ស្រប​ពេល​វិស័យ​សំណង់​កំពុង​រីក​ខ្លាំង​ ​ជប៉ុន​ផ្តល់​ឱកាស​បណ្តុះបណ្តាល​ដល់​ពលករ​កម្ពុជា​លើ​ផ្នែក​សំណង់​

កម្ពុជា​ជា​ប្រទេស​ដែល​កំពុង​មានការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង​លើ​ផ្នែក​សំណង់​ ​និង​អចលនវត្ថុ​ ​ដែល​ទាំងអស់​នេះ​បាន​បង្ហាញ​ឡើង​តាមរយៈ​ការ​រីក​ដុះដាល​យ៉ាង​ខ្លាំង​នូវ​សំណង់​អ​គារ​ខ្ពស់​ៗ​ក្នុង​រាជធានី​ភ្នំពេញ​ ​និង​គម្រោង​លំនៅឋាន​ជាច្រើន​នៅក្នុង​ទីក្រុង​ ​និង​តាម​បណ្តា​ខេត្ត​ជាពិសេស​តំបន់​ប្រជុំជន​នានា​។

ស្រប​ពេល​ដែល​វិស័យ​សំណង់​កំពុង​មានការ​រីក​ដុះដាល​ខ្លាំង​នេះ​ ​សមាគម​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន​ (​Japan​ ​Cambodia​ ​Interactive​ ​Association​ ​ឬ JCIA​ ​)​ បាន​ជំរុញ​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​នៅ​ប្រទេស​ជប៉ុន​ជួយ​បណ្តុះបណ្តាល​ពលករ​ខ្មែរ​ដែល​កំពុងធ្វើការ​នៅ​ប្រទេស​ជប៉ុន​ឱ្យ​មាន​សមត្ថភាព​អនុវត្ត​ផ្ទាល់​តាមរយៈ​ការបម្រើ​ការងារ​ក្នុង​វិស័យ​សំណង់​នៅ​ជប៉ុន​។​

​លោក​ ​Fumio​ ​Yamada​ ​ប្រធាន​សមាគម​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន​(​JCIA​ ​)​ ​បាន​លើកឡើង​ថា​ ​លោក​បាន​នាំ​អ្នក​វិនិយោគ​ជប៉ុន​ផ្នែក​សំណង់​ជាច្រើន​មក​វិនិយោគ​នៅ​កម្ពុជា​ ​ហើយ​ក្នុង​នោះ​ក្រុមហ៊ុន​មួយចំនួន​ក៏បាន​ទទួល​ពលករ​ខ្មែរ​ប្រមាណ​ជាជាង​ ​300នាក់​រួចមក​ហើយ​ដើម្បី​ធ្វើ​កម្មសិក្សា​ផ្នែក​សំណង់​នៅ​ប្រទេស​ជប៉ុន​។​ ​តាមរយៈ​សកម្មភាព​នេះ​លោក​សង្ឃឹមថា​ ​ពលករ​ខ្មែរ​ដែល​បាន​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​ ​នឹង​បាន​សិក្សា​ស្វែងយល់​កាន់តែ​ច្បាស់​ ​និង​មាន​ជំនាញ​ពិតប្រាកដ​លើ​ផ្នែក​សំណង់​ ​ដើម្បី​ធ្វើការ​អភិវឌ្ឍ​វិស័យ​ដ៏​មាន​សារៈសំខាន់​នេះ​នៅ​កម្ពុជា​។​

​លោក​ ​Fumio​ ​Yamada​ ​បាន​លើកឡើង​ផង​ដែរ​ថា​ ​លោក​នឹង​ព្យាយាម​ទាក់ទាញ​អ្នក​វិនិយោគ​ជ​ប៉ុន​ថ្មី​ៗ​បន្ថែម​ទៀត​ឱ្យមក​វិនិយោគ​នៅ​កម្ពុជា​ ​ជាពិសេស​លើ​វិស័យ​សំណង់​ដែល​ជា​វិស័យ​សំខាន់​មួយ​ ​និង​មាន​តម្រូវការ​ខ្ពស់​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ឯកឧត្តម​ ​អុិ​ត​ ​សំ​ហេង​ ​រដ្ឋមន្ត្រី​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​បង្ហាញថា​ ​បច្ចុប្បន្ន​នេះ​វិស័យ​សំណង់​នៅក្នុង​ប្រទេស​កម្ពុជា​ ​កំពុង​មានការ​រីកចម្រើន​យ៉ាង​ខ្លាំង​ ​ដែល​ក្នុង​នោះ​ក្រុមហ៊ុន​សំណង់​របស់​ជប៉ុន​ក៏បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​មួយ​នេះ​ផង​ដែរ​។​ ​កម្ពុជា​កំពុង​ត្រូវការ​ការ​វិនិយោគ​ ​និង​ជំរុញ​ឱ្យ​មានការ​ពង្រឹងគុណភាព​កាន់តែ​ខ្លាំង​ ​ជាពិសេស​លើ​ស្តង់ដារ​បច្ចេកទេស​ឱ្យ​បាន​ហ្មត់ចត់​ ​ដើម្បី​ធានា​ដល់​សុវត្ថិភាព​ ​និង​ផ្នែក​សំ​ខាន់​ៗ​ជាច្រើន​ផ្សេងទៀត​។

​ឯកឧត្តម​ ​អុិ​ត​ ​សំ​ហេង​ ​បាន​មានប្រសាសន៍​ថា​៖​ ​“​សំណង់​មិន​អាច​ប្រហែស​បាន​នោះ​ទេ​ ​ព្រោះ​វា​ប៉ះពាល់​ដល់​ជីវិត​របស់​មនុស្ស​ ​ប្រសិនបើ​បច្ចេកទេស​មិនល្អ​ ​គឺ​មាន​ហានិភ័យ​ដល់​ជីវិត​របស់​មនុស្ស​ ​ដូច្នេះ​ត្រូវតែ​យកចិត្ត​ទុកដាក់​ឱ្យ​បាន​ខ្ពស់​ក្នុង​ដំណើរការ​សាងសង់​ឱ្យ​ស្រប​ទៅតាម​ស្តង់ដារ​”​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើកឡើង​ផង​ដែរ​ថា​ ​ពលករ​ខ្មែរ​ដែល​កំពុងធ្វើការ​ងារ​នៅ​ប្រទេស​ជប៉ុន​មាន​ចំនួន​ប្រមាណ​ជាង​ ​9ពាន់​នាក់​ ​ហើយ​យើង​សង្ឃឹមថា​ ​នឹង​មានការ​កើនឡើង​បន្ថែម​ទៀត​ទ្វេដង​នៅ​ឆ្នាំ​ថ្មីនេះ​ ​ដើម្បី​ផ្តល់​ឱកាស​ឱ្យ​ពលករ​មានឱកាស​ទទួល​បានការ​បណ្តុះបណ្តាល​ជំនាញ​ឱ្យ​បាន​កាន់តែ​ច្បាស់លាស់​ក្នុង​ការ​បំពេញ​កិច្ចការ​ងារ​របស់​ខ្លួន​ឱ្យ​បាន​ប្រសើរ​ឡើង​។​ ​ជាមួយគ្នា​នេះ​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កំពុង​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ជប៉ុន​ដើម្បី​ពិនិត្យ​ ​និង​រៀបចំ​កិច្ច​ព្រម​ព្រៀង​សហ​ប្រ​ត្តិ​បត្តិ​ការ​ជាមួយគ្នា​ក្នុង​គោលបំណង​បង្កើន​ទីផ្សារ​ការងារ​ ​និង​ឱកាស​ការងារ​ជាច្រើន​សម្រាប់​ប្រជាជន​កម្ពុជា​ ​និង​ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះ​ពលកម្ម​ជំនាញ​នៅ​ប្រទេស​ជប៉ុន​ផង​ដែរ​៕​

Advertisement