ឱកាសល្អបានមកដល់ទៀតហើយសម្រាប់អ្នកស្រមៃចង់ក្លាយជាមន្ត្រីតុលាការ

ក្រសួងយុត្តិធម៌ បានចេញសេចក្តីប្រកាសលេខ ១១៥ កយ.ប្រក/១៧ ស្តីពីការប្រឡងប្រជែងជ្រើសរើសក្រឡាបញ្ជីជំនាន់ទី 5 នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ។

នៅក្នុងសេចក្តីប្រកាសនោះបានបង្ហាញផងដែរថា វគ្គបណ្តុះបណ្តាលក្រឡាបញ្ជីជំនាន់ទី 5 នេះត្រូវការសិក្ខាកាមចំនួន 100នាក់ ដោយធ្វើការប្រឡងប្រជែងជ្រើសរើសក្នុងចំណោមមន្ត្រីរាជការ និងសិស្សនិស្សិត ដោយការប្រឡងត្រូវបែងចែកចេញជា 2 ដំណាក់កាល។ ដំណាក់កាលទី 1 គឺត្រូវប្រឡងលើវិញ្ញាសាសរសេរចំនួន 3 រួមមាន នីតិរដ្ឋធម្មនុញ្ញ នីតិព្រហ្មទណ្ឌ (ច្បាប់សារធាតុ) និងនីតិរដ្ឋប្បវេណី (ច្បាប់សារធាតុ)។ ចំណែកឯវិញ្ញាសាទី 2 គឺប្រឡងដោយសួរផ្ទាល់មាត់ស្តីពីវប្បធម៌ទូទៅ ជាមួយនឹងជំនាញស្តាប់ និងកត់ត្រា។

លក្ខខណ្ឌសម្រាប់បេក្ខជនដែលមានបំណងចង់ប្រឡងធ្វើជាសិស្សក្រឡាបញ្ជីជំនាន់ទី 5 នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ គឺត្រូវតែមានសញ្ជាតិខ្មែរពីកំណើត មានអាយុច្រើនបំផុត 30ឆ្នាំ ចំពោះបេក្ខជនជានិស្សិត និងមានអាយុ 35ឆ្នាំយ៉ាងច្រើនបំផុតសម្រាប់បេក្ខជនជាមន្ត្រីរាជការ។ ក្រៅពីនេះបេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានវិញ្ញាបនបត្របញ្ជាក់ការសិក្សាឆ្នាំទី2 ផ្នែកនីតិសាស្រ្ត ឬបរិញ្ញាបត្ររងនៅមហាវិទ្យាល័យដែលមានកម្មវិធីសិក្សាសមមូល និងត្រូវមានលិខិតថ្កោលទោសចេញពីក្រសួងយុត្តិធម៌បញ្ជាក់ថា មិនធ្លាប់មានទោសពីបទមជ្ឈិម ឬបទឧក្រិដ្ឋ (ចំពោះមន្ត្រីរាជការពុំចាំបាច់ឡើយ)។ ត្រូវមានលិខិតបញ្ជាក់សុខភាពចេញដោយពេទ្យការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវីជ្ជាជីវៈ និងត្រូវមានឈ្មោះក្នុងបញ្ជីដែលអនុញ្ញាតឱ្យចូលប្រឡងជ្រើសរើសក្រឡាបញ្ជីជំនាន់ទី5។ សម័យប្រឡងនឹងប្រព្រឹត្តទៅនៅថ្ងៃទី15 ខែមិថុនា ឆ្នាំ 2017៕

Advertisement