វេសឡាញ ប្រើការបង្រៀនតាម អេឡិចត្រូនិក (E-Learning) ដោយផ្តោតលើគុណភាពជាចម្បង ក្នុងពេលប្រយុទ្ធនឹង covid-19

នាពេលបច្ចុប្បន្ននេះ ទោះបីជាពិភពលោកកំពុងឆ្លងកាត់គ្រោះមហន្តរាយដ៏ធំនៃការរីករាលដាលជំងឺ covid-19 ក៏ដោយ ក៏វិស័យអប់រំ នៅតែជាផ្នែកសំខាន់បំផុតដែលត្រូវបានគេយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងគ្រប់លទ្ធភាព ដើម្បីឱ្យវិស័យប្រកបដោយគុណតម្លៃនេះ​ដំណើរការទៅមុខដោយរលូន។ ជាក់ស្តែង ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ស្តីពីការលើកកម្ពស់ការបង្រៀន និងរៀនពីចម្ងាយ ឬតាមប្រព័ន្ធអេឡិចត្រូនិក ដោយគ្រឹះស្ថានសិក្សាឯកជនគ្រប់កម្រិត និង ជម្រុញឲ្យសិស្សានុសិស្សធ្វើស្វ័យសិក្សានៅតាមផ្ទះ និង ផ្តល់ជូននៅឯកសារមេរៀនល្អៗសម្រាប់សិស្សានុសិស្សផងដែរ ។

ឆ្លើយតបនឹងបរិបទនេះ ក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិនគ្រុប ដែលផ្តល់សេវាកម្មអប់រំតាមរយៈ សាលារៀនវ៉េស្ទឡាញន៍ សាលារៀនណត្សឡាញន៍ សាលាអន្តរជាតិ ហ្វររ៉េសហៀល សាលារៀនអន្តរជាតិ អេបផល ទ្រី និង សាលាភាសាអង់គ្លេសលីដឺលែនបានខិតខំប្រឹងប្រែងគ្រប់លទ្ធភាព ដើម្បីធ្វើយ៉ាងណាបន្តនិរន្តរភាពនៃការអប់រំ​ ដល់សិស្សានុសិស្សទាំងអស់ដែលកំពុងត្រូវការការសិក្សាប្រកបដោយគុណភាព និងការយកចិត្តទុកដាក់ខ្ពស់។

លោក ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងថា ទោះបីជាពិភពលោកស្ថិតក្នុងកាលៈទេសៈនៃការរីករាលដាលជំងឺ covid-19 ក៏ដោយ ក៏វេសឡាញ​នៅតែខិតខំប្រឹងប្រែងគ្រប់លទ្ធភាព ដើម្បីជំរុញឱ្យសិស្សានុសិស្សទាំងអស់ទទួលបានការអប់រំ​ប្រកបដោយគុណភាព។ ក្នុងស្ថានភាពបែបនេះ បណ្តាញសាលារៀន​របស់ វេសឡាញ អេឌ្យូខេសិន គ្រុប ទាំងអស់បានដាក់ឱ្យប្រើប្រាស់​ប្រព័ន្ធ​សិក្សាតាមរយៈប្រព័ន្ធអេឡិចត្រូនិក (E-Learning) ដើម្បីឱ្យសិស្សានុសិស្សទាំងអស់សិក្សានៅតាមផ្ទះរៀងៗខ្លួន រក្សាការចូលរួមរបស់សិស្ស និង អាចឱ្យសិស្សរៀនចប់តាមកម្មវិធីសិក្សា និង រក្សាទំនាក់ទំនង រវាងសិស្សានុសិស្ស ឬអ្នកអាណាព្យាបាលសិស្ស និង សាលារៀន។ លោកថា រហូតមកដល់ពេលនេះ ក្រុមការងារទាំងអស់កំពុងបង្កើនភាពសកម្មក្នុងការផលិតវីដេអូមេរៀន​ដោយផ្តោតលើគុណភាពជាចម្បងទាំងកម្រិតគុណភាពវីដេអូ គុណភាពមេរៀន និងការភ្ជាប់ទំនាក់ទំនងល្អជាមួយអាណាព្យាបាល។ វីដេអូទាំងអស់ដែលផលិតបាននឹងត្រូវបែងចែកទៅកាន់ប្រភពសំខាន់ៗជាច្រើនដូចជា ដាក់ទៅក្នុង YouTube WEG education channel បង្ហោះក្នុង Page WEG education TV និង​ផ្ញើរទៅកាន់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីចូលរួមចំណែកជួយដល់វិស័យអប់រំនៅក្នុងប្រទេសយើង។

លោក ប៉ិច បូឡែន បាននិយាយថា៖ «​ក្រៅពីប្រភពខាងលើយើងមានទម្រង់ (platform) ជាច្រើនផ្សេងទៀតក្នុងការ​ផ្តល់ការអប់រំឱ្យសិស្សានុសិស្សទាំងអស់នៅគ្រប់ទីកន្លែង។ បច្ចុប្បន្ននេះយើងបាន​បង្កើតក្រុម (close group) ដូចជា Group of Telegram ឬ Group of Messenger ឬ Group of Facebook Closed Group ដើម្បីបង្កើតទំនាក់ទំនងល្អជាមួយអាណាព្យាបាល ហើយផ្ញើរវីដេអូជូនពួកគាត់ដើម្បីឱ្យអាណាព្យាបាលអាចយកមេរៀនទាំងអស់នោះទៅបង្រៀនកូនៗនៅតាមផ្ទះរៀងៗខ្លួន»។

បន្ថែមពីលើវិធីទាំងអស់នេះស្ថាបនិកគ្រឹះស្ថានអប់រំខាងលើបានលើកឡើងផងដែរថា ដើម្បីភ្ជាប់ទំនាក់ទំនងល្អជាមួយនឹងសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ត្រូវប្រាកដថាសិស្សានុសិស្សបានចូលរួមក្នុងកម្មវិធីស្វ័យសិក្សា និង ការសិក្សាពីចម្ងាយតាមរយៈប្រព័ន្ធអេឡិចត្រូវនិក (E-Learning) ប្រកបដោយប្រសិទ្ធភាពខ្ពស់ និង បានប្រើកម្មវិធីជំនួយមួយចំនួនដូចជា Kahoot, Seesaw, ZOOM, EDEMY, សង្កប្ប, E-School, FB Messenger Group, និង FB Closed Group ដើម្បីបង្រៀនសិស្សក្នុងថ្នាក់នីមួយៗ ដោយយកចិត្តទុកដាក់ដូចជាការបង្រៀននៅក្នុង​ថ្នាក់ជាប្រក្រតី។ លោកបានបញ្ជាក់ផងដែរថា ទោះស្ថិតក្នុងដំណាក់កាលដែលត្រូវសិក្សាតាមរយៈប្រព័ន្ធអេឡិចត្រូនិកក៏ដោយ ក៏បុគ្គលិក​គ្រប់ផ្នែកទាំងអស់នៅតែខិតខំប្រឹងប្រែងមកធ្វើការងារជាប្រក្រតីទៅតាមជំនាញរៀងៗខ្លួន ដើម្បីពង្រឹងគុណភាព និងផលិតភាពការងារក្នុងការអប់រំ។ ជាក់ស្តែងបុគ្គលិក​បង្រៀនគាត់នៅតែត្រូវមក​ធ្វើការងារ​បង្រៀន និងផលិតមេរៀន ស្របពេលដែលបុគ្គលិកផ្នែកផលិតកម្មក៏នៅតែបន្តថត និងរៀបចំមេរៀនល្អៗសម្រាប់សិស្សានុសិស្ស ហើយបុគ្គលិកក្នុងផ្នែកផ្សេងៗទៀតក៏បានធ្វើការងារទៅតាមជំនាញរៀងៗខ្លួនដោយយកចិត្តទុកដាក់ខ្ពស់។ ទោះជាយ៉ាងនេះក្តី វេសឡាញ អេឌ្យូខេសិន គ្រុប បានផ្តោតសំខាន់ផងដែរចំពោះសុវត្ថិភាព និងសុខភាពបុគ្គលិកដោយ​រៀបចំកន្លែងធ្វើការងារឱ្យមានមានពន្លឺ មានខ្យល់ចេញចូលគ្រប់គ្រាន់ វាស់សីតុណ្ហភាព និងលាងសម្អាតដៃជាញឹកញាប់៕

Advertisement