អតីតសិស្សពូកែទូទាំងប្រទេស ចេង បូរិទ្ធ ចែករំលែកភាពជោគជ័យក្នុងជីវិត និងការសិក្សា

បើនិយាយពីការសិក្សាខ្លាំង ឬខ្សោយ មនុស្សមួយចំនួនធំ តែងតែទម្លាក់កំហុសលើស្ថានភាពក្រៅខ្លួននានា ហើយបណ្តោយខ្លួនឱ្យធ្លាក់ទៅក្នុងស្ថានភាពដែលមិនល្អ ព្រោះគេផ្តេកផ្តួលទៅលើឧបសគ្គខាងក្រៅច្រើនជាងការខិតខំប្រឹងប្រែងដោយខ្លួនឯង។ មនុស្សខ្លះបន្ទោសលើខួរក្បាលមិនល្អ មនុស្សខ្លះបន្ទោសលើសុខភាពមិនសូវល្អ មនុស្សខ្លះបន្ទោសលើគ្រូ ហើយខ្លះទៀតបន្ទោសលើបរិស្ថានជុំវិញ តែពួកគេមិនសូវមើលពីស្ថានភាពក្នុងខ្លួនរបស់ពួកគេ ហើយក៏មិនសូវមានទំនុកចិត្តលើខ្លួនឯង។ នេះជាការលើកឡើងរបស់លោក ចេង បូរិទ្ធ អតីតសិស្សពូកែរូបវិទ្យាទូទាំងប្រទេស និងជានិស្សិតដែលទទួលបានអាហារូបករណ៍ទៅសិក្សាផ្នែកគណិតវិទ្យានៅបរទេស។

លោក ចេង បូរិទ្ធ បានលើកឡើងថា៖ «បញ្ហាសំខាន់ដែលរុញច្រានឱ្យមនុស្សជោគជ័យក្នុងការសិក្សាគឺ យើងខ្លួនឯង ប្រសិនបើយើងមានការតាំងចិត្តខ្ពស់ មានភាពរឹងមាំ និងទំនុកចិត្តលើខ្លួនឯង នោះយើងនឹងអាចជម្នះអ្វីគ្រប់យ៉ាង»។

លោក បូរិទ្ធ បានលើកឡើងផងដែរថា ដើម្បីបង្កើនទំនុកចិត្តលើខ្លួនឯង និងបង្កើនសក្តានុពលជីវិតឱ្យកាន់តែមានថាមពលខ្លាំង ទាំងក្នុងជីវិតសិក្សា និងការងារ ចាំបាច់ត្រូវគិតដល់ចំណុចសំខាន់មួយចំនួនដូចជា សុខភាព ការគិត និងស្មារតី។

សុខភាពជារឿងសំខាន់មួយដែលមិនអាចមើលរំលង ព្រោះការតស៊ូក្នុងដំណើរជីវិត ទាមទារឱ្យមានការប្រយុទ្ធរយៈពេលវែង ប្រសិនបើយើងមានសុខភាពល្អ យើងនឹងអាចតស៊ូបានជាមួយនឹងឧបសគ្គលំបាកនានាបានយ៉ាងងាយ តែប្រសិនបើយើងមានសុខភាពមិនល្អ ការគិត និងស្មារតី ក៏មិនល្អទៅតាមនោះដែរ។ សម្រាប់សិស្សពូកែ ដែលពោរពេញទៅដោយការតស៊ូខាងលើ គឺលោកបានជម្នះបញ្ហាប្រឈមច្រើនជាងមនុស្សធម្មតា ព្រោះលោកមានជំងឺស្វិតជើងម្ខាង តែទោះជាយ៉ាងណាលោកមិនបណ្តោយឱ្យឧបសគ្គផ្នែករាងកាយនេះគ្របដណ្តប់លើភាពរឹងមាំរបស់លោកបានឡើយ។

លោកបានបញ្ជាក់ថា សុខភាពមិនសូវល្អពីកំណើតមិនមែនជាបញ្ហាធំទេ តែអ្វីដែលត្រូវគិតគឺការតស៊ូជម្នះវាឱ្យបាន។ ទោះជារាងកាយលោកមិនសូវមាំ ក៏លោកនៅតែឃើញពីភាពវិជ្ជមានសម្រាប់ជីវិត ហើយខិតខំហាត់ប្រាណដើម្បីទទួលបានភាពរឹងមាំផ្នែកសាច់ដុំ ហើយលោកក៏ធ្លាប់បំបែកកំណត់ត្រាខ្លួនឯងដោយជិះកង់រហូតជាង 100គីឡូម៉ែត្រថែមទៀតផង។

លោក ចេង បូរិទ្ធ បាននិយាយថា៖ «អ្នកចិត្តវិទ្យា បានរកឃើញថា អ្នកហាត់ប្រាណគឺមានភាពឆ្លាតវៃជាអ្នកមិនធ្លាប់ហាត់ប្រាណទៀងទាត់»។

ក្រៅពីការជម្នះបញ្ហាសុខភាព អតីតសិស្សពូកែថ្នាក់ជាតិរូបនេះក៏បានចែករំលែកបទពិសោធស្តីពីវិធីនៃការគិតដើម្បីទទួលបានជ័យជម្នះក្នុងដំណើរជិវិត។ លោកថា ដើម្បីក្លាយជាមនុស្សពូកែ យើងគួរតែចាប់ផ្តើមពីការបើកចិត្តឱ្យបានទូលាយទទួលយកគំនិតថ្មីៗដែលមានប្រយោជន៍ពីគ្រប់មជ្ឈដ្ឋាន តាមរយៈការអាន និងការស្រាវជ្រាវលើគំហើញថ្មីៗរបស់មនុស្ស។ ការអានអាចធ្វើឱ្យមនុស្សខ្សោយក្លាយជាមនុស្សខ្លាំងបាន ព្រោះលោកបានឆ្លងកាត់វាដោយខ្លួនឯងផ្ទាល់។

លោក បូរិទ្ធ មិនមែនជាសិស្សដែលមានមូលដ្ឋានគ្រឹះផ្នែកភាសាខ្ពស់ទេ នៅវិទ្យាល័យ តែពេលនេះលោកអាចចេះភាសាមួយចំនួនយ៉ាងស្ទាត់ជំនាញ ដូចជាភាសាខ្មែរដែលជាភាសាកំណើត ភាសាអង់គ្លេស ភាសាថៃ និងភាសាឡាវថែមទៀតផង។ ចំណេះដឹងភាសាទាំងនេះ កើតចេញពីការអាន ព្រោះការរៀនភាសាទាមទារឱ្យមនុស្សអានឱ្យបានច្រើន។ លោកសាកល្បងពង្រឹងសមត្ថភាពខ្លួនឯងម្តងហើយម្តងទៀតរហូតអាចអានបានយ៉ាងល្អ និងថែមទាំងអាចក្លាយជាអ្នកបកប្រែចំពោះឯកសារសំខាន់ៗមួយចំនួនថែមទៀតផងនាពេលបច្ចុប្បន្ននេះ។ ការអានមិនត្រឹមតែធ្វើឱ្យយើងចេះភាសាបានល្អប៉ុណ្ណោះទេ តែវាកាន់តែសំខាន់ទៅទៀតដើម្បីបើកចំហចិត្តខ្លួនឯង ទៅមើលពិភពខាងក្រៅដែលអ្នកនិពន្ធបានចងក្រងទុក ជាមួយនឹងបទពិសោធជីវិត រួមទាំងគំនិតល្អៗដែលត្រូវបានដកស្រង់ពីប្រវត្តិសាស្រ្ត។

ចំពោះបញ្ហាស្មារតីវិញ លោក ចេង បូរិទ្ធ លើកឡើងថា នៅពេលដែលយើងមានសុខភាពផ្នែកផ្លូវកាយ និងផ្លូវចិត្តល្អ ស្មារតីរបស់យើងក៏មានភាពរឹងមាំទៅតាមនោះដែរ។ ជាគន្លឹះដែលលោកចែករំលែក គឺព្យាយាមបង្កើនភាពចាស់ទុំរបស់ខ្លួនតាមរយៈការគ្រប់គ្រងអារម្មណ៍ឆេវឆាវឱ្យបាន ទប់ភាពសប្បាយជ្រុល ភាពសោកសៅជ្រុល និងបំបាត់អារម្មណ៍ធុញថប់នៅក្នុងចិត្តឱ្យបាន។ ដើម្បីគ្រប់គ្រងលើស្ថានភាពអវិជ្ជមានទាំងអស់នោះបាន ការហាត់ប្រាណ ការមើលភាពយន្តដែលផ្តល់នូវគំនិតល្អៗ ការអានទស្សនទានដែលមានប្រយោជន៍ និងសមាធិសុទ្ធតែជារឿងដែលយើងអាចធ្វើបាន។ ក្រៅពីនេះ យើងគួរស្វែងរកពេលសម្រាកឱ្យបានល្អ រួមទាំងស្វែងរកភាពស្ងប់ស្ងាត់ដើម្បីពិចារណាលើចំណុចដែលត្រូវកែលម្អសម្រាប់ខ្លួនឯង និងធ្វើអ្វីដែលយើងគិតថាសប្បាយចិត្ត ដើម្បីបង្កើនសុភមង្គលសម្រាប់ខ្លួនឯងឱ្យបានច្រើន។ នៅពេលដែលយើងសប្បាយចិត្តហើយ ការសិក្សា និងការងារក៏នឹងអភិវឌ្ឍបានល្អទៅតាមនោះដែរ៕

Advertisement