ផ្នត់គំនិត​ចាស់​មួយចំនួន​ជា​ឧបសគ្គ​សម្រាប់​កូនស្រី​ដែល​ចង់​រៀន​បច្ចេកទេស

ស្ត្រី​បង្វិល​ចង្ក្រាន​មិន​ជុំ ជា​ពាក្យចាស់​តែង​លើកឡើង ហើយក៏​ជា​ពាក្យ​ដែល​បង្ហាញ​ពី​ការ​មិនសូវ​ឱ្យ​តម្លៃ​លើ​ស្ត្រី​សម្រាប់​កិច្ចការ​ក្រៅ​ផ្ទះ តែ​នាពេល​បច្ចុប្បន្ននេះ យើង​ឃើញថា​វិសមភាព​នៃ​ការអប់រំ​បាន​កាត់បន្ថយ​យ៉ាងច្រើន​រវាង​កូនប្រុស និង​កូនស្រី ហេតុនេះ​ពំនោល​ខាងលើនេះ​ក៏​មិនសូវ​ត្រូវបាន​គេ​លើក​យកមក​និយាយ​ដែរ។

ទោះជា​យ៉ាងនេះ​ក្តី ក៏​គេ​សង្កេតឃើញថា​បញ្ហា​គំនិត​មនុស្ស​ចាស់​មួយចំនួន​នៅតែ​ជា​បញ្ហា​នៅឡើយ​សម្រាប់​អាណាព្យាបាល​ជាច្រើន​នៅ​កម្ពុជា ដែល​មិន​ចង់ឱ្យ​កូនស្រី​ទៅ​រៀន​ផ្នែក​ជំនាញ​ដូចជា វិស្វករ បច្ចេកទេស​អគ្គិសនី សំណង់ ឬ​ការងារ​បច្ចេកទេសផ្សេងៗទៀត។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ រដ្ឋមន្ត្រី ក្រសួង​អប់រំ យុវជន និង​កីឡា ធ្លាប់បាន​លើកឡើងថា នាពេល​បច្ចុប្បន្ននេះ​ការងារ​ជាច្រើន​យើង​សុទ្ធតែ​អាចធ្វើ​បាន​ដូចគ្នា ហើយ​ក្រសួង​ក៏​ខំ​ជំរុញ និង​លើកទឹកចិត្ត​ដល់​ស្ត្រី​កម្ពុជា​ដើម្បី​មានឱកាស​ទទួល​បានកា​រ​អប់រំ​លើ​គ្រប់ផ្នែក រួមទាំង​ផ្នែក​បច្ចេកទេស​ផងដែរ។

នាពេល​បច្ចុប្បន្ននេះ វិស័យ​បច្ចេកវិទ្យា​នៅមាន​ចំនួន​ស្ត្រី​ធ្វើការ​តិចតួច​នៅឡើយ តែ​ទោះជា​យ៉ាងនេះ​ក្តី ជាទូទៅ​ក៏​គេ​ឃើញ​ផងដែរ​នូវ​វត្តមាន​របស់​ស្ត្រី​ក្នុង​វិស័យ​បច្ចេកវិទ្យា ដែល​ស្ត្រី​បាន​ដើរតួនាទីសំខាន់ៗដូចជា​អ្នកគ្រប់គ្រង ឬ​អ្នក​ប្រឹក្សា​បច្ចេកទេស​ជាដើម។

បង្ហាញ​ពី​គុណ​តម្លៃ​របស់​ស្ត្រី​ក្នុងសង្គម​កម្ពុជា កញ្ញា លឹម លី​ឆាយ ស្ត្រី​ខ្មែរ​មួយរូប​ដែល​បាន​ជម្នះ​ឧបសគ្គ​នានា​ពី​តំបន់​ជនបទ ហើយ​ចេញទៅ​សិក្សា​នៅ​បរទេស​បាន​លើកឡើងថា មនុស្ស​ចាស់​មួយចំនួន​នៅ​ជនបទ​កូនស្រី​នៅមាន​ឧបសគ្គ​ច្រើន​នៅឡើយ ព្រោះ​ពួកគាត់​តែង​គិតថា​ស្ត្រី​មិនបាច់​រៀន​ច្រើន​ក៏បាន​ដែរ ព្រោះ​មុននឹង​ក្រោយ​គង់តែ​ក្លាយជា​ស្ត្រី​មេផ្ទះ​ដដែល។ កញ្ញា​លើកឡើងថា ជំនាញ​បច្ចេកទេស ឬ​ជំនាញ​នានា​តាមពិតទៅ​ពេលខ្លះ​ស្ត្រី​អាចធ្វើ​បានល្អ​មិន​ចាញ់​បុរស​នោះទេ​ប្រសិនបើ​គាត់​មានការ​តាំងចិត្ត ព្រោះ​ស្ត្រី​មាន​លក្ខណៈពិសេស​ម្យ៉ាង​គឺ​ភាព​ហ្មត់ចត់ និង​ការតស៊ូ​ខ្ពស់៕

Advertisement