ត្រឹម​រយៈពេល​មួយខែ​ដើមឆ្នាំ2018 NEA ជួយ​និស្សិត500នាក់​ឱ្យមាន​ការងារ​ធ្វើ

ត្រឹមតែ​រយៈពេល​មួយខែ​មករា ដើមឆ្នាំ2018 ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) បាន​ជួយ​យុវជន​កម្ពុជា​ឱ្យទទួល​បានការ​ងារ​ធ្វើ​ប្រមាណ​ជាង 500នាក់ ដែល​ក្នុងនោះ​ស្ថាប័ន​ការងារ​ជាតិ​មួយ​នេះ​បាន​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​ផ្គូផ្គង​តម្រូវការ​របស់​ក្រុមហ៊ុន សហគ្រាស​នៅ​កម្ពុជា ជាមួយនឹង​យុវជន​ដែលជា​កម្លាំង​ពលកម្ម​ដ៏​សំខាន់។

ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) បាន​ពង្រឹង​ការផ្សព្វផ្សាយ និង​បង្កើត​កម្មវិធី​ជាច្រើន ដែល​ក្នុងនោះ​មានដូចជា​ការបណ្តុះបណ្តាល​ជំនាញ​ទន់ ការបង្កើត​កម្មវិធី​សម្ភាស​ផ្ទាល់​ជាមួយនឹង​បេក្ខជន​នៅនឹងកន្លែង រួមទាំង​កម្ម​វី​ធី​ពិព័រណ៍​ការងារ​ប្រចាំឆ្នាំ​របស់ខ្លួន ដែលមាន​ការចូលរួម​ពី​ក្រុមហ៊ុន​សហគ្រាស​ជាច្រើន​នៅ​កម្ពុជា។ លើសពីនេះទៅទៀត ស្ថាប័ន​មួយ​នេះ​តែង​រៀបចំ​វេទិកា​ការងារ និង​សម្ភាស​ការងារ​ជា​រៀងរាល់ខែ ដើម្បី​ជំរុញ​ឱ្យ​អ្នកស្វែងរក​ការងារ ទទួលបាន​ឱកាស​ការងារ និង​ជ្រើសរើស​បុគ្គលិក​ស្របតាម​តម្រូវការ​របស់​ទីផ្សារការងារ។

យោងតាម​របាយការណ៍​ក្នុង​ឆ្នាំ2017កន្លងទៅ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) បាន​ជួយ​រក​ការងារ​ជូន​ប្រជាពលរដ្ឋ​ធ្វើ​សរុប​ចំនួន 3,412 នាក់​បញ្ជូន​អ្នកស្វែងរក​ការងារ​ធ្វើទៅ​ឱ្យ​និយោជក​ដែល​ត្រូវការ​កម្លាំង​ពលកម្ម​មាន​ចំនួន 16,072នាក់ បាន​ចុះឈ្មោះ​អ្នកស្វែងរក​ការងារ​សរុប​ចំនួន14,828នាក់ និង​បាន​ប្រមូល​ដំណឹង​ជ្រើសរើស​បុគ្គលិក​ពី​គ្រប់​ប្រភព​បាន​ចំនួន 86,702 ការងារ៕

Advertisement