ស្ថាប័នរដ្ឋ និង​ឯកជន​ចាប់ផ្តើម​មើលឃើញ​ពី​គុណសម្បត្តិ​របស់​គ្រូ​ចូលនិវត្តន៍​កាន់តែខ្លាំង

សាលារៀន​ជា​ថ្នាល​បណ្តុះបណ្តាល​ធនធាន​មនុស្ស តែ​អ្នក​ដែល​កែច្នៃ និង​ថែទាំ​មនុស្ស​ពិតប្រាកដ​នោះ​គឺ​គ្រូបង្រៀន​ដែល​កំពុង​បម្រើ​ការងារ​យ៉ាង​មមាញឹក​នៅក្នុង​សាលា​ឱ្យមាន​សកម្ម​ភាពរស់រវើក។ គ្រូបង្រៀន​ជា​កម្លាំងចលករ​យ៉ាងសំខាន់​ដែល​ធ្វើឱ្យ​សង្គម​មួយ​មាន​ស្ថានភាព​ស្រស់បំព្រង ពោរពេញ​ទៅដោយ​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​តាមរយៈ​ការបង្កើន​ចំនួន​ធនធានមនុស្ស​ទៅតាម​ជំនាញរៀងៗខ្លួន​របស់​យុវជន​ដែលជា​អ្នក​បន្តវេន​របស់​កម្ពុ​ជា។

ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ ជា​ទិវា​គ្រូបង្រៀន ដែល​គ្រប់​សមាសភាព​ក្នុងសង្គម​ចាប់ផ្តើម​នាំគ្នា​លើកឡើង​ពី​បញ្ហា​គ្រូបង្រៀន និង​ក៏​ជា​ពេលដែល​សិស្ស​គ្រប់គ្នា​រំឭក​ឡើងវិញ​នូវ​គុណបំណាច់​របស់លោក​គ្រូ-អ្នកគ្រូ សាស្ត្រាចារ្យ​ដែល​បាន​យកចិត្តទុកដាក់ បណ្តុះបណ្តាល​សិស្ស​ទាំងឡាយ​ឱ្យ​ក្លាយជា​មនុស្ស​ដែលមាន​សមត្ថភាព​ខ្ពស់ និង​មាន​ភាព​ថ្កុំថ្កើង​នៅពេល​បច្ចុប្បន្ននេះ។

ទោះជា​យ៉ាងនេះ​ក្តី ជាទូទៅ​គ្រូ​ដែលជា​វិស្វករ​នៃ​ព្រលឹង​របស់​មនុស្សម្នាក់ៗនេះ ត្រូវបាន​គេ​យកចិត្តទុកដាក់​ដោយពេល​ម្ដងម្កាល​តែប៉ុណ្ណោះ​កាលពី​ប៉ុន្មាន​ឆ្នាំមុន។ ជា​រៀងរាល់​ទិវាសំខាន់ៗ សិស្ស​ជាច្រើន​នាំគ្នា​រំឭក​គុណ និង​ដឹង​គុណគ្រូ តែ​ពេល​ក្រៅពី​នោះមក គ្រូបង្រៀន ជាពិសេស​គ្រូចាស់ៗដែល​ចូលនិវត្តន៍ នៅ​មិនទាន់​ទទួលបាន​ការលើកទឹកចិត្តខ្លាំងៗពី​សិស្ស​នៅឡើយ​ទេ ដូចជា​ស្ថាប័ន​នានា ជាពិសេស​ស្ថាប័នឯកជន​តែម្ដង។ តែ​នាពេលថ្មីៗនេះ សាធារណជន​បានចាប់ផ្ដើម​មើលឃើញថា ការយកចិត្តទុកដាក់​លើ​គ្រូបង្រៀន​ហាក់​មាន​លក្ខណៈ​ផុសផុលខ្លះៗហើយ​តាមរយៈ​ការបង្ហាញ​ជំហរ​បស់​សាលា​ឯកជន​មួយចំនួន​ក្នុងការ​ជ្រើសរើស​គ្រូបង្រៀន​ចូលនិវត្តន៍​ឱ្យមក​បង្រៀន​ក្នុង​សាលា​របស់ខ្លួន ដើម្បី​ជាការ​លើកទឹកចិត្ត និង​ដើម្បី​ជា​ផ្តល់​ប្រាក់ចំណូល​បន្ថែម​ដល់​គាត់​ផងដែរ។

ពាក់ព័ន្ធ​ជាមួយនឹង​បញ្ហា​នេះ លោក ប៉ិច ប៉ូ​ឡែ​ន ស្ថាបនិក​សាលា​វេ​ស្ទ​ឡា​ញន៍ ធ្លាប់បាន​លើកឡើងថា លោក​សាស្ត្រាចារ្យ ចូលនិវត្តន៍​ជា​ធនធានមនុស្ស​ដែលមាន​តម្លៃ និង​ជា​ជន​ដែលមាន​ទេពកោសល្យ​ខ្ពស់​ក្នុងការ​បង្រៀន។ ម្យ៉ាងវិញទៀត​យើង​សង្កេតឃើញថា គ្រូបង្រៀនចាស់ៗជា​មនុស្ស​ដែល​ពោរពេញ​ទៅដោយ​ទេពកោសល្យ​ខ្ពស់​ក្នុង​ជីវិត​បង្រៀន ដែល​អាច​បណ្តុះបណ្តាល​សិស្ស​ជំនាន់​ក្រោយ​ឱ្យ​ក្លាយជា​ធនធាន​ដ៏​រឹងមាំ​សម្រាប់​សង្គម​បាន។

ស្រដៀង​គ្នា​នេះដែរ អតីត​នាយក​វិទ្យាល័យ​ទួល​ទំពូង លោក​សាស្ត្រាចារ្យ ស៊ិន ស៊ីថុន និង​ជា​ស្ថាបនិក​នៃ​សាលា មហា​សាស្ត្រា ក៏បាន​លើកទឹកចិត្ត​គ្រូបង្រៀន​ចូលនិវត្តន៍​ដើម្បី​មក​បង្រៀន​ក្នុង​សាលា​របស់លោក ដើម្បី​ជាការ​លើកទឹកចិត្ត​ផង និង​ដើម្បី​ផ្តល់ឱកាស​ឱ្យ​លោកគ្រូ-អ្នកគ្រូ​ចូលនិវត្តន៍​បាន​ជួបជុំគ្នា ពិភាក្សាគ្នា​ផង​ដើម្បី​ផ្ទេរ​ចំណេះដឹង​ដល់​ក្មេងជំនាន់ក្រោយ។

ក្រៅពីនេះ​គេ​មើលឃើញ​សាលា​ឯកជន​មួយចំនួន​ផ្សេងទៀត​ក៏បាន​ចាប់អារម្មណ៍ និង​ជ្រើសរើស​គ្រូបង្រៀន​ចូលនិវត្តន៍​មក​បង្រៀន​ដែរ ដែល​ជាការ​ផ្តល់ឱកាស​ច្រើន​សម្រាប់​សាស្ត្រាចារ្យចាស់ៗដើម្បី​រកប្រាក់​ចំណូល​ប​ន្ថែ​ម និង​ដើម្បី​ជាការ​យកចិត្តទុកដាក់​ចំពោះ​រូបគាត់​ផងដែរ៕

Advertisement