ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​បង្រៀន​ជំនាញ​ទន់ (Soft Skills) ដោយ​ឥតគិតថ្លៃ

ទីភ្នាក់ងារ​មុខរបរ និង​ការងារ (NEA) ជា​ស្ថាប័ន​យ៉ាងសំខាន់​មួយ​ដែល​ជួយ​ប្រជាជន​កម្ពុជា​ឱ្យទទួល​បានការ​ងារ​ធ្វើ និង​បណ្តុះបណ្តាល​ជំនាញ​នានា​បន្ថែមទៀត​ដល់​សិស្ស និស្សិត ឱ្យមាន​សមត្ថភាព​ក្នុងការ​បំពេញ​កិច្ចការងារ​ឱ្យ​កាន់តែ​ប្រសើរ ព្រមទាំង​ជា​ស្ថាប័ន​ផ្សព្វផ្សាយ​ពី​ទីផ្សារការងារ​យ៉ាងសំខាន់​សម្រាប់​កម្ពុជា។

នៅក្នុង​សកម្មភាពសំខាន់ៗ របស់​ទីភ្នាក់ងារ​មុខរបរ និង​ការងារ​ទាំងអស់ ការងារ​បណ្តុះបណ្តាល​ត្រូវបាន​គេ​មើលឃើញថា ជា​សកម្មភាព​ថ្មី​មួយ​ប្រកបដោយ​ភាព​ផុលផុស និង​មាន​សក្តានុពល​ដើម្បី​ជួយ​ដល់​ប្រជាជន​កម្ពុជា​ឱ្យ​កាន់​តែមាន​សមត្ថភាព ទាំង​លទ្ធភាព​ធ្វើ​ការងារ សមត្ថភាព​ក្នុង​ការគិត និង​សមត្ថភាព​ក្នុងការ​អភិវឌ្ឍ​ជីវិត​ជាដើម។

ជាទូទៅ ស្ថាប័ន​ជាតិ​មួយ​នេះ​បាន​បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ទន់​ជា​បន្តបន្ទាប់​ដល់​យុវជន​កម្ពុជា​ដោយ​ឥតគិតថ្លៃ ដែល​វគ្គ​នេះ​នឹង​បណ្តុះបណ្តាល​ជំនាញសំខាន់ៗដូចជា ជំនាញ​ប្រាស្រ័យ​ទាក់ទង ជំនាញ​ដោះស្រាយ​បញ្ហា និង​ជំនាញ​ធ្វើការ​ងារ​ជា​ក្រុម។

យោងតាម​ការបង្ហាញរ​បស់​អ្នកជំនាញ​ការងារ​បាន​ឱ្យដឹងថា ជំនាញ​ដែល​យុវជន​កម្ពុជា​ត្រូវ​ចេះ​ដើម្បី​ទទួលបាន​ការងារ​ល្អ​ធ្វើ បន្ថែម​លើ​ជំនាញ​ក្នុង​សាលា​គឺ ជំនាញ​ភាសាបរទេស ជំនាញ​គ្រប់គ្រង​អតិថិជន ជំនាញ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា និង​កុំព្យូទ័រ​មូលដ្ឋាន ជំនាញ​ទំនាក់ទំនង​ផ្ទាល់មាត់ ជំនាញ​ធ្វើ​ការងារ​ជា​ក្រុម​ជំនាញ​រៀបចំ​គម្រោង ជំនាញ​ទំនាក់ទំនង​តាមរយៈ​ការសរសេរ ជំនាញ​រដ្ឋបាល ជំនាញ​គិត​លេខ និង​ជំនាញ​រៀបចំ​យុទ្ធសាស្ត្រ​គ្រប់គ្រង៕

Advertisement