វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា​ជំរុញ​យុវជន​ឱ្យធ្វើ​ជំនួញ​បែប​វិទ្យាសាស្ត្រ

នៅ​សម័យ​បច្ចេកវិទ្យា​ទំនើប​នេះ វិស័យ​វិទ្យាសាស្ត្រ និង​សហគ្រិនភាព ជា​ផ្នែក​ដែល​លេចធ្លោ និង​មាន​ប្រជាប្រិយភាព​បំផុត​នៅលើ​ពិភពលោក។ ដោយសារតែ​វិស័យនេះ​មាន​តម្រូវការ​ខ្ពស់​ក្នុងសង្គម ហើយ​ជា​ផ្នែក​ដែល​អាច​ជំរុញ​ខ្លាំង​ដល់​ការអភិវឌ្ឍ។ ប្រទេស​ទាំងអស់​តែងតែ​ជំ​រុញឱ្យ​មនុស្ស​គ្រប់​វ័យ ជាពិសេស​យុវជន​ជំនាន់​ថ្មី​ដែល​នៅ​សិ្ន​ទ្ធ​ជាមួយនឹង​ប​ច្ចក​វិទ្យា​ឱ្យ​ចាប់អារម្មណ៍ និង​បង្កើន​សមត្ថភាព​របស់​ខ្លួន​ឱ្យ​កាន់តែខ្លាំង​ដើម្បី​អភិវឌ្ឍ​សហគ្រិនភាព​បែប​វិទ្យាសាស្ត្រ។

ដោយ​មើលឃើញ​ពី​សារៈសំខាន់​ទាំងនេះ វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា​បាន​បង្កើត​កម្មវិធី​មួយ​ដែលមាន​ឈ្មោះថា Techno Innovation Challenge ដើម្បី​ជំរុញ​ឱ្យ​យុវជន​កម្ពុជា​ប្រកួតប្រជែង​គម្រោង​អាជីវកម្ម​លើ​ជំនាញ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា STEM ដែល​ក្នុងនោះ​គេហទំព័រ ឡា​រ៉ែ​ន បានធ្វើការ​សម្ភាស​កញ្ញា សៀក ឡេង អ្នកសម្របសម្រួល​កម្ម​វិធី Techno Innovation Challenge ដូចខាងក្រោមៈ

  1. អ្វី​ទៅជា​កម្មវិធី Techno Innovation Challenge?

ការប្រកួត Techno Innovation Challenge Cambodia 2017 គឺជា​ការប្រកួតប្រជែង​មួយ​ទៅលើ​សមិទ្ធផល​ពី​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM) ដែលមាន​ភាព​ច្នៃប្រឌិត​ខ្ពស់បំផុត សម្រាប់​ដោះស្រាយ​ប​ព្ហា​ជាក់ស្តែង​ក្នុងប្រទេស ដែល​កម្មវិធី​នេះ​រៀបចំឡើង​ដោយ វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា (សាលា​តិច​ណូ) ។

  1. ហេតុអ្វី​បានជា​កម្ម​វី​ធី​នេះ​ត្រូវបាន​បង្កើតឡើង?

កម្មវិធី​នេះ​ត្រូវបាន​បង្កើតឡើង ដើម្បី​ជំរុញ​សហគ្រិនភាព (Entrepreneurship)  ពី​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM) ក្រោម​គំនិត​ផ្តួចផ្តើម​របស់​គម្រោង​មួយ​ឈ្មោះថា USAID Connecting the Mekong through the Education and Training (USAID COMET) ដែល​បាន​គាំទ្រ​ស្ថាប័ន​អប់រំ​ថ្នាក់​ឧ​ត្ត​ម​នៅ​ប្រទេស​ក្នុង​តំបន់​មេគង្គ ដូចជា​ប្រទេស​ថៃ មី​យ៉ាន់​ម៉ា វៀតណាម និង​កម្ពុជា ឲ្យ​ធ្វើ​ការរៀបចំ​ការប្រកួត Innovation Challenge ដើម្បី​លើកស្ទួយ​សមត្ថភាព និង​សហគ្រិនភាព​របស់​និស្សិត។ ក្នុងនោះ​យើង​បានជ្រើសរើស​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា(សាលា​តិច​ណូ)  ជា​អ្នករៀបចំ​ការប្រកួត​នេះ​ឡើង ប្រចាំ​ប្រទេស​កម្ពុជា​តែម្តង។

  1. តើ​វា​បានផ្តល់​ផលប្រយោជន៍​អ្វីខ្លះ​សម្រាប់​និស្សិត វិស័យ​អប់រំ និង​ប្រទេស​កម្ពុជា?

កម្មវិធី​នេះ​បានផ្ដល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​និស្សិត​ដែល​បាន​ចូលរួម​ប្រកួត ដូចជា​ទទួលបាន​វគ្គ​បណ្តុះបណ្តាល និង​ប្រឹក្សា​យោបល់ល្អៗ ទាំង​ផ្នែក​បច្ចេកទេស និង​ទីផ្សារ ព្រមទាំង​ការធ្វើ​បទ​បង្ហាញផ្សេងៗ ពី​អ្នកជំនាញ។ លើសពី​អ្វីដែល​ពួកគាត់​រៀន គឺ​ពួកគាត់​អាច apply អ្វីដែល​គាត់​រៀន និង​គំនិត​របស់​ពួកគាត់​បាន ដើម្បី Challenge ខ្លូន​ឯង​ថា អាច​ធ្វើបាន​កម្រិតណា ឈានដល់​លទ្ធផល​កម្រិតណា ដែល​ទាំងនេះ​ជាការ​បណ្តុះ​ភាពជា​អ្នកដឹកនាំ និង​សហគ្រិនភាព​ទៅ​ថ្ងៃ​ខាងមុខ។  អ្វីដែល​ពិសេស​ជាងនេះទៀត​នោះ​គឺ ទទួលបាន​ការគាំទ្រ បច្ចេកទេស សម្ភារ ដូចជា​ឯកសារ និង​មន្ទីរ​ពិសោធ​វិស្វកម្ម  ឧ​បករ​ណ៏​សំរាប់​តេស្ត ហើយនឹង​ការពិគ្រោះ​ប្រឹក្សា​ពី​បច្ចេកទេស ពី​អ្នកជំនាញ​បច្ចេកទេស​នៅ​សាលា​តិច​ណូ​នេះ​ផ្ទាល់ និង​ដៃគូផ្សេងៗ រួមមាន អ្នកជំនាញ​បច្ចេកទេស​ពី​ក្រុមហ៊ុន​លំដាប់ថ្នាក់​ពិភពលោក Intel Cooperation ជាដើម។  បើ​ឈ្នះ នឹង​ទទួលបាន​លុយ និង​រង្វាន់ផ្សេងៗទៀត ហើយ​ពួកគាត់​អត់​មាន​ត្រូវ​ចំណាយ​អ្វី​ច្រើន​នោះទេ។

តាមរយៈ​បទពិសោធ​ចូលរួម​ក្នុង​កម្មវិធី​មួយ​នេះ​និស្សិត​ដែល​បាន​ចូលរួម​ប្រកួត​អាច​ពង្រឹង​ជំនាញ​បច្ចេកទេស សហគ្រិនភាព ភាព​ច្នៃប្រឌិតថ្មីៗ សមត្ថភាព​ក្នុងការ​ដោះស្រាយ​ប​ព្ហា និង​ការធ្វើ​បទ​បង្ហាញ ឱ្យ​កាន់តែ​ប្រសើរឡើង។ ថែមទាំង​ពង្រឹង​ឥរិយាបថ​ភាពស្វាហាប់ សមត្ថភាព​ធ្វើការ​ងារ​ជា​ក្រុម  ភាពជា​អ្នកដឹកនាំ និង​ភាពជឿជាក់​លើ​ខ្លូន​ឯង​ផងដែរ។ ហើយ​កម្មវិធី​នេះ​នឹង​ជា​សារ​មួយ​បញ្ជូន​ទៅដល់​សាធារណជន​ឱ្យបាន​ដឹង​ពី​សក្តានុពល និង​ចំណុច​ពិសេស​របស់​ពួកគាត់​ដែល​បាន​ឆ្លងកាត់​ការប្រកួតប្រជែង​យ៉ាង​ស្វិតស្វាញ។

ក្រៅពីនេះ កម្មវិធី​នេះ​ក៏បាន​ជួយ​ជំរុញ​វិស័យ​អប់រំ និង​ប្រទេស​កម្ពុជា​ឱ្យមាន​ភាព​រីកចម្រើន ឱ្យ​កាន់តែ​សម្បូរ​ធនធានមនុស្ស​ដែលមាន​ជំនាញ​បច្ចេកទេស បូក​នឹង​សហគ្រិនភាព មាន​ភាព​ច្នៃប្រឌិត​បង្កើត​ថ្មី ប្រកបដោយ​សក្តានុពល អាចបង្កើត​សមិទ្ធផលផ្សេងៗក្នុង​វិស័យ STEM ជូន​សង្គម និង​មនុស្សជាតិ​នៅ​ថ្ងៃ​ខាងមុខ។

  1. តើ​កម្មវិធី​នេះ​ត្រូវបានធ្វើ​ឡើងជា​ប៉ុន្មាន​ដំណាក់កាល ហើយ​ដំណាក់កាលនីមួយៗ បេក្ខជន​ត្រូវធ្វើ​អ្វីខ្លះ​ដើម្បី​ទទួលបាន​ជ័យជម្នះ?

កម្មវិធី​នេះ​ត្រូវបានធ្វើ​ឡើងជា 5 ដំណាក់កាល។

Shortlisting ៖ និស្សិត​ត្រូវធ្វើ​ការដាក់​ពាក្យ​តាម​អន​ឡាញរៀងៗខ្លួន ឲ្យ​បាន​មុន​ថ្ងៃ​ផុតកំណត់។ ការដាក់​ពាក្យ​ចួ​ល​រួម​កម្មវិធី​ប្រកួត មិន​តម្រូវ​ចាំបាច់​ឱ្យមាន​ក្រុម​ឱ្យ​ហើយ និង​ការពន្យល់​គំនិត​ជំនួញ របស់ខ្លួន​ណាមួយ​ឡើយ។ ការ​ជម្រុះ និង​ជ្រើសរើស​បេក្ខភាព​ចូលរួម​ប្រកួត គឺ​ផ្តោត​សំខាន់​ទៅលើ​ជំនាញ និង​ការ​បេ្ត​ជ្ញា​ចិត្ត​របស់​បេក្ខជនម្នាក់។

Team up and Solution ៖ បេក្ខភាព​ដែល​បាន​ជាប់​វគ្គ​ជម្រុះ (shortlisted) នឹង​បាន​ចូលរួម​ក្នុង​កម្មវិធី ហើយ​ត្រូវបង្កើត​ក្រុម និង​ពិភាក្សា​រិះរក​គំនិត​បង្កើត​អ្វីមួយ​ផ្អែកលើ​ជំនាញ​របស់​ពួកគាត់ ដែល​អាច​យកទៅ​ប្រើ និង​ដោះស្រាយ​បញ្ហា​ណាមួយ​បាន។ បេក្ខភាព​នឹង​ទទួលបាន​ការផ្តល់​មតិ​យោបល់​ពី​គំនិត​របស់​ពួកគាត់ ពី​អ្នក​ប្រឹក្សា (Mentors) មកពី​វិស័យ​ធុរកិច្ច និង​វិស័យ​ដែល​ពាក់ព័ន្ធ។

Build Prototyping ៖ បេក្ខភាព​ត្រូវធ្វើ​ការផលិត​ជា​ផលិតផល​គំរូ​ប៉ាន់​Prototypeនៃ​គម្រោង​របស់​ពួកគាត់ ដែល​អាច​តេស្ត​បាន​ជាក់ស្តែង។ ក្នុង​ដំណើរ​ការផលិត Prototype បេក្ខភាព​នឹង​ទទួលបាន​ការផ្តល់​សម្ភា​រ បច្ចេកទេស ឧបករណ៍​តេស្ត អ្នក​ប្រឹក្សា​ផ្នែក​បច្ចេកទេស និង​ថវិកា​មួយចំនួន​ដែល​ចាំបាច់​ក្នុង​ការផលិត​ជា​ផលិតផល​គំរូ​ប៉ាន់​Prototype សម្រាប់​គំនិត​គម្រោង​របស់​ពួកគាត់។

Business Model ៖ បេក្ខភាព​ត្រូវ​សិក្សា​អំពី​ម៉ូ​ដែល​ជំនួញ និង​ទីផ្សារ​គម្រោង ឬ​ផលិតផល​របស់​ពួកគាត់។

Pitch and Showcase ៖ រាល់​ក្រុម​របស់​បេក្ខភាព​ចូលរួម​តម្រូវឱ្យ​បង្កើត​វីដេអូ​ខ្លី 90វិនាទី​ឡើង ការពារ​ពី​ដំណោះស្រាយ និង​ដាក់​បង្ហាញ​សមិទ្ធផល​របស់​ពួកគាត់​នៅ​ចំពោះមុខ​ចៅក្រម​ដែល​មកពី​វិស័យ​ស្ថាប័នរដ្ឋ ក្រុមហ៊ុន​ឯកជន និង​សង្គម​ស៊ីវិល​នានា នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​វគ្គ​ផ្តាច់ព្រ័ត្រ។

  1. ក្រោយពេល​ទទួលបាន​ជោគជ័យ​ពី​កម្មវិធី​នេះ តើ​បេក្ខជន​នឹង​ទទួលបាន​អ្វីខ្លះ?

បេក្ខភាព​ដែល​ទទួលបាន​ចំណាត់ថ្នាក់​ល្អ​ទាំង 6ក្រុម នឹង​ទទួលបាន​កន្លែង និង​ការជួយ​គាំទ្រផ្សេងៗ សម្រាប់ធ្វើ​ការបន្ត​គម្រោង​របស់​ពួកគាត់​ឱ្យចេញ​ជា​អាជីវកម្ម​ពិតប្រាកដ ដោយ​ស្វ័យប្រវត្តិ​មិន​គិតថ្លៃ ក្នុង​រយៈពេល​មួយឆ្នាំ​នៅ​សាលា​តិច​ណូ។ ថែមទាំង​មានឱកាស​ជួប​ជាមួយ​ក្រុមបច្ចេកទេស អ្នកជំនួញ និង​ក្រុម​អ្នកវិនិយោគ ដែល​អាច​ទទួល​បានកា​រ​វិនិយោគ​ដើម្បី​ចាប់ផ្តើម​អាជីវកម្ម​នៅ​ថ្ងៃ​ខាងមុខ។

សម្រាប់​បេក្ខភាព​ដែល​ទទួលបាន​ជយលាភី​ចំនួន 3ក្រុម នឹងត្រូវ​ទទួល​រង្វាន់​ជា​ទឹកប្រាក់​ដែល​ជយលាភី​លេខ1 នឹង​ទទួលបាន 1,000 ដុល្លារ រីឯ​ជយលាភី​លេខ2ទទួលបាន 750 ដុល្លារ ហើយ​ជយលាភី​លេខ3ទទួលបាន 500 ដុល្លារ និង​រង្វាន់ផ្សេងៗជាច្រើន​ទៀត ក្រោម​ការចូលរួម​គាំទ្រ​ពី​ក្រុមហ៊ុន EZECOM ក្រុមហ៊ុន​ទូរគមនាគមន៍​កម្ពុជា និង​បណ្តា​ដៃគូផ្សេងៗទៀត។

  1. ហើយ​នឹងមាន​គម្រោង ឬ​ចក្ខុវិស័យ​អ្វី​បន្តទៀត​ដែរឬទេ?

យើង​មាន​គម្រោង និង​ចក្ខុវិស័យ​ក្នុងការ​ចែករំលែក និង​ជួយ​គាំទ្រ​ដល់​សាកលវិទ្យាល័យ​នានា នៅក្នុង​ប្រទេស​កម្ពុជា និង​នៅ​បណ្តា​ប្រទេស​ក្នុង​តំបន់​មេគង្គ​ក្នុង​ការរៀបចំ​កម្មវិធី​ប្រកួត​នេះ ហើយ​និង​ពង្រីក​សហប្រតិបត្តិការ​ជាមួយ​ស្ថាប័នរដ្ឋ ក្រុមហ៊ុន​ឯកជន និង​សង្គម​ស៊ីវិល​ឱ្យ​កាន់តែ​ទូលំទូលាយ ដើម្បី​ជំរុញ ភាពជា​សហគ្រិន​ដល់​និស្សិត​ជាពិសេស និស្សិត​វិស្វកម្ម​តែម្តង៕

Advertisement