មិនទាន់​បង្ហាញខ្លួន​ផង ស្រោម iPhone 8 មាន​លក់​នៅ​ផ្សារ Aeon Mall ទៅហើយ

ខណៈដែល​ក្រុមហ៊ុន Apple ត្រៀម​ធ្វើ​ព្រឹត្តិការណ៍​បង្ហាញ​ផលិតផល​ថ្មី​នៅ​ថ្ងៃទី12  ខែកញ្ញា ដែល​គេ​ជឿជាក់ថា ក្រុមហ៊ុន​នឹងធ្វើ​ការបង្ហាញ​ទូរស័ព្ទ iPhone 8 បំពាក់​កាមេរ៉ា​ភ្លោះ​នោះ ពេលនេះ​ហាង​លក់​គ្រឿង​តុបតែង​ទូរស័ព្ទ​មួយ​នៅ​ផ្សារ​ទំនើប Aeon Mall ភ្នំពេញ បែរ​ជាមាន​ដាក់លក់​ស្រោម​ទូរស័ព្ទ​នេះ​មុន​បាត់ទៅហើយ។

តាម​ការ​ឱ្យដឹងពី​បុគ្គលិក​ផ្នែក​លក់​នៅ​ហាង Baseus Cambodia ដែលមាន​ទីតាំងនៅ​ផ្សារ​ទំនើប Aeon Mall បានឱ្យដឹងថា ស្រោម​ដែលមាន​លក់​នោះ ជា​ស្រោម​សម្រាប់​ប្រើ​ជាមួយនឹង​ទូរស័ព្ទ iPhone 8 ដែល Apple ត្រៀម​បង្ហាញ​នៅ​ថ្ងៃស្អែក។ ក្រៅពី​ស្រោម​ហើយ ខាង​ហាង​ក៏មាន​លក់​ដូចជា Screen ការពារ​អេក្រង់​មុខ-ក្រោយ និង Screen ការពារ​កាមេរ៉ា​ទៀតផង។

បុគ្គលិក​ខាងលើ​ឱ្យដឹងថា៖«ខ្ញុំ​មិនដឹង​ច្បាស់​ថា វា​យ៉ាងណាដែរ ប៉ុន្តែ​ខាងលើ​គេ​ឱ្យ​យក​អីវ៉ាន់​មក​តាំង​លក់ និង​វា​អាចមាន​រាង​អ៊ីចឹង​ដែរ​ហើយ​បង ព្រោះ​ក្រុមហ៊ុន​ខ្ញុំ​មិនមែន​ចេះតែ​ផលិត​មក​លក់​ទេ បើ​មិន​ច្បាស់ការ​នោះ»។

បុគ្គលិក​ផ្នែក​លក់​ខាងលើ​បានឱ្យដឹង​ទៀតថា ក្រោយ​ដាក់តាំង​លក់បាន​ប៉ុន្មាន​ថ្ងៃ មាន​អតិថិជន​ជាច្រើន​បានមក​សួរនាំ​រឿងនេះ ព្រោះថា ពួកគាត់​មិនទាន់​បានឃើញ​រូបរាង iPhone 8 នោះ​ថា យ៉ាងណា​នៅឡើយ។

សូម​រំឭក​ដែរ​ថា Apple នឹង​ជ្រើស​រើសយក​កន្លែងចាស់​ក្នុង Cupertino រដ្ឋ California ជា​កន្លែង​ដែល​លោក Steve Jobs  បង្ហាញ​ទូរស័ព្ទ iPhone ជា​លើកដំបូង​កាលពី​ឆ្នាំ 2007។ តាម​ការរំពឹងទុក Apple នឹង​បង្ហាញ​ទូរស័ព្ទ​ជំនាន់​ថ្មី iPhone 8 សម្រាប់​ខួប10ឆ្នាំ ដែល​នឹង​បំពាក់​អេក្រង់ Bezeless ប្រភេទ AMOLED និង​បច្ចេកវិទ្យា​រូបភាព 3D-sensing imaging ជាមួយនឹង​ពណ៌​ខៀវស្រស់ និង​ពណ៌​ទឹកក្រូច​បែក​មាស។ ក្រៅពីនេះ​ក្រុមហ៊ុន​ក៏​នឹង​អាច​បង្ហាញ​បច្ចេកវិទ្យា​សាក​ថ្ម​ឥត​ខ្សែ Wireless Charging ទូរទស្សន៍ 4K Apple TV នាឡិកា​ឆ្លាត​វៃ Apple Watch ដែល​បំពាក់​នូវ​ប្រព័ន្ធ LTE ផងដែរ៕

វីដេអូ៖

Advertisement