមារ​ជំនាន់​ក្រោយ​ថា អាច​នឹងមាន​លក្ខណៈ​រឹងមាំ តែ​ពេលខ្លះ​យើង​មើលឃើញថា ពួកគេ​អាច​នឹងមាន​កត្តា​ប្រឈម​មួយចំនួន​ដែល​ត្រូវ​យកចិត្តទុកដាក់»។

Cambodian school children head back their home after morning school time at Tnoat Kpoh village in the outskirt of Phnom Penh, Cambodia, Monday, March 18, 2013. (AP Photo/Heng Sinith)

ស្រប​ជាមួយគ្នានេះដែរ អង្គការ Unicef ប្រចាំ​នៅ​កម្ពុជា​បាន​រាយការណ៍​ថា កង្វះ​អាហារូបត្ថម្ភ​ជា​បញ្ហា​មួយ​ដែល​ធ្វើឱ្យ​ការលូតលាស់​របស់​រាង​កាយ និង​បញ្ញា​ស្មារតី​របស់​កុមារ​មានការ​អន់ថយ។ ការ​ធានាថា​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​ទទួលបាន​អាហារ​ដែលមាន​ជីវជាតិ និង​ការថែទាំ​សុខភាព​ដែលមាន​គុណភាព អាច​ផ្តល់​ផល​វិជ្ជមាន​ដល់​ការលូតលាស់​របស់​កុមារ​ដែល​ឈានទៅ​កាន់​ជីវិត​ដែលមាន​សុខភាព​ល្អ និង​សុភមង្គល។

អង្គការ​ដដែល​នេះ​បាន​បញ្ចាក់​ផងដែរ​ថា ចាប់ពី​ឆ្នាំ 2000 ដល់​ឆ្នាំ 2014 ភាគរយ​នៃ​កុមារ​មិន​គ្រប់​ទម្ងន់​ខ្លួន​បាន​ថយចុះ​ពី 39% មក 24% ហើយ​កុមារ​ដែលមាន​ជំងឺ​ក្រិស​ក្រិន​បាន​ថយចុះ​ពី 50% មក 32% ប៉ុន្តែ​ការថយចុះ​នេះ​ក៏មាន​ន័យ​ដែរ​ថា មាន​កុមារ​ម្នាក់​ក្នុងចំណោម​បួន​នាក់​នៅតែ​មិន​គ្រប់​ទម្ងន់​ខ្លួន​នៅ​កម្ពុជា។ ហើយ​កុមារ​ម្នាក់​ក្នុងចំណោម​បីនាក់​មាន​កម្ពស់​ទាប​ជាង​អាយុ ដែល​នេះ​ជា​សញ្ញា​បញ្ជាក់​អំពី​កង្វះ​អាហារូបត្ថម្ភ៕

Advertisement