ក្រុមហ៊ុន​ឯកជន​ចិន​​ក្លាយ​ជា​អ្នក​បាញ់​បង្ហោះ​រ៉ុក្កែត​ប្រើឥន្ធនៈ​រាវ​​ជោគ​ជ័យ​ដំបូង​គេ​​ក្នុង​ជើង​ទីមួយ

Space Pioneer បាន​ក្លាយជា​ក្រុមហ៊ុន​ឯកជន​ដំបូង​គេ​របស់​ប្រទេស​ចិន ដែល​បាន​បាញ់​បង្ហោះ​ផ្កាយរណប​ដោយ​ជោគជ័យ ដោយ​ប្រើប្រាស់​រ៉ុក្កែត​ដំណើរការ​ដោយ​ឥន្ធនៈ​រាវ។

រ៉ុក្កែត​ដែល​ត្រូវបាន​ក្រុម​ហ៊ុន​ចិន Space Pioneer​​ ហៅថា Tianlong 2 (Sky Dragon 2) នេះ ហោះ​ឡើង​ពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​​ផ្កាយរណប Jiuquan (Jiuquan Satellite Launch Center) នៅ​ភាគ​ពាយព្យ​ប្រទេស​ចិន​កាលពី​ម៉ោង 16 និង 48 នាទី ថ្ងៃទី 02 មេសា។ មិនយូរប៉ុន្មាន​ក្រោយ​ការបាញ់​បង្ហោះ រ៉ុក្កែត​នេះ​ក៏បាន​ដាក់ពង្រាយ​ផ្កាយរណប​វាស់វែង​ពី​ចម្ងាយ​ទៅក្នុង​គន្លង​គោចរ​ដែលមាន​ចម្ងាយ​ប្រហែល 500 គីឡូម៉ែត្រ​ពី​ផែនដី​ដោយ​ជោគជ័យ។

ការបាញ់​បង្ហោះ​នេះ​គឺជា​លើកទីមួយ​ហើយ ដែល​រ៉ុក្កែត​ប្រើប្រាស់​ឥន្ធនៈ​រាវ​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ឯកជន​របស់​ចិន បាន​ទៅដល់​គន្លង​តារាវិថី​ដោយ​ជោគជ័យ។ Space Pioneer ក៏បាន​ក្លាយជា​ក្រុមហ៊ុន​ដំបូង​គេ​លើ​ពិភពលោក​ដែល​សម្រេចបាន​ជោគ​ជ័យ​​នេះ​នៅក្នុង​ការប្រឹងប្រែង​ដំបូង។ នៅមុន Tianlong 2 រាល់​រ៉ុក្កែត​ប្រើប្រាស់​ឥន្ធនៈ​រាវ​ដែល​អភិវឌ្ឍ​ដោយ​បណ្ដា​ក្រុមហ៊ុន​ឯកជន​ដទៃ​ដូចជា SpaceX, Virgin Orbit និង LandSpace ជាដើម សុទ្ធតែ​បរាជ័យ​ក្នុងការ​សាកល្បង​បាញ់​បង្ហោះ​លើកដំបូង។

Tianlong 2 គឺជា​រ៉ុក្កែត​ប្រើ​ឥន្ធនៈ​រាវ​ដែលមាន​បី​ជាន់ កម្ពស់ 32.8 ម៉ែត្រ ទទឹង 3.35 ម៉ែត្រ និង​មាន​ទម្ងន់​ដែល​អាច​ហោះ​ឡើង 153 តោន។ វា​អាច​នាំយក​ទំនិញ​ទម្ងន់ 2,000 គីឡូក្រាម​ឡើងទៅ​កាន់​គន្លង​គោចរ​កម្រិត​ទាប​របស់​ផែនដី។ យោងតាម Space Pioneer រ៉ុក្កែត​នេះ​ប្រើប្រាស់​ប្រេងកាត​ដែលមាន​ប្រភពពី​ធ្យូងថ្ម៕

Advertisement