ប្រទេស​កំពុងអភិវឌ្ឍន៍៖ សិស្ស​រៀនចំណេះ​ទូទៅ​យូរ​ធ្វើឱ្យ​ការរៀន​ជំនាញ​មាន​ពេល​ខ្លី

ការអប់រំ ជា​ធាតុ​គន្លឹះ​យ៉ាងសំខាន់​មួយ​ក្នុងការ​អភិវឌ្ឍ​ប្រទេស ព្រោះថា ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ជា​កត្តា​ជំរុញ​ឱ្យកម្លាំង​ពលកម្ម​មាន​ភាព​សកម្ម​លើ​គ្រប់​វិស័យ​ក្នុងសង្គម ទាំង​ផលិតកម្ម សេវាកម្ម និង​ការគ្រប់គ្រង​រដ្ឋបាល​ជាដើម។

ពាក់ព័ន្ធ​នឹង​ការអប់រំ​នេះ លោក​បណ្ឌិត តាន់ មុនី​វណ្ណ អគ្គនាយករង​ក្រុមហ៊ុន ម៉ុង ឬ​ទ្ធី​គ្រុប បានលើកឡើង​នៅក្នុង​ទិវា​ភាពជា​អ្នកដឹកនាំ​ឆ្នាំ 2017 ថា ការបណ្តុះបណ្តាល​នៅ​ប្រទេស​កំពុងអភិវឌ្ឍន៍​មួយចំនួន​បាន​ចំណាយ​ពេលវេលា​ច្រើនពេក​លើ​ការបណ្តុះបណ្តាល​ចំណេះដឹង​ទូទៅ តែ​មិនសូវ​ផ្តោត​សំខាន់​ខ្លាំង​លើ​ការសិក្សា​ជំនាញ។ លោក​បាន​បញ្ជាក់ថា វិធីសាស្ត្រ​នៃ​ការបណ្តុះបណ្តាល​នេះ គឺ​ខុសពី​ប្រទេស​អភិវឌ្ឍន៍​ហើយ ព្រោះថា នៅ​ប្រទេស​អភិវឌ្ឍន៍​ហើយធំៗមួយចំនួន គឺ​សិក្សា​ចំណេះដឹង​ទូទៅ​ត្រឹម​មធ្យមសិក្សា​បឋមភូមិ​តែប៉ុណ្ណោះ បន្ទាប់មក​គឺ​គេ​ផ្តោត​ខ្លាំង​លើ​ការបណ្តុះបណ្តាល​ជំនាញ ឬ​តម្រង់​ឆ្ពោះទៅរក​ជំនាញ​ណាមួយ​តែម្តង។

លោក​បណ្ឌិត តាន់ មុនី​វណ្ណ បាន​និយាយថា៖ «ប្រទេស​កំពុងអភិវឌ្ឍន៍​ជាច្រើន​រៀនចំណេះ​ដឹង​ទូទៅ​ដល់​ទៅ 12ឆ្នាំ ដែល​ពេលវេលា​យូរ​នេះ អាចធ្វើឱ្យ​សិស្ស​មិនមាន​ពេល​ច្រើន​ដើម្បី​ហ្វឹកហាត់​ផ្នែក​ជំនាញ»។

សហគ្រិន​ខាងលើ​បាន​ថ្លែង​ផងដែរ​ថា ចំណុច​សំខាន់​មួយ​ផ្សេងទៀត​ដែល​ប្រទេស​កំពុងអភិវឌ្ឍន៍​មួយចំនួន​កំពុង​ជួបប្រទះ​គឺ ពួកគេ​ខ្វះ​ការស្រាវជ្រាវ ព្រោះថា នៅក្នុង​ប្រទេសនីមួយៗ អាចមាន​សាកលវិទ្យាល័យ​ច្រើន តែ​មិនសូវមាន​សកម្មភាព​ខ្លាំង​លើ​ការស្រាវជ្រាវ​នោះទេ ដែលជា​ហេតុ​ធ្វើឱ្យមាន​ការពិបាក​ក្នុងការ​អភិវឌ្ឍ។ តែ​ទោះជា​យ៉ាងនេះ​ក្តី ជា​ដំណោះស្រាយ លោក​បណ្ឌិត បានស្នើ​សុំឱ្យ​មានការ​បណ្តុះ​បណ្តាល​ជំនាញ​ឱ្យបាន​ខ្លាំង​ដល់​សិស្ស ហើយ​ធ្វើយ៉ាងណា​រៀបចំ​ថវិកា​សម្រាប់​ស្រាវជ្រាវ​ឱ្យបាន​ច្រើន​ដើម្បី​បណ្តុះបណ្តាល​ធនធានមនុស្ស​ឱ្យមាន​សក្តានុពល​ខ្លាំង៕

Advertisement