“តោះ​និយាយ​ពី​លុយ” ប្រើ​សៀវភៅងាយៗ និង​វីដេអូកំប្លែងៗដើម្បី​អប់រំ​ពី​ហិរញ្ញវត្ថុ

“តោះ​និយាយ​ពី​លុយ” ជា​កម្មវិធី​មួយ​ដែល​បង្កើតឡើង​ដោយ​ធនាគារជាតិ​នៅ​ម្ពុ​ជា ដើម្បី​អប់រំ​អំពី​ហិរញ្ញវត្ថុ​ដល់​កុមារតូចៗ និង​សាធារណជន​នានា​ដើម្បី​បង្កើត​ទម្លាប់​នៅក្នុង​ការ​សន្សំ និង​ការចាយវាយ​ឱ្យបាន​ត្រឹមត្រូវ។

នាពេលថ្មីៗនេះ យុទ្ធនាការ “តោះ​និយាយ​ពី​លុយ” បានចាប់ផ្តើម​ធ្វើការ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ នៅតាម​បណ្តា​សាលារៀន​នានា​នៅ​កម្ពុជា រួមទាំង​តាម​បណ្តាញ​សង្គម​ទៀតផង។ សកម្មភាព​ដែល​គួរឱ្យ​ចាប់អារម្មណ៍​ពី​ក្នុង​យុទ្ធនាការ​នេះ គឺ​ការបង្កើត​សៀវភៅ​ដែលមាន​រូបភាព​ច្រើនយ៉ាង​ទាក់ទាញ​សម្រាប់​កុមារ ហើយ​ក៏មាន​វីដេអូ​កំប្លែងខ្លីៗ រួមទាំង​ចម្រៀង​ថែម​ទៀតផង ដើម្បី​បង្កើន​ភាព​ទាក់ទាញ​ដល់​យុវវ័យ និង​មនុស្ស​គ្រប់គ្នា​ឱ្យ​ស្វែងយល់​ពី​ការប្រើប្រាស់​លុយកាក់​ឱ្យបាន​ត្រឹមត្រូវ។

លោកជំទាវ ជា សិរី អគ្គនាយក​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា បាន​លើកឡើងថា យុទ្ធនាការ “តោះ​និយាយ​ពី​លុយ” ជា​កម្មវិធី​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​មួយ​ដែល​បានផ្តល់​ផលប្រយោជន៍​សម្រាប់​មនុ​ស្ស​ទូទៅ ព្រោះថា កម្មវិធី​នេះ​នឹង​បង្ហាញ​ពី​ចំណេះដឹងងាយៗពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​លុយកាក់​ដែល​វា​ជា​ផ្នែក​យ៉ាងសំខាន់​មួយ​ក្នុងការ​រស់នៅ។

លោកជំទាវ ក៏បាន​លើកឡើង​ផងដែរ​ថា យុទ្ធនាការ​នេះ ក៏​ជា​ផ្នែក​យ៉ាងសំខាន់​មួយ​ក្នុង​ការអប់រំ​ប្រជាពលរដ្ឋ​ពី​ចំណេះដឹង​ដើម្បី​ការពារ​ខ្លួន​ពី​ការកេងបន្លំ​តាមរយៈ​ការជ្រើសរើស និង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ឱ្យបាន​ត្រឹមត្រូវ និង​ចំ​គោលដៅ។

គួរបញ្ជាក់​ផងដែរ​ថា ការបង្កើត​វីដេអូ​កំប្លែង​ទាំងអស់នេះ ជា​វិធីសាស្ត្រ​ល្អ​មួយ​ក្នុងការ​ទាក់ទាញ​ឱ្យ​មនុស្ស​គ្រប់គ្នា​បង្កើន​ចំណេះដឹង​ប្រកបដោយ​ភាព​រីករាយ ហើយ​វា​ក៏បានផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន​សម្រាប់​ការរស់នៅ​ផងដែរ៕

Advertisement