មន្ត្រី​ជាន់ខ្ពស់​ក្រសួង​អប់រំ​៖ បញ្ហា​បច្ចេកទេស​ឆ្នាំមុន​ គឺ​មេរៀន​ និង​លែង​មាន​បញ្ហា​ការ​បូក​ស្រង់​ពិន្ទុ​

ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ ឬយើង​ហៅ​កាត់​ថា​ ការ​ប្រឡង​បាក់ឌុប​ នឹង​ចូល​មកដល់​នៅ​ថ្ងៃទី19​-20​ ខែ​សី​ហា​ឆាប់​ៗខាងមុខនេះ​ហើយ​ ដែល​ការ​ប្រឡង​នេះ​ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​ព្រឹត្តិ​ការណ៍​សំខាន់​បំផុត​មួយ​ សម្រាប់​សង្គម​ សម្រាប់​អាណាព្យាបាល​សិស្ស​ និង​សម្រាប់​បេក្ខជន​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ផ្ទាល់​តែម្តង​។ជា​រៀងរាល់​ឆ្នាំ​ យើង​ឃើញថា​ ក្រោយពេល​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ បាន​រៀបចំ​ធ្វើ​កំណែទម្រង់​ការ​ប្រឡង​មក​ គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ជាពិសេស​ក្រសួង​អប់រំ​ខ្លួនឯង​ បាន​រៀបចំ​ឱ្យ​ភាព​ច្បាស់លាស់​ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព​ និង​លទ្ធផល​ល្អ​សម្រាប់​អ្នក​ប្រឡង​ តែ​ទោះជា​មានការ​ខិតខំ​យ៉ាងនេះ​ក្តី​ ក៏​ឆ្នាំ​មុន​ គេ​សង្កេតឃើញ​ថា​ មាន​បញ្ហា​មួយចំនួន​នៅតែ​ប៉ះពាល់​ដល់​ការ​ចេញ​លទ្ធផល​ប្រឡង​របស់​សិស្ស​ដដែល​ នោះ​គឺ​បញ្ហា​បច្ចេកទេស​កុំព្យូទ័រ​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ លោក​បណ្ឌិត​ ឌី​ ខាំ​បូ​លី​ អ្នកនាំពាក្យ​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ បាន​លើក​ឡើង​ថា​ យើង​យក​បញ្ហា​បច្ចេកទេស​កុំព្យូទ័រ​ពីឆ្នាំ​មុន​ជា​មេរៀន​ ហើយ​ក្រសួង​បាន​បញ្ជាក់​ពី​គោលជំហរ​ច្បាស់លាស់​កាលពី​ឆ្នាំមុន​ដែល​មាន​បញ្ហា​កុំព្យូទ័រ​ និង​សូមអភ័យទោស​ដល់​សាធារណជន​ ជាពិសេស​ គឺ​បេក្ខជន​ទាំងអស់​។ ជា​ការ​ឆ្លើយតប​ក្រសួង​ក៏បាន​ទទួលយក​សំណើ​បេក្ខជន​ ដើម្បី​ពិនិត្យមើល​ និង​ដោះស្រាយ​បញ្ហា​នេះ​ឡើងវិញ​ ដើម្បី​ធានា​នូវ​គោលការណ៍​សំខាន់​ក្នុងចំណោម​គោលការណ៍​ទាំង​ 4 (ប្រសិទ្ធភាព​ ភាព​យុត្តិធម៌​ តម្លាភាព​ និង​លទ្ធផល​ទទួលយក​បាន​) គឺ​ភាព​ទទួលយក​បាន​។

បណ្ឌិត​ ឌី​ ខាំ​បូ​លី​ បាន​មានប្រសាសន៍​ថា​៖ “នៅ​ឆ្នាំនេះ​យើង​បាន​ពិនិត្យមើល​ឡើងវិញ​ទាំង​បញ្ហា​កុំព្យូទ័រ​លើ​ការ​បូក​ស្រង់​ពិន្ទុ​ ដោយ​យើង​មើល​ទាំង​ផ្នែក​កម្មវិធី​ (Software​) និង​បរិក្ខារ​កុំព្យូទ័រ​ (Hardware​) ដើម្បី​ធានា​ថា​ ឆ្នាំនេះ​នឹង​មិន​មាន​បញ្ហា​កំហុស​បច្ចេកទេស​កុំព្យូទ័រ​នេះ​ទៀត​ទេ​”។

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​បាន​លើកឡើង​ផង​ដែរ​ថា​ ដើម្បី​បញ្ជាក់​ពាក់ព័ន្ធ​នឹង​បញ្ហា​ធនធានមនុស្ស​ក្នុង​ការ​បូក​ពិន្ទុ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​វិញ​ ក្រសួង​បាន​ជ្រើសរើស​យ៉ាង​យកចិត្ត​ទុកដាក់​ដោយ​នីតិវិធី​នៃ​ការ​ជ្រើសរើស​ គឺ​ដំបូង​ឡើយ​ជ្រើសរើស​មន្ត្រី​ដែល​មានចំណេះ​ដឹង​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​ចេញពី​អង្គភាព​ បន្ទាប់មក​ទៀត​គណៈកម្មការ​ជ្រើសរើស​នឹង​ចម្រាញ់​ម្តង​ទៀត​ដោយ​ពិនិត្យ​មើល​ពី​ប្រវត្តិរូប​សង្ខេប​ មុននឹង​ធ្វើការ​បណ្តុះបណ្តាល​បន្ថែម​។ ក្រោយពេល​បណ្តុះបណ្តាល​ បេក្ខជន​ទាំងអស់​នឹង​ត្រូវ​ប្រឡង​ ក្រោយពេល​ប្រឡងជាប់​ ទើប​អាច​ចូល​ទៅ​បូក​បញ្ចូល​ពិន្ទុ​បាន​។

ពាក់ព័ន្ធ​នឹង​ការ​ប្រឡង​ជ្រើសរើស​មន្ត្រី​បូក​ពិន្ទុ​តាម​កុំព្យូទ័រ​នេះ​ លោក​បាន​បញ្ជាក់​ថា​ ការ​ប្រឡង​នេះ​មិន​ត្រឹមតែ​ធ្វើឡើង​ដើម្បី​តែ​ជ្រើសរើស​មន្ត្រី​ដែល​មាន​សមត្ថភាព​ផ្នែក​បច្ចេកវិទ្យា​ប៉ុណ្ណោះទេ​ តែ​ជ្រើសរើស​យក​មន្ត្រី​ដែល​មាន​ក្រមសីលធម៌​វិជ្ជាជីវៈ​ខ្ពស់​ មាន​ភាព​ហ្មត់ចត់​ក្នុង​ការ​បូក​ពិន្ទុ​ និង​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ដើម្បី​ធានា​នូវ​ភាព​សុក្រឹតភាព​ និង​យុត្តិធម៌​ក្នុង​ការ​បូក​ស្រង់​ពិន្ទុ​ទើប​ឱ្យ​ជាប់​បាន​។

លោក​បណ្ឌិត​បាន​បញ្ជាក់​ថា​ រហូតមកដល់​ពេល​នេះ​ក្រសួង​បាន​បណ្តុះបណ្តាល​មន្ត្រី​បច្ចេកទេស​បច្ចេកវិទ្យា​ព័ត៌មាន​គ្រប់គ្រាន់​ហើយ​សម្រាប់​ការ​ប្រឡង​ទាំងមូល​ផ្នែក​បច្ចេកវិទ្យា​។ ក្នុង​នោះ​លោក​បាន​បង្ហាញ​ផង​ដែរ​ថា​ សមាសភាព​ចូលរួម​ក្នុង​ដំណាក់កាល​កំណែ​ និង​បូក​ស្រង់​ពិន្ទុ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ គឺ​មាន​សមាសភាព​ដូចជា​ គណៈកម្មការ​អប្បមាទ​ ប្រធាន​អនុប្រធាន​មណ្ឌល​កំណែ​ គណៈកម្មការ​កំណែ​ គណៈកម្មការ​តាម​មុខវិជ្ជា​ និង​អ្នកទទួល​បន្ទុក​ផ្នែក​បច្ចេកវិទ្យា​។ គណៈកម្មការ​ទាំងអស់​នេះ​ នឹង​ធ្វើការងារ​យ៉ាង​ហ្មត់ចត់​ដើម្បី​ធានា​ពី​ប្រក្រតី​ភាព​ ប្រសិទ្ធភាព​ ភាព​យុត្តិធម៌​ តម្លាភាព​ និង​លទ្ធផល​ទទួលយក​បាន​៕

Advertisement