មនុស្ស​ជោគជ័យ​សុទ្ធតែ​ផ្តើមចេញពី​ការលំបាក គ្រាន់តែ​ពេលខ្លះ​គេ​មិន​ប្រាប់

«ខ្ញុំ​ជឿថា មនុស្ស​ជោគជ័យ​ទាំងអស់​សុទ្ធតែ​ត្រូវ​ឆ្លងកាត់​ការលំបាក​ជាច្រើន គ្រាន់តែ​គេ​លាក់​មិន​និយាយ» នេះ​ជាការ​លើកឡើង​របស់លោក កុល ផេង​វ​ឌ្ឍ​នា សាកលវិទ្យាធិការរង​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា និង​ជា​អ្នកនិពន្ធ​សៀវភៅ Discovery Your Greatness នៅក្នុង​សិក្ខាសាលា​មួយ​ស្តីពី​ជីវិត​សិក្សា និង​ការងារ។

លោក កុល ផេង​វ​ឌ្ឍ​នា បានបញ្ចប់​ការសិក្សា​នៅ​សហរដ្ឋអាមេរិក តែ​លោក​បាន​ឆ្លងកាត់​ដំណាក់កាល​លំបាក​ជាច្រើន ដែល​លោក​អះអាងថា នៅ​ទីនោះ​សូម្បីតែ​កូន​សេដ្ឋី​ក៏​គេ​រៀន​ផង និង​ធ្វើការ​ផង​ដូច​រូបលោក​ដែរ។ ការងារ​ដំបូង​របស់លោក​គឺជា​អ្នក​លាងចាន ដែល​ការងារ​នេះ​ទទួលបាន​ចំណូល​តិចតួច​បំផុត​ហើយ​ថែមទាំង​ត្រូវ​លាង​បង្គន់​ទៀតផង តែ​លោក​នៅតែ​តស៊ូ​ជាមួយនឹង​ការលំបាក​រហូតដល់​លោក​បាន​ក្លាយជា​អ្នកគ្រប់គ្រង​ម្នាក់​នៅក្នុង​ហាង​មួយ​នៅ​អាមេរិក ខណៈពេលដែល​លោក​ត្រូវ​ចំណាយ​ពេលវេលា​ជាច្រើន​ដើម្បី​រៀន​នៅ​មហាវិទ្យាល័យ។

លោក កុល ផេង​វ​ឌ្ឍ​នា បាន​និយាយថា៖ «ការលំបាក​អាចធ្វើឱ្យ​យើង​តស៊ូ និង​មាន​កម្លាំង​កាន់តែខ្លាំង​ក្នុងការ​ជម្នះ​ឧបសគ្គធំៗក្នុង​ជីវិត និង​ការងារ»។

លោក វ​ឌ្ឍ​នា បានលើកឡើង​ផងដែ​ថា យុវវ័យ​គួរតែ​ព្យាយាម​ប្រើ​ជីវិត និង​ពេលវេលា​ឱ្យ​អស់ពី​លទ្ធភាព​ដោយ​កុំ​ខ្លាច​ការលំបាក ព្រោះថា នៅពេលដែល​យើង​បាន​ឆ្លងកាត់ ឬ​ប្រឈម​ជាមួយនឹង​បញ្ហា​ដ៏​ច្រើន​ទាំងនោះ​ហើយ យើង​នឹង​ស្គាល់​ពី​ភាព​អត់ធ្មត់ ហើយ​ធ្វើឱ្យ​យើង​អាច​ក្លាយជា​អ្នកគ្រប់គ្រង​ល្អ​ផង​នៅ​ថ្ងៃ​អនាគត។

ការដែល​ចាប់ផ្តើម​ពី​ការធ្វើការងារ​តូច​បំផុត អាចធ្វើឱ្យ​យើង​ក្លាយជា​អ្នកគ្រប់គ្រង​បុគ្គលិក​បានល្អ​នៅពេលដែល​យើង​ក្លាយជា​អ្នកគ្រប់គ្រង ឬ​ក្លាយជា​ម្ចាស់​អាជីវកម្ម ព្រោះ​យើង​បាន​យល់ដឹង​ច្បាស់​ពី​សុខទុក្ខ និង​បញ្ហា​របស់​បុគ្គលិក​គ្រប់​ជាន់ថ្នាក់ មិន​ថា​បុគ្គលិក​ដែល​ស្ថិតនៅ​ថ្នាក់ទាប​ប៉ុនណា​ក៏ដោយ៕

Advertisement