ខែ​ការ​ច្រើន តើ​ត្រូវ​ចាយវាយ​បែបណា​ដើម្បី​កុំឱ្យ​ដាច់​ខែ​ដាច់ខ្យល់?

រដូវ​កាល​សំបុត្រ​អញ្ជើញ​អាពាហ៍ពិពាហ៍​សម្រុកចូល​មកដល់​ផ្ទះ និង​ការិយាល័យ​បានមក​ដល់​ហើយ ទាំង​អ្នកធ្វើការ អ្នករកស៊ី និង​រួមទាំង​សិស្ស-និស្សិត​ផង​នោះ សុទ្ធតែ​ត្រូវ​ត្រៀម​វិធី​ការពារ​ខ្លួន​ដើម្បី​កុំឱ្យ​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ដែល​បណ្តាលមកពី​ការចែករំលែក​ចំណូល​ប្រចាំថ្ងៃ​ដើម្បី​ចូលរួម​ពី​ធី​មង្គលការ​ទាំងនោះ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក លី សុភា​រិ​ទ្ធ បុគ្គលិក​ជាន់ខ្ពស់​ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ​បាន​លើកឡើងថា ជាការ​ពិតណាស់​សម្រាប់​អ្នកធ្វើការ ឬ​អ្នករកស៊ី​ក៏ដោយ មិនអាច​គេចផុត​ពី​ការ​មាន​ទំនាក់ទំនង​បានទេ ហើយ​ពិធីមង្គលការ​ជា​ពិធី​មួយ​ដែល​ត្រូវតែ​ចូលរួម ព្រោះ​ដើម្បី​បង្ហាញ​ពី​ការ​រាប់អាន និង​ការផ្តល់​កិត្តិយស​ដល់​ក្រុមគ្រួសារ​សាច់ញាតិ ឬ​មិត្ត​ភ័ក្តិ​ដែលជា​ម្ចាស់​ដើមការ។ អ្នក​ដែល​មមាញឹក​ក្នុងការ​ចូលរួម​ពិធីមង្គលការ ភាគច្រើន​ជាម​នុស្ស​ដែលមាន​ទំនាក់ទំនង​ល្អ ហើយ​វា​ក៏​ជាស​ញ្ញាណ​ល្អ​មួយ​ដែរ តែ​អ្នក​ទាំងនោះ​ក៏​អាច​ប្រឈម​នឹង​បញ្ហាសំខាន់​មួយ​ដែរ នោះ​គឺ​វិបត្តិ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន។

លោក លី សុភា​រិ​ទ្ធ បាន​និយាយថា៖ «នៅ​ខែ​ដែលមាន​កម្មវិធី​ការ​ច្រើន អ្នកណា​ក៏ដូចជា​អ្នកណា​ដែរ​តែងតែ​ជួបនឹង​បញ្ហា​រឿង​លុយកាក់​ខ្លះ​មិន​ខាន តែ​ក៏​មិនមែន​មានន័យថា វា​ធ្វើឱ្យ​យើង​លំបាក​ខ្លាំង ហើយ​គ្មាន​វិធី​ដោះស្រាយ​នោះដែរ»។

លោក សុភា​រិ​ទ្ធ បាន​លើកឡើងថា ជា​បទពិសោធ​របស់លោក​នៅ​ខែ​ដែល​ត្រូវ​ចំណាយ​ច្រើន​លើ​ការចូលរួម​ពិធីមង្គលការ លោក​តែងតែ​កាត់បន្ថយ​ការចំណាយ​ទាំងឡាយណា​ដែល​មិនសូវ​ចាំបាច់។ ជាធម្មតា​អ្នកធ្វើការ​តែងតែ​ឧស្សាហ៍​ជួបជុំគ្នា​យ៉ាងហោចណាស់​មួយខែ​ម្តង ហេតុនេះ​នៅ​ខែ​ណា​ដែលមាន​ពិធីការ​ច្រើន យើង​អាច​បង្វែរ​ការជួបជុំ​ក្រៅផ្លូវការ​ដែល​ត្រូវ​ចំណាយលុយ​ច្រើន​នោះ ទៅ​ជួបជុំគ្នា​នៅក្នុង​ពី​ធី​មង្គលការ​វិញ​ម្ដង។ លោក​ភា​រិ​ទ្ធ បាន​បន្ថែមទៀតថា ក្រៅពីនេះ យើង​ក៏​អាច​កាត់បន្ថយ​ការចំណាយ​តាមរយៈ​ការកែច្នៃ​ដំណើរ​កម្សាន្ត​នានា​តាម​វិធី​ឆ្លាត​វៃ​មួយចំនួន ដូចជា​ការដើរ​លេង​ដោយ​ខ្ចប់​អាហារ​ទៅតាម នៅ​រមណីយដ្ឋានជិតៗជំនួស​ឱ្យ​ការ​ដើរលេងឆ្ងាយៗ ឬ​បង្កើត​កម្មវិធី​ជួបជុំ​គ្រួសារ​បែបសប្បាយៗតែ​ចំណាយលុយ​តិច និង​បង្កើត​ភាពកក់ក្តៅ ជំនួស​ឱ្យ​ការទិញ​សម្ភារថ្លៃៗ ឬ​ដើរ​ហាងទំនើប។

ស្រដៀង​គ្នា​នេះដែរ លោក ហម សុ​ភី ដែលជា​ម្ចាស់​អាជីវ​ម្ម​ខ្នាតតូច​មួយ​បាន​លើកឡើងថា សម្រាប់​លោក​ជា​អ្នករកស៊ី លោក​ត្រូវបំពេញ​កាតព្វកិច្ច​ជា​ចាំបាច់​ក្នុងការ​ចូលរួម​ពី​ធី​មង្គលការ​របស់​អតិថិជន ឬ​ដៃគូ​អាជីវកម្ម។ ពេលខ្លះ​ការចូលរួម​ពី​ធី​ការ អាច​ប៉ះពាល់​ដល់​ចំណូល​ច្រើន​ផងដែរ​ប្រសិនបើ​យើង​មិនបាន​ប្រយ័ត្ន ហេតុនេះ​វិធីសាស្ត្រ​ដើម្បី​ដោះស្រាយ​គឺ ធ្វើយ៉ាងណា​កាត់បន្ថយ​ការជួបជុំ​នានា​ក្រៅផ្លូវការ និង​កាត់បន្ថយ​ការទិញ​សម្ភារថ្មីៗដែល​មិនចាំបាច់​មួយចំនួន។ លោក​ថា ជាធម្មតា​ទេ ការរស់នៅ​ក្នុងសម័យ​នេះ​គឺ​ត្រូវការ​សម្ភារ​និយម​ខ្លះ និង​ពេលដែល​ចូលរួម​ពិធី​នានា​នេះហើយ​ជា​ឱកាស​ដែល​យើង​ត្រូវ​បង្ហាញ​របស់​ទាំងអស់នោះ តែ​ពេលខ្លះ​បើ​គិត​បក​មកវិញ បើ​យើង​កាត់បន្ថយ​ការទិញ​ទូរស័ព្ទទំនើបៗដែល​មិនសូវ​ចាំបាច់ ឬ​ការផ្លាស់ប្តូរ​របស់​ដែល​អាច​ប្រើ​បាន​មួយចំនួន​អាចធ្វើឱ្យ​យើង​សល់​លុយ​ច្រើន ហើយ​មិនសូវមាន​បញ្ហា​លុយកាក់​នោះទេ៕

Advertisement