ឈប់ភ័យជាមួយការការពារ Assignment ដោយចាប់ផ្តើមអនុវត្តវិធីសាស្រ្តងាយៗ

និស្សិតជាច្រើនដែលកំពុងសិក្សានៅមហាវិទ្យាល័យនានា សុទ្ធតែមានបញ្ហាស្រដៀងគ្នាមួយ គឺពួកគេមានភាពភ័យខ្លាចនៅពេលដែលការពារកិច្ចការស្រាវជ្រាវ (Assignment) របស់ខ្លួននៅចំពោះមុខមនុស្សច្រើន។ ភាពភ័យខ្លាចទាំងអស់នោះ កើតចេញពីរឿងផ្សេងៗ ហើយវាទាមទារឱ្យមានវិធីសាស្រ្តដើម្បីទប់ស្កាត់ភាពភ័យខ្លាច ហើយបញ្ចេញឱ្យអស់នូវសក្តានុពលរបស់ខ្លួនឯងនៅក្នុងថ្នាក់។ ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួន ដែលធ្វើឱ្យអ្នកធ្វើបទបង្ហាញបានល្អ។

1. អានឱ្យចប់មុនធ្វើបទបង្ហាញ
អ្នកសិក្សាភាគច្រើនជួបរឿងភ័យខ្លាចព្រោះមិនយល់ច្បាស់ពីអត្ថន័យសំខាន់ដែលមាននៅលើប្រធានបទដែលខ្លួនបានស្រាវជ្រាវឡើង ហេតុនេះជម្រើសល្អបំផុតសម្រាប់ពួកគេ គឺអានឱ្យចប់នូវឯកសារនោះដើម្បីធានាថាយើងបានយល់ច្បាស់ពីប្រធានបទ។ ក្នុងករណីដែលមានចម្ងល់ត្រូវព្យាយាមសួរសមាជិកក្រុមភ្លាម ដើម្បីស្រាវជ្រាវរកចម្លើយចៀសវាងមិនយល់ពេលត្រូវបានគេសួរ។

2. សាកល្បងធ្វើបទបង្ហាញត្រៀម
អ្នកធ្វើបទបង្ហាញដែលល្អជាមនុស្សដែលពោរពេញទៅដោយភាពក្លាហាន និងវោហាស័ព្ទយ៉ាងមានថាមពល ហេតុនេះយើងគួរព្យាយាមឱ្យអស់លទ្ធភាពដើម្បីកសាងសេចក្តីក្លាហានតាមរយៈការធ្វើបទបង្ហាញត្រៀម។ ការធ្វើបទបង្ហាញត្រៀមមុនពេលនិយាយពិតប្រាកដអាចធ្វើឱ្យនិស្សិតមានសេចក្តីក្លាហាន និងមានភាពបត់បែនបានល្អ។

3. សម្លឹងមើលមនុស្សឱ្យបានគ្រប់គ្នា
នៅមុនពេលដែលអ្នកចាប់ផ្តើមធ្វើបទបង្ហាញ អ្នកគួរតែមើលទៅមនុស្សគ្រប់គ្នាដែលកំពុងស្តាប់ដើម្បីឱ្យខួរក្បាលអាចទទួលយករូបភាពបានល្អ និងកាត់បន្ថយភាពភ័យខ្លាច។ នៅពេលដែលអ្នកបានមើលមនុស្សសព្វអស់ហើយ អ្នកអាចសម្រួលអារម្មណ៍ ហើយផ្តោតតែលើចំណុចសំខាន់នៃប្រធានបទតែមួយមុខគត់។ ពេលនោះអ្នកនឹងអាចធ្វើបទបង្ហាញដោយមិនសូវមានភាពភ័យខ្លាច ហើយអាចឆ្លើយសំណួរដោយប្រើក្រសែភ្នែកប្រកបដោយភាពជឿជាក់ទៅគ្រប់ជ្រុងនៃអ្នកចូលរួមឬវេទិកា៕

Advertisement