ការឱ្យ​ពិន្ទុ​បាក់​ឌុប​ឆ្នាំនេះ​តឹងតែង​ជាង​រាល់​ឆ្នាំ

ដើម្បី​ធានា​ដល់​ភាព​សុក្រឹត​ក្នុងការ​ប្រឡង​បាក់​ឌុប​ឆ្នាំនេះ ក្រសួង​អប់រំ យុវជន និង​កីឡា បានធ្វើ​ការតាមដាន​ការអនុវត្ត និង​នីតិវិធី​តាំងពីដើម​រហូតមកដល់​ដំណាក់កាល​កែ​វិញ្ញាសា និង​អាច​បន្ត​រហូតដល់​ការប្រកាស​លទ្ធផល នៅ​ថ្ងៃទី12 ខែកញ្ញា សម្រាប់​មណ្ឌល​នៅ​ភ្នំពេញ និង​ខេត្តកណ្តាល និង​នៅ​ថ្ងៃទី13 ខែកញ្ញា សម្រាប់​មណ្ឌល​ប្រឡង​នៅតាម​ខេត្ត។

នៅក្នុង​ដំណើរការ​នៃ​ការឱ្យ​ពិន្ទុ​សិស្ស​ប្រឡង​បាក់​ឌុប​នៅ​ឆ្នាំនេះ ជាទូទៅ​មាន​ស្ថានភាព​ប្រសើរ និង​តឹងតែង ព្រោះ​ក្រសួង​បាន​ឃ្លាំមើល និង​តាមដាន ការកែ​ដោយ​សហការ​ជាមួយនឹង​អង្គភាព​ប្រឆាំង​អំពើពុករលួយ រួមជាមួយ​ភាគី​ពាក់ព័ន្ធ​ជាច្រើន​ទៀត។

ជាក់ស្តែង ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន ក៏បាន​ចុះទៅពិនិត្យ​ដោយផ្ទាល់​នៅតាម​មណ្ឌល​កំណែ​នានា ដែល​ថ្ងៃទី27 ម្សិលមិញ​នេះ រដ្ឋមន្ត្រីក្រសួង​អប់រំ ក៏បាន​ចុះទៅពិនិត្យ​ការធ្វើ​កំណែ​នៅ​មណ្ឌល​កំណែ​ជាស៊ីម​បឹង​កេងកង សម្រាប់​កំណែ​មុខវិជ្ជា​ភូមិវិទ្យា​ជាដើម។ ស្របពេល​ជាមួយគ្នានេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក៏បាន​ដាក់​អ្នកសង្កេតការណ៍​សកម្ម​ភាព នៃ​ដំណើរការ​កំណែ​សន្លឹក​កិច្ចការ​បេក្ខជន ដោយ​ពួកគាត់​បាន​ប្រើប្រាស់​កាមេរ៉ា​សុវត្ថិភាព​ដើម្បី​ឃ្លាំមើល និង​អាច​ថត​ទុកជា​ភស្តុតាង​សម្រាប់​ភាពមិនប្រក្រតី​នានា​ផងដែរ៕

Advertisement