ក្រសួងអប់រំ និងក្រសួងប្រៃសណីយ៍ ដាក់ឱ្យដំណើរការ App អប់រំពីចម្ងាយ

ក្រសួង​អប់រំ យុវជន និង​កីឡា សហការ​ជាមួយ​ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍ បានប្រកាស​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ នូវ​កម្មវិធី​ទូរស័ព្ទដៃ App សម្រាប់​ការសិក្សា​ពី​ចម្ងាយ ដល់​សិ​ស្សា​នុស្ស​ទូទាំងប្រទេស​បាន​សិក្សា។

លក្ខណៈពិសេស​នៃ​មុខងារ​របស់ App នេះ គឺ​វា​មាន​មាតិកា​ឌីជីថល​ដែលមាន​ភាពងាយស្រួល​បំផុត ក្នុង​ទម្រង់​ជា​វីដេអូ​បង្រៀន ដែល​រៀបចំ​តាម​ថ្នាក់​ពី​ថ្នាក់​ទី9 ដល់​ថ្នាក់​ទី12 និង​មុខវិជ្ជាផ្សេងៗ ដោយ​សិស្សានុសិស្ស​គ្រាន់តែ​បំពេញ​ព័ត៌មាន​នូវ​ឈ្មោះ​ខេត្ត សាលារៀន និង​កម្រិត​ថ្នាក់រៀន។ បន្ថែម​ពីលើ​នេះ App ខាងលើ​ក៏​ផ្តល់​លទ្ធភាព​ដល់​សិស្សានុសិស្ស និង​អ្នកប្រើប្រាស់ អាច​ចម្លង ឬ Download វីដេអូ​នៃ​ការបង្រៀន​នេះ​មក​រក្សាទុក​ក្នុង​ទូរស័ព្ទ​របស់ខ្លួន ដោយ​ល្បឿន​លឿន​ចេញពី​មជ្ឈមណ្ឌល​ទិន្នន័យ​ក្នុងប្រទេស ហើយ​អាច​បើក​មើល​បាន​នៅ​គ្រប់ពេលវេលា។ លើសពីនេះទៅទៀត​ក្នុង​កម្មវិធី​នេះ​ក៏មាន​ការចូល​រួមសហកា​រ​ពី​ប្រតិបត្តិ​ករ​ទូរ​សព្ទ​ដៃ និង​ក្រុមហ៊ុន​ផ្តល់​សេវា Internet ដែល​ផ្តល់ជូន​សិស្សានុសិស្ស​ក្នុងការ​លើកលែង​ថ្លៃ​សេវា ឬ​កញ្ចប់​ពិសេស​ណាមួយ​សម្រាប់​ការប្រើប្រាស់​កម្មវិធី​ទូរស័ព្ទដៃ។

ការរៀបចំ​កម្មវិធី​នេះ​ឡើង គឺ​ក្នុង​គោលបំណង​ប្រែក្លាយ​វិបត្តិ​នៃ​ជំងឺ Covid-19 ឱ្យ​ក្លាយជា​ឱកាស​ក្នុងការ​បង្កើត​ការអប់រំ​តាមបែប​ឌីជីថល ដើម្បី​រក្សា​គុណភាព សមធម៌ បរិ​យា​ប័ន្ន និង​ការអប់រំ​ពេញ​មួយជីវិត​ដល់​សិស្សានុសិស្ស៕

Advertisement