ក្រសួង​អប់រំ នឹង​បើក​ថ្នាក់​អក្ខរកម្ម​ឱ្យ​កាន់តែច្រើន​ដល់​កម្មករ​តាម​រោងចក្រ​នៅ​ឆ្នាំនេះ

ព្រឹក​នេះ ជា​ទិវា​អក្ខរកម្ម​ជាតិ-អន្តរជាតិ​លើក​ទី17 ដែល​ប្រព្រឹត្តទៅ​នៅ​ខេត្តបាត់ដំបង ក្រោម​ប្រធានបទ «អក្ខរកម្ម​ផ្សារភ្ជាប់​ជាមួយនឹង​សហគមន៍»។

នៅក្នុង​ព្រឹត្តិការណ៍​នេះ​ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បានលើកឡើង​នៅ​ព្រឹក​នេះ​ថា ទិវា​អក្ខរកម្ម​ជាតិ-អន្តរជាតិ 8កញ្ញា​នេះ ជា​ទិវា​មួយ​ដែលមាន​សារៈសំខាន់ និង​មាន​អត្ថន័យ​ដ៏​ថ្លៃថ្លា​បំផុត​ក្នុងការ​លើកកម្ពស់​ការ​ងារ​អក្ខរកម្ម ព្រមទាំង​ជំរុញ​មនសិការ​របស់​បងប្អូន​ជនរួមជាតិ​យើង​ទាំងអស់​រួមគ្នា​លើកកម្ពស់​ការងារ​នេះ ឱ្យ​កាន់តែ​ល្អប្រសើរ ដើម្បី​ឧត្ដមប្រយោជន៍​របស់​ក​ម្ពុ​ជា​យើង​ផង និង​មនុស្សជាតិ​ទាំងមូល​ផង។

ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន បាន​មានប្រសាសន៍ថា៖ «សមិទ្ធផល​នៃ​ការអនុវត្ត​កម្មវិធី​អក្ខរកម្ម​វិជ្ជាជីវៈ​នេះ បានបង្ហាញ​ឱ្យឃើញ​ពី​ការយកចិត្តទុកដាក់រ​បស់​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​អង្គការ​យូណេស្កូ និង​ដៃគូ​អភិវឌ្ឍន៍​នានា ជាពិសេស​ពី​កិច្ចខិតខំ​ប្រឹងប្រែង អស់ពី​កម្លាំងកាយ​ចិត្ត របស់​មន្ត្រី​អប់រំ​គ្រប់លំដាប់​ថ្នាក់  ព្រះសង្ឃ សិស្ស និស្សិត បញ្ញវន្ត និង​ក្រុមយុវជន​ស្ម័គ្រចិត្ត​នៅ​ទូទាំងប្រទេស»។

នៅក្នុង​ឆ្នាំ 2017 នេះ ក្រុមការងារ​អក្ខរកម្ម​បាន​បើក​ថ្នាក់​បន្ថែម​ដើម្បី​បង្រៀន​អក្ខរកម្ម​ដល់ក​ម្មករ-កម្មការិនី នៅ​រោងចក្រ​ចំនួន 11 ដែលមាន​អ្នកចូលរួម​ចំនួន166នាក់ ដោយ​ក្នុងនោះ​មានកម្ម​ការិនី ចំនួន 154នាក់។ កម្មវិធី​នេះ​នឹង​ធ្វើឱ្យ​បងប្អូន​កម្មករ-កម្មការិនី ទទួលបាន​ការរៀនសូត្រ​ផ្នែក​អក្សរ លេខ និង​មានឱកាស​ការងារ​កាន់​តែ​ប្រសើរឡើង។

ពាក់ព័ន្ធ​ជាមួយនឹង​កម្មវិធី អក្ខរកម្ម​នេះ​ផងដែរ ក៏មាន​បើក​បង្រៀន​សម្រាប់​ប្រជាជន​ទូទៅ នៅ​ទូទាំងប្រទេស​ដែល​ចង់​អភិវឌ្ឍ​ខ្លួនឯង ឬ​ដែល​មិនបាន​ចូល​សិក្សា​កាលពី​នៅ​ក្មេង ដើម្បី​បាន​សិក្សា​ពី​អក្សរ ដែល​វា​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​រៀន​ជំនាញ​ដទៃ សម្រាប់​អភិវឌ្ឍ​មុខរបរ​ប្រចាំថ្ងៃ រួមទាំង​អាចធ្វើឱ្យ​គាត់​ក្លាយជា​អ្នកបច្ចេកទេស​នៅក្នុង​សហគមន៍​របស់​ពួកគាត់​ថែមទៀត​ផង ប្រសិនបើ​គាត់​តស៊ូ​ប្រើ​ចំណេះដឹង​ដែលមាន​ទៅ​សិក្សា​បន្ថែម​លើ​ជំនាញខ្ពស់ៗបន្ថែមទៀត៕

Advertisement