ជ្រើសរើស​ជំនាញ​ខុស មិន​ខុសពី​ជ្រើសរើស​គូស្រករ​ខុស​នោះទេ

ការជ្រើសរើស​ជំនាញ​ជា​រឿង​យ៉ាងសំខាន់​មួយ​សម្រាប់​ការរៀបចំ​ដំណើរ​អនាគត ព្រោះ​ដំណាក់កាល​នេះ​ជា​ដំណាក់កាល​នៃ​ការចាប់ផ្តើម​ដំណើរ​ជីវិត​ឆ្ពោះទៅរក​អនាគត​ដ៏​ត្រចះត្រចង់។

ការជ្រើសរើស​ជំនាញ ក៏​ជា​ដំណាក់កាល​សម្រេច​ជោគវាសនា​របស់ខ្លួន ព្រោះ​អនាគត​របស់​សិស្ស​និស្សិតម្នាក់ៗស្ថិតនៅក្នុង​កណ្តាប់ដៃរ​បស់​ខ្លួន​ហើយ ព្រោះ​បន្ទាប់ពី​ជ្រើសរើស​ជំនាញ​ហើយ អ្នកនឹង​ត្រូវ​ដើរ​តាមផ្លូវ​នេះ​អស់​មួយជីវិត​ប្រសិនបើ​អ្នក​ជ្រើសរើស​ត្រូវ តែ​ប្រសិនបើ​អ្នក​ជ្រើសរើស​ខុស​វិញ អ្នក​ក៏​នឹង​ជួប​បញ្ហា​ក្នុង​ជីវិត​ដូច​ទៅនឹង​ជ្រើសរើស​គូស្រករ​ខុស​ដូច្នោះ​ដែរ។

1.ជ្រើសរើស​ជំនាញ​ខុស​ខាត​ពេលវេលា​កសាង​ខ្លួន​ឡើងវិញ

អ្នក​ដែល​ជ្រើសរើស​ជំនាញ​ខុស ភាគច្រើន​ត្រូវ​ខាតបង់​ពេលវេលា​ដើម្បី​ចាប់ផ្តើម​ដំណើរ​ជីវិត​សិក្សា​របស់ខ្លួន​ឡើងវិញ បន្ទាប់ពី​បាន​សិក្សា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​តែ​មិនអាច​អភិវឌ្ឍ​ខ្លួនឯង​បានល្អ។ ចំណុច​នេះ វា​មិន​ខុសពី​ការជ្រើសរើស​គូស្រករ​ខុស ហើយ​លែងលះ​ទៅ​ចាប់ផ្តើម​ជីវិត​សាជាថ្មី ដែល​ធ្វើឱ្យ​ខាតបង់​ពេលវេលា​ច្រើន។ ការ​បក​មក​រៀន​សា​ដើម ដើម្បី​ស្វែងរក​នូវ​អ្វីដែល​ខ្លួន​ស្រឡាញ់​អាចធ្វើឱ្យ​និស្សិត​ត្រូវ​ខាត​ពេល ហើយ​ដើរ​យឺត​ជាងគេ ព្រោះ​មិត្ត​ភ័ក្តិ​របស់គាត់​អាច​នឹង​បញ្ចប់​ការសិក្សា​មុន​គាត់ 2 ឬ3 ឆ្នាំ​ឯណោះ។

2.ជ្រើសរើស​ជំនាញ​ខុស​បាត់បង់​កិត្តិយស​ខ្លះ

ការជ្រើសរើស​ជំនាញ​ខុស នឹងធ្វើ​ឱ្យ​យើង​ទ្រាំ​រស់នៅ​ជាមួយនឹង​ស្ថានភាព​ដែល​ខ្លួន​មិន​ពេញចិត្ត អាន​សៀវភៅ​ដែល​មិន​ចង់​អាន ឬ​ស្តាប់​នូវ​អ្វីដែល​មិនមែនជា​ចំណង់​ចំណូលចិត្ត។ កត្តា​នេះ បានធ្វើឱ្យ​ពួកគេ​ចាំបាច់​ត្រូវតែដើរ​ចេញពី​មុខវិជ្ជា​នេះ បើទោះបីជា​ពួកគេ​ដឹងខ្លួន​ថា ការចាកចេញ​នេះ​អាចធ្វើ​ឱ្យគេ​បាត់បង់​ទំនុកចិត្ត​ពី​ក្រុមគ្រួសារ ឬ​អ្នក​នៅ​ជុំវិញខ្លួន​ក៏ដោយ។

3.ជ្រើសរើស​ជំនាញ​ខុស​ខាត​ថវិកា​ច្រើន

ជាធម្មតា​ទេ នៅពេលដែល​មនុស្ស​ណា​ម្នាក់​ដើរ​ចេញពី​សាលា ដើម្បី​ទៅ​សិក្សា​ជំនាញ​ថ្មី​មួយទៀត​ដែល​ខ្លួន​ស្រឡាញ់ ជា​រឿង​ដែល​ត្រូវ​ចាយលុយ តែ​អ្វីដែល​កាន់តែ​សំខាន់​នោះ​គឺ​សោហ៊ុយ​ក្នុងការ​សិក្សា​កន្លងមក​គឺ​ច្រើន​លើសលុប បើ​ប្រៀបធៀប​ជាមួយនឹង​តម្លៃ​បង់ថ្លៃ​សាលា​តែមួយ​មុខ។ ក្រៅពីនេះ អ្នកសិក្សា​រូបនោះ​ក៏​ខាត​ពេល​ក្នុង​ការធ្វើការងារ ដែល​ត្រូវ​យឺត​ជាងគេ​ច្រើន​ឆ្នាំ ដែល​ចំណុច​នេះ​សុទ្ធតែ​ធ្វើឱ្យ​គាត់​ខាតបង់​ពេលវេលា​រកប្រាក់​ចំណូល​ក្នុង​ជីវិត​របស់គាត់៕

Advertisement