កម្ពុជា​ឈ្នះ​ពានរង្វាន់​ចំនួន 2 ពី​ការប្រកួត​រ៉ូ​បូត​នៅ​ប្រទេស​ជប៉ុន

ក្នុង​ព្រឹត្តិការណ៍​ប្រកួត​រ៉ូ​បូត​អន្តរជាតិ ABU Robocon ឆ្នាំ 2017 ដែល​ធ្វើឡើង​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ក្រុម​រ៉ូ​បូត​តំណាង​កម្ពុជា​បានឈ្នះ​ពានរង្វាន់​ចំនួន 2 ពី​ការប្រកួត ដែល​នេះ​ជា​មោទនភាព​មួយ​សម្រាប់​ប្រទេស​យើង​លើ​ឆាក​អន្តរជាតិ។

លោក ប៉ាង ចំណាន មន្ត្រី​សម្របសម្រួល​កម្មវិធី​ប្រកួត​រ៉ូ​បូត​កម្ពុជា​បានឱ្យដឹង​តាម​ទូរស័ព្ទ​ថា នេះ​ជា​លើកទីមួយ​ហើយ​ដែល​កម្ពុ​ជាមាន​សិទ្ធិ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​រ៉ូ​បូត​អន្តរជាតិ ABU (Asia-Pacific Robot Contest ) ហើយ​លោក​មាន​មោទនភាព​ណាស់​ដែល​ក្រុម​រ៉ូ​បូត​មកពី​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​បានឈ្នះ​ពានរង្វាន់​ផ្នែក​គំនិត (Best Idea Award) និង Special Award (NOK)ពី​កម្មវិធី​ប្រកួត​ថ្នាក់​អន្ដរជាតិ​មួយ​នេះ។

ការប្រកួត​នៅ​ប្រទេស​ជប៉ុន​នេះ​មាន 18 ប្រទេស​ចូលរួម និង​មាន​ក្រុម​ត្រូវ​ប្រកួត​គ្នា​ចំនួន 19 ក្រុម ហើយ​ត្រូវ​បែង​ចែកជា 7 ក្រុមធំៗផ្សេងគ្នា​ដើម្បី​ប្រកួត​ជម្រុះ​ដោយ​មួយក្រុម​មាន 3 ប្រទេស ហើយ​ក្រុមខ្លះ​មាន 2 ប្រទេស។ លើ​វិញ្ញាសា​ការបាញ់​ថាស​ជ័រ​ឱ្យ​ទើរ​លើ​ទីតាំង មានន័យថា រ៉ូ​បូតនីមួយៗរបស់​បេក្ខជន​ដែល​បាន​ចូលរួម​ត្រូវ​ប្រកួតប្រជែង​គ្នា​ក្នុង​ការបាញ់​ថាស​ជ័រ​ឱ្យទៅ​ទើរ​ជាប់​នៅលើ​ទម្រ​មួយ​ដែលមាន​ទំហំ និង​កម្ពស់ខុសៗគ្នា​ដើម្បី​ទទួលបាន​ពិន្ទុ។ ក្នុង​ការចាប់​ក្រុម  កម្ពុជា​បាន​ប៉ះ​ជាមួយនឹង​ជប៉ុន និង​ចិន។ ជា​លទ្ធផល​យើង​បាន​យកឈ្នះ​ចិន ប៉ុន្ដែ​ចាញ់​ជប៉ុន។

លោក​ថ្លែងថា៖« យើង​បានឈ្នះ​ចិន តែ​មិនអាច​ទៅរួច​ជាមួយ​ជប៉ុន អ៊ីចឹង​ហើយ​យើង​មិនអាច​ទៅ​វគ្គ​បន្ដបាន។ ប៉ុន្តែ​អ្វីដែល​ពិសេស ក្រុម​យើង គឺ​បានឈ្នះ​ពាន់រង្វាន់ 1 ពី​កម្មវិធី​នេះ​ដែល​គេ​ឱ្យ​ទៅលើ​គំនិត​ច្នៃប្រឌិត និង​រង្វាន់​មួយទៀត​ផ្ដល់​ដោយ​ក្រុមហ៊ុន​ចូលរួម​ឧបត្ថម្ភ»។

សម្រាប់​ឆ្នាំ 2017នេះ វៀតណាម​ដណ្ដើមបាន​លេខ1 ខណៈ​លេខ 2 បាន​ទៅលើ​ប្រទេស​ម៉ាឡេស៊ី ហើយ​ជប៉ុន​ដែលជា​ម្ចាស់ផ្ទះ​នោះបាន​លេខ 3 ពី​ការប្រកួត​នេះ ។ យ៉ាងណាមិញ ក្រុម​រ៉ូ​បូត​របស់​កម្ពុជា​ធ្វើបាន​កម្រិត​នេះ គឺជា​ផ្លែផ្កា​ដ៏​ល្អ​មួយ​ណាស់​ទៅហើយ ដើម្បី​បន្ដដំណើរ​ទៅធ្វើ​ការប្រកួត​នៅ​ឆ្នាំ 2018ទៀត​ដែល​វៀតណាម​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ម្ដង៕

Advertisement