ទួ​រ​ប៊ី​ន​ខ្យល់​ធ្វើ​ពី​ឈើ​ដែល​ខ្ពស់​ជាងគេ​លើ​ពិភពលោក

ក្រុម​អ្នកជំនាញ​របស់​ក្រុមហ៊ុន Modvion នៅ​ប្រទេស​ស៊ុយអែត កំពុងតែ​ប្រើប្រាស់​ភាព​ធន់​របស់​ឈើ ដើម្បី​បង្កើត​​​កង្ហារ​​ផលិត​អគ្គិសនី​ពី​កម្លាំង​ខ្យល់។

ទួ​រ​ប៊ី​ន​ខ្យល់​ធ្វើ​ពី​ឈើ​ខ្ពស់​ជាងគេ​លើ​ពិភពលោក​របស់ Modvion ត្រូវបាន​ផលិតឡើង​ទៅតាម​ការបញ្ជា​ទិញ​ពី​ក្រុមហ៊ុន​ថាមពល Varberg Energi នៅ​ប្រទេស​ស៊ុយអែត។ កង្ហារ​ផលិត​អគ្គិសនី​ពី​កម្លាំង​ខ្យល់​​នេះ​មាន​កម្ពស់ 150 ម៉ែត្រ បើ​គិត​ទាំង​ប្រវែង​របស់​ស្លាប​កង្ហារ។  ទួ​រ​ប៊ី​ន​នេះ​ត្រូវបាន​ផលិត​ជា​ម៉ូឌុល និង​អាច​ដំ​ឡើងជា​រូបរាង​ចុងក្រោយ​ដោយ​ប្រើប្រាស់​កាវ​ពិសេស ជំនួស​ឱ្យ​ខ្ចៅ។

តាម​គម្រោង កង្ហារ​ផលិត​អគ្គិសនី​ពី​ថាមពល​​ខ្យល់​ដែលមាន​កម្លាំង 2 ម៉េ​ហ្គា​វ៉ា​ត់​នេះ នឹងត្រូវ​បាន​ដឹក​ទៅកាន់ Skara នៃ​ប្រទេស​ស៊ុយអែត​ នៅក្នុង​ឆ្នាំនេះ។

បន្ទាប់ពី​ឈប់​ដំណើរការ ទួរប៊ីនខ្យល់​​នេះ​អាច​ត្រូវបាន​ប្រើប្រាស់​ឡើងវិញ​នៅក្នុង​គម្រោង​ដទៃ។ កន្លង​មក ក្រុមហ៊ុន Modvion ក៏បាន​ដំឡើង​ទួ​រ​ប៊ី​ន​ឈើ​គំរូ​មួយ​ដែល​ផលិត​កាលពី​ឆ្នាំ 2020 នៅលើ​កោះ Bjorko របស់​ប្រទេស​ស៊ុយអែត៕

Advertisement