វិធីសាស្ត្រ​ពង្រឹង​ភាពជា​អ្នកដឹកនាំ​សម្រាប់​និស្សិត

នៅពេល​ដើរចូល​សាកលវិទ្យាល័យ ជីវិត​និស្សិត​ចាប់ផ្តើម​ផ្លាស់ប្តូរ​ខ្លួន​ពី​អ្នករៀន​ដើម្បី​ប្រឡង​ជាប់​ទៅជា​អ្នក​ដែល​រៀន​ដើម្បី​អាជីព​ការងារ។ ដើម្បី​ទទួលបាន​ការងារ​ល្អ ឬ​ដើម្បី​ដឹកនាំ​អាជីវកម្ម​ក៏ដោយ ភាពជា​អ្នកដឹកនាំ​គឺជា​រឿង​សំខាន់បំផុត​មួយ​ដែល​ត្រូវតែមាន ហើយ​ភាពជា​អ្នកដឹកនាំ​ទាំងអស់នោះ​ចាំបាច់​ត្រូវតែ​បណ្តុះ​ឱ្យបាន​នៅក្នុង​ពេលដែល​កំពុង​សិក្សា។

ដើម្បី​ដោះស្រាយ​បញ្ហា​និស្សិត​មួយចំនួន​ដែល​កំពុង​ចង់​ស្វែងរក​ភាពជា​អ្នកដឹកនាំ ឬ​បង្កើន​ភាពក្លាហាន​ក្នុងការ​ដឹកនាំ​គម្រោង​នានា គេហទំព័រ ឡា​រ៉ែ​ន សូម​ធ្វើការ​បង្ហាញជូន​នូវ​ចំណុចសំខាន់ៗមួយចំនួន​ដូចខាងក្រោម។

1. ចាប់ផ្តើម​ធ្វើការ​ងារ​ស្ម័គ្រចិត្ត

ការធ្វើការងារ​ស្ម័គ្រ​ចិត្តជា​រឿង​សំខាន់​មួយ​ដែល​អាចជួយ​ឱ្យ​និស្សិត​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​រៀន​ពី​ភាពជា​អ្នកដឹកនាំ ព្រោះ​ការងារ​ទាំងអស់នេះ​ត្រូវ​ធ្វើជា​ក្រុម​ដែល​ចាំបាច់​ត្រូវតែមាន​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ។ ម្យ៉ាងវិញទៀត ការធ្វើការ​ស្ម័គ្រ​ចិត្តជា​មួយ​នឹង​ក្រុមការងារ​ណាមួយ​អាចធ្វើឱ្យ​និស្សិត​ស្វែងយល់​ពី​ការរៀបចំ​គម្រោងសំខាន់ៗនានា​ដែល​អាច​ជំ​រុញឱ្យ​និស្សិត​ទាំងអស់​មានគំនិត​ច្រើន​ក្នុងការ​បង្កើត​គម្រោងថ្មីៗក្រោយពេល​បញ្ចប់​ការសិក្សា ឬ​អាចមាន​គំនិត​បង្កើត​ក​ម្ម​វិធី​ថ្មី​ជាមួយនឹង​ក្រុម​នៅក្នុង​សាកលវិទ្យាល័យ​ជាមួយគ្នា។

2. ចំណាយពេល​ស្វែងរក​កង្វះខាត​របស់​ម​នុស្ស

អ្នកដឹកនាំ​ជាច្រើន ជា​អ្នក​ដែល​អាចបង្កើត​កម្ម​វី​ធី ឬ​អ្នក​ដែល​អាច​ស្វែងរក​វិធី​ដើម្បី​ដោះស្រាយ​បញ្ហា​របស់​មនុស្ស។ ប្រសិនបើ​ពួកគេ​ជា​អ្នកដឹកនាំ​ក្រុមនិស្សិត ពួកគេ​ត្រូវតែ​ជា​អ្នក​យល់ដឹង​ច្បាស់​ពី​ការងារ​របស់​និស្សិត ប្រសិនបើ​ពួកគេ​ជា​អ្នកដឹកនាំ​ស្ថាប័ន​ណាមួយ​ពួកគេ​ត្រូវតែ​យល់ច្បាស់​ពី​បញ្ហា​នៃ​ការរស់នៅ​របស់​មនុស្ស បន្ទាប់មក​ពួកគេ​ក៏​អាចបង្កើត​ក្រុមការងារ​ដើម្បី​ដោះស្រាយ​បញ្ហា។ ការដោះស្រាយ​បញ្ហា​នេះហើយ ជា​គម្រោង​សំខាន់​ដែល​និស្សិត ឬ​មនុស្ស​គ្រប់គ្នា​ត្រូវបង្កើត​ដោយ​ប្រើ​ភាពជា​អ្នកដឹកនាំ។

3. ស្វែងរក​ពេល​ស្តាប់​បេះដូង​ខ្លួនឯង

នៅលើ​ផ្លូវ​ដើម្បី​ក្លាយជា​អ្នកដឹកនាំ​ម្នាក់ អ្នក​រាល់គ្នា​ជាពិសេស​និស្សិត​ដែល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​មិនសូវមាន​បទពិសោធ​ច្រើន​ក្នុងការ​ដឹកនាំ​នោះទេ។ ភាពភ័យខ្លាច ការខឹង​ក្រេវក្រោធ ការធ្វេសប្រហែស និង​ភាព​ទន់ជ្រាយ​ជាដើម គឺជា​ឧបសគ្គ​ចំពោះ​មនុស្ស​គ្រប់រូប​ដែល​ចង់​ដឹកនាំ​ក្រុម​ណាមួយ។

ការចំណាយ​ពេលវេលា​ដើម្បី​ស្តាប់​បេះដូង​ខ្លួនឯង​អាចធ្វើឱ្យ​យើងម្នាក់ៗរកឃើញ​នូវ​វិធី​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កើតមានឡើង ហើយ​ពង្រឹងសមត្ថភាព​ដើម្បី​ក្លាយជា​អ្នកដឹកនាំ​ល្អ​ម្នាក់៕

Advertisement