ធ្វើបែបណាដើម្បីជោគជ័យលើការធ្វើការងារជាក្រុម (Team Work)?

ការរស់នៅក្នុងសង្គម ទំនាក់ទំនងគឺជារឿងចាំបាច់បំផុតដែលមិនអាចខ្វះបាន ហើយជីវិតការងារក៏កាន់តែត្រូវការជាចាំបាច់ក្នុងការធ្វើការងារជាក្រុម។ ការធ្វើការងារជាក្រុមត្រូវការជាចាំបាច់នូវចិត្តសាស្ត្រក្នុងការសម្របខ្លួន ការដោះស្រាយបញ្ហា និងការជម្នះកត្តាប្រឈមជាច្រើនទៀតដើម្បីឱ្យគម្រោងនីមួយៗទទួលបានជោគជ័យ ព្រោះថា មនុស្សជាច្រើនដែលពូកែធ្វើការងារតែម្នាក់ឯង តែងតែបរាជ័យនៅពេលដែលធ្វើការងារជាក្រុម។

ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ ឡារ៉ែនបានធ្វើបទសម្ភាសជាមួយនឹងលោក គង់ វិចិត្រា ស្ថាបនិកនៃស្ថាប័នបណ្តុះបណ្តាល V-training and Consultant និង Asia Leading Academy ពីចំណុចលម្អិតនៃគន្លឹះទទួលបានជោគជ័យនៃការធ្វើការងារជាក្រុម។

1. តើការធ្វើការជាក្រុមខុសគ្នាយ៉ាងដូចម្តេចខ្លះជាមួយនឹងការធ្វើការងារតែម្នាក់ឯង?
ការធ្វើការងារជាក្រុមមានលក្ខណៈខុសគ្នាដាច់ពីការធ្វើការងារតែម្នាក់ឯង។ តាមទស្សនៈលោក Henry Ford បានលើកឡើងថា ភាពជោគជ័យសំខាន់របស់មនុស្សកើតចេញពីការចាប់ផ្តើមជួបគ្នា ធ្វើការជាមួយគ្នា និងរីកចម្រើនជាមួយគ្នា។ ចំណែកឯខ្មែរយើងក៏លើកឡើងផងដែរថា បើចង់ដើរបានលឿន យើងអាចដើរម្នាក់ឯងក៏បាន តែប្រសិនបើយើងចង់ដើរបានឆ្ងាយ យើងចាំបាច់ត្រូវតែដើរជាក្រុម។
ចំណុចទាំងអស់នេះបង្ហាញថា ការធ្វើការងារម្នាក់ឯងមានលក្ខណៈពិសេសមួយ គឺអាចធ្វើឱ្យយើងបានបញ្ចេញអស់នូវសក្តានុពលក្នុងខ្លួនដោយមិនបាច់ដោះស្រាយបញ្ហាជាមួយអ្នកដទៃ តែការធ្វើបែបនេះអាចធ្វើឱ្យយើងហត់នឿយខ្លាំង ឬអាចធ្វើឱ្យយើងងាយបាក់ស្បាតជាមួយនឹងស្ថានភាព ឬមានបញ្ហាពេលប្រឈមនឹងបញ្ហាធំ។ ចំពោះការធ្វើការងារជាក្រុមវិញ គឺមានសក្តានុពលខ្លាំងជាង ព្រោះថា យើងអាចមានជំនួយគ្រប់យ៉ាង នៅជុំវិញខ្លួនដើម្បីរួមគ្នាទប់ស្កាត់បញ្ហា តែទោះជាយ៉ាងនេះក្តី ការធ្វើការងារជាក្រុមក៏មានបញ្ហាប្រឈមផងដែរ ព្រោះមនុស្សម្នាក់ៗមានគំនិតខុសៗគ្នាដែលទាមទារឱ្យសមាជិកម្នាក់ៗ ជាពិសេសមេក្រុមត្រូវប៉ិនប្រសប់ក្នុងការសម្របសម្រួល។

2. ជាទូទៅ តើការធ្វើការងារជាក្រុម ប្រឈមជាមួយនឹងឧបសគ្គអ្វីខ្លះ? និងបញ្ហាទាំងអស់នោះត្រូវដោះស្រាយដូចម្តេច?
តាមពិតអ្វីក៏ដោយ ទោះម្នាក់ឯង ឬក្រុម ក៏មានបញ្ហាដូចគ្នា ប៉ុន្តែការងារជាក្រុមអាចល្អជាងដោយមានគំនិតច្រើនហើយអាចកាត់បន្ថយហានិភ័យដោយការទទួលខុសត្រូវរួមគ្នា មានន័យថា បើជាការរកស៊ីគឺ ចំណេញ និងខាតរួមគ្នា។ ប៉ុន្តែការចាប់ដៃគូ គឺជារឿងមួយដ៏សំខាន់បំផុត ដោយយើងត្រូវធ្វើអ្វីមួយ ឬប្រកបការរកស៊ីរយៈពេលវែង និងជោគជ័យ។ ចំពោះនៅតាមស្ថាប័ន អង្គការ ឬក្រុមហ៊ុន ព្រោះបុគ្គល ឬសមាជិកម្នាក់ៗសំខាន់ដូចគ្នា ទោះតួនាទីរបស់គាត់ជាអ្នកបោសសម្អាត សន្តិសុខ ឬតួនាទីអ្វីក៏ដោយ ធ្វើដូចនេះទើបស្ថាប័នមានការលូតលាស់ទៅមុខ ប៉ុន្តែវាអាស្រ័យលើសមាជិក ឬបុគ្គលម្នាក់ហ្នឹងដែរ។

បើមានបញ្ហាកើតឡើង យើងអាចជជែកគ្នា និងបានសំឡេងគំនិតច្រើន ជាពិសេសបើនិយាយពីស្ថាប័ន និងក្រុមហ៊ុនមានតួនាទី និងភារកិច្ចផ្សេងៗហើយយើងអាចបែងចែកដំណោះស្រាយទៅតាមផ្នែក និងការទទួលខុសត្រូវរៀងៗខ្លួន និងឱកាសរកជម្រើសណាដែលសមស្រប អាចជាជម្រើសល្អបំផុតដែលកើតចេញពីសំឡេងភាគច្រើន និងគំនិតច្រើនហ្នឹងឯង។

3. តើមានវិធីសាស្ត្រអ្វីខ្លះដើម្បីបំផុសកម្លាំងចិត្តដល់ក្រុមការងារឱ្យមានកម្លាំងចិត្តខ្ពស់ និងទទួលបានផលច្រើន?
ជាវិធីសាស្ត្រ មុនពេលបំផុសកម្លាំងចិត្តដល់ក្រុមការងារ គេត្រូវបំផុសកម្លាំងចិត្តសមាជិកម្នាក់ៗសិន ជាពិសេស បុគ្គលម្នាក់ៗត្រូវមើលឃើញនូវភាពខ្លាំង ភាពខ្សោយ និងសក្តានុពល ជារួមត្រូវដឹងពីគោលបំណងរបស់សមាជិករបស់ខ្លូនម្នាក់ៗថា តើគាត់មកទីនេះដើម្បីអ្វី ចង់បានអ្វី និងហេតុអ្វីបានជាគាត់ចង់បានអ្វីមួយនោះ បន្ទាប់មក យើងកំណត់គោលបំណងឬ គោលដៅរួម ហើយធ្វើការដោយប្រើបេះដូង មិនមែនប្រើតែខួរក្បាលមួយមុខនោះទេ។

4. ករណីដែលសមាជិកម្នាក់ៗគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន តើមេដឹកនាំត្រូវធ្វើបែបណាខ្លះដើម្បីបង្រួបបង្រួមស្មារតីរួម?
ដើម្បីបង្រួបបង្រួមស្មារតីក្រុមឱ្យខ្លាំង អ្នកដឹកនាំ និងសមាជិកម្នាក់ៗ ត្រូវកំណត់ឱ្យមានលក្ខខណ្ឌ ឬគោលការណ៍របស់ក្រុម ដើម្បីឱ្យសមាជិកទាំងអស់អនុវត្តតាម។ ករណីមានការខុសឆ្គង មេដឹកនាំត្រូវធ្វើការណែនាំ និងអប់រំ ដោយឈរលើភាពស្មើគ្នា ផលប្រយោជន៍ក្នុងក្រុម និងភាពជាគំរូល្អរបស់មេដឹកនាំ។ មេដឹកនាំដែលល្អ ត្រូវផ្តល់ឱកាសឱ្យសមាជិក ឬបុគ្គលិកសិក្សារៀនសូត្របន្ត និងបណ្តុះនូវគំនិតវិជ្ជមាន ភាពជោគជ័យ ឬជួលអ្នកបណ្តុះបណ្តាល និងអ្នកបង្វឹកសម្រាប់បន្តបណ្តុះបណ្តាល និងបង្វឹក។ ដោយឡែក ក្រុមហ៊ុនធំៗ គេជួលគ្រូបណ្តុះបណ្តាល និងគ្រូបង្វឹកដើម្បីធ្វើការផ្តល់ក្នុងរឿងនេះ ហើយគេសង្កេតឃើញថា ក្រុមហ៊ុននោះមានការរីកចម្រើន និងលូតលាស់។ មេដឹកនាំល្អ ត្រូវផ្តល់តម្លៃដល់បុគ្គលិក និងសមាជិកក្នុងក្រុមការងារ។ ធ្វើដូចនេះ បុគ្គលិកដែលតែងតែបង្កបញ្ហា និងគិតពីប្រយោជន៍ផ្ទាល់ខ្លួន នឹងកែប្រែ ហើយបង្វែរមកគិតពីផលប្រយោជន័រួមវិញជាក់ជាមិនខាន។

5. ពេលសមាជិកខុស មេដឹកនាំក្រុមអាចងាយក្នុងការសម្របសម្រួល តើពេលដែលមេដឹកនាំខុសវិញ តើសមាជិកម្នាក់ៗគួរធ្វើបែបណាដើម្បីចូលរួមចំណែកកែលម្អអ្នកដែលមានសិទ្ធិសម្រេចធំជាងគេនេះ?
ជាធម្មតា ក្នុងស្ថាប័នតែងមានគោលការណ៍ បទបញ្ជាផ្ទៃក្នុង និងលក្ខខណ្ឌផ្សេងៗ ដែលត្រូវអនុវត្តតាម ហើយនៅពេលដែលមេដឹកនាំក្រុមខុស គួរតែមានគណៈកម្មការ ឬក្រុមប្រឹក្សាភិបាលជាអ្នកជួយដោះស្រាយ ជាពិសេសមេដឹកនាំដែលល្អត្រូវបន្តការសិក្សារៀនសូត្រ និងដកស្រង់បទពិសោធល្អៗដើម្បីដំណើរការឱ្យស្ថាប័ន និងក្រុមហ៊ុនមានភាពរលូន និងរីកចម្រើនទៅមុខ។ ជាពិសេស មេដឹកនាំគួរតែមានអ្នកជួយបង្វឹក ដែលគ្រូបង្វឹកនោះជាបុគ្គលដែលមានសុវត្ថិភាព និងអាចជឿជាក់បាន៕

Advertisement