ប្រជាជន​កម្ពុជា​គួរ​អភិវឌ្ឍ​ខ្លួន​ឱ្យ​ក្លាយជា​ប្រជាជន​សកល

ការអភិវឌ្ឍ​ធនធានមនុស្ស​ជា​ផ្នែក​យ៉ាងសំខាន់​មិនអាច​ខ្វះ​បាន​សម្រាប់​ប្រទេស​ទាំងអស់​នៅលើ​ពិភពលោក ព្រោះ​មូលធន​មនុស្ស​ជា​ធនធាន​ដែល​មិនចេះ​រីងស្ងួត​សម្រាប់​សង្គម ដែល​អាច​ជំរុញ​ឱ្យ​សង្គម​មានការ​អភិវឌ្ឍ​កាន់តែខ្លាំង និង​អាច​ឈានដល់​ការប្រកួតប្រជែង​ជា​អន្តរជាតិ​ថែមទៀត​ផង។

កត្តា​ជំរុញ​ដែល​ធ្វើឱ្យ​ធនធានមនុស្ស​ក្នុង​ប្រទេសមួយ​ខ្លាំង គឺ​កើតចេញពី​ទាំង​ស្ថាប័នរដ្ឋ និង​ឯកជន រួមទាំង​ប្រជាពលរដ្ឋម្នាក់ៗដែលមាន​ឆន្ទៈ​ក្នុងការ​អភិវឌ្ឍ​ខ្លួនឯង​ឱ្យ​ក្លាយជា​មនុស្ស​ខ្លាំង​សម្រាប់​ចូលរួម​អភិវឌ្ឍ​ស្ថាប័ន​ដែល​ខ្លួន​កំពុងធ្វើការ និង​សង្គមជាតិ​ទាំងមូល។

លោក ស៊ា​ង សុ​បញ្ញា នាយក​វិទ្យាស្ថាន​កម្ពុជា-អាស៊ាន បាន​លើកឡើងថា ប្រជាជន​នៅ​កម្ពុជា ជាពិសេស​យុវជន​ដែល​កំពុង​សិក្សា​នៅតាម​សាកលវិទ្យាល័យ គួរតែ​ខិតខំ​អភិវឌ្ឍ​ខ្លួន​ឱ្យ​ក្លាយជា​ប្រជាជន​ដែលមាន​សមត្ថភាព​កម្រិត​អន្តរជាតិ (Global Citizen)។ បុគ្គល​ដែលមាន​សមត្ថភាព​ខ្លាំង​ជា​សកល​បែបនេះ គឺជា​បុគ្គល​ដែល​អាចធ្វើ​ការងារ​បាន​នៅ​គ្រប់​ប្រទេស​ទាំងអស់​លើ​ពិភពលោក ឬ​មានចំណេះ​ជំនាញ​គ្រប់គ្រាន់​ក្នុងការ​ដណ្តើម​ទីផ្សារការងារសំខាន់ៗនៅ​បរទេស។

លោក ស៊ា​ង សុ​បញ្ញា បាន​និយាយថា៖ «ដើម្បី​ក្លាយខ្លួនជា​បុគ្គល​ដែលមាន​ការងារ​ធ្វើ និង​កម្រិត​សមត្ថ​ភាពជា​អន្តរជាតិ ពួកគេ​គួរតែមាន​ជំនាញធំៗ 2 ជា​គោល  គឺ​ជំនាញ​ភាសា​ឱ្យ​ច្បាស់ និង​ជំនាញ​បច្ចេកទេស​ឱ្យ​ច្បាស់។ ភាពច្បាស់​នៃ​ជំនាញ​ភាសា​នេះ គឺ​មិនមែន​គ្រាន់តែ​អាន​បាន ឬ​និយាយ​ស្តាប់​គ្នា​បាន​បែប​ធម្មតា នោះទេ គឺ​ចាំបាច់​ត្រូវ​ចេះ​ច្បាស់លាស់​អាច​បកប្រែ បរិយាយ អធិប្បាយ ឬ​សរសេរ​លិខិត​ជា​ផ្លូវការ​បាន​ដោយ​រលូន»។

ស្ថាបនិក​គ្រឹះស្ថាន​អប់រំ​ខាងលើ​បានលើកឡើង​ផងដែរ​ថា នៅពេលដែល​យើង​អាច​យល់ច្បាស់​ពី​ភាសា​ហើយ យើង​នឹងមាន​ទុន​មួយ​សម្រាប់​ការស្រាវជ្រាវ​ជាស​កល ដើម្បី​ឈានទៅដល់​ភាពជា​អ្នកជំនាញ​ដែលមាន​គុណភាព​ក្នុង​ការគិត និង​អនុវត្ត​ខ្ពស់។ ចំពោះ​ជំនាញ​បច្ចេកទេស​វិញ ក៏​ជា​ជំនាញ​ចាំបាច់​មួយ​ផងដែរ ព្រោះ​នាពេល​បច្ចុប្បន្ននេះ អាស៊ាន​បាន​បើកចំហ​នូវ​អាជីព​មួយចំនួន​ដើម្បីឱ្យ​ប្រជាជន​នៅក្នុង​ប្រទេស​ដែលជា​សមាជិក​ទាំងអស់ មានឱកាស​ស្វែងរក​ការងារ​ធ្វើ​នៅក្នុង​ប្រទេស​ទាំង 10នេះ។ ប្រសិនបើ​យើង​មាន​ជំនាញ​ច្បាស់លាស់ ហើយ​ចេះ​ប្រើ​ភាសា​ច្បាស់លាស់ យើង​នឹង​អាច​ឈោង​ចាប់​ទីផ្សារការងារ​នៅ​បរទេស បាន និង​មិនមែន​ប្រកួតប្រជែង​តែ​នៅក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ។

លោក គឹម អឿន នាយក​វិទ្យាស្ថាន​សិក្សា​ដើម្បី​ជោគជ័យ​បាន​លើកឡើងថា មេដឹកនាំ​ដែល​ល្អ​គឺជា​មេដឹកនាំ​ដែល​ចេះ​នាំ​ប្រជាជន​ឱ្យក្លាយ​ជា​ប្រជាជន​សកល ហើយ​ប្រជាជន​ខ្លួនឯង​ក៏ត្រូវ​តែមាន​ឆន្ទៈ​ក្នុងការ​អភិវឌ្ឍ​ខ្លួន​ដោយ​ផ្តោត​សំខាន់​លើ​ទិដ្ឋភាពសំខាន់ៗចំនួន3 គឺ មនុស្ស បរិស្ថាន និង​ចំណូល។ ការលើកឡើង​ពី​កត្តា​មនុស្ស​នេះ​គឺ​ចង់​សំដៅលើ​ការគោរព និង​ការឱ្យ​តម្លៃ​មនុស្ស​គ្រប់រូប​លើ​ពិភពលោក ដោយ​ការ​ផ្តល់ឱកាស ចែករំលែក និង​ជួយ​គ្នា​ទៅវិញទៅមក​ប្រកបដោយ​ភាពស្មោះត្រង់។

ចំណុច​សំខាន់​មួយ​ផ្សេងទៀត​គឺ ធម្មជាតិ ឬ​បរិស្ថាន មានន័យថា មនុស្ស​ត្រូវ​គិតគូរ​ឱ្យបាន​ល្អិតល្អន់​ពី​សកម្មភាព​របស់ខ្លួន​ប្រចាំថ្ងៃ​ចំពោះ​ពិភពលោក និង​មិន​ចូលរួម​ការបំផ្លាញ​ពិភពលោក​ដោយ​ប្រយោល។

លោក គឹម អឿន បាន​និយាយថា៖ «ការដែល​ប្រជាជន​គិតគូរ​ពី​ពិភពលោក គឺអាច​ធ្វើឱ្យ​យើង​រស់នៅក្នុង​ភាព​សុខដុម​ទាំងអស់គ្នា ហើយ​នៅពេលដែល​មនុស្ស​ធ្វើ​អ្វីមួយ​ដោយមាន​ភាព​ហ្មត់ចត់ ហើយ​ចូលរួម​ថែរក្សា​ពិភពលោក​តាមរយៈ​ការ​សន្សំសំចៃ​ថាមពល​អគ្គិសនី ការគ្រប់គ្រង​សំរាម​បានល្អ និង​ការដាំ​ដើមឈើ​ជាដើម អាចធ្វើឱ្យ​យើង​រស់នៅក្នុង​ភាព​ស្ងប់​សុខ»។

លោក គឹម អឿន បានបញ្ជាក់​ផងដែរ​ថា រឿង​ចំណូល​ជា​រឿង​ចុងក្រោយ​បំផុត​បន្ទាប់ពី​រឿង​គោរព​គ្នា និង​បរិស្ថាន តែ​ទោះជា​យ៉ាងណា​ក៏​មនុស្ស​ត្រូវការ​ការរក​ចំណូល​ដែល​ត្រឹមត្រូវ និង​គោរព​បាន​នូវ​គោលការណ៍​ស្មោះត្រង់​ដែល​មិន​ប៉ះពាល់​អ្នកដទៃ ហើយ​រស់នៅ​ជាមួយគ្នា​ប្រកបដោយ​ភាពថ្លៃថ្នូរ​ជាស​កល៕

Advertisement