ប្រទេស​នៅ​អឺរ៉ុប សម្ពោធ​មជ្ឈមណ្ឌល​ផ្ទុក​អគ្គិសនី​ធំជាងគេ​បង្អស់​​នៅ​លើ​ពិភពលោក

មជ្ឈមណ្ឌល​ផ្ទុក​ថាមពល​អគ្គិសនី​របស់​ Corsica Sole នៅ​ ប្រទេស​បែលហ្ស៊ិក

(បែលហ្ស៊ិក)- រោងចក្រ​មួយ​​អាច​ផ្ទុក​អគ្គិសនីបាន​ 100 MWh ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Corsica Sole ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​នៅ Wallonia ចាប់ពី​ខែ​នេះ។

ទន្ទឹមនឹង​ការកើនឡើង​​សម្ពាធ​នៃ​ការកាត់បន្ថយ​ឧស្ម័ន​របស់ រុស្ស៊ី ដោយសារតែ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន ក្រុម​មេ​ដឹក​នេះ​នៅ អឺរ៉ុប កំពុង​ប្រឹងប្រែង​ដើម្បី​ធ្វើឱ្យមាន​តុល្យភាព​ចំពោះ​តម្រូវការ​ប្រើប្រាស់​ថាមពល​ជាមួយនឹង​ការ​ខ្នះខ្នែង​ក្នុងការ​ទប់ទល់​នឹង​បម្រែ​ប​ម្រួ​ល​អាកាសធាតុ។ មជ្ឈមណ្ឌល​ផ្ទុក​ថាមពល​ថ្មី​នៅ Wallonia ប្រទេស​បែលហ្ស៊ិក អាចជា​គន្លឹះ​សម្រាប់​ដោះស្រាយ​វិបត្តិ​ថាមពល​បច្ចុប្បន្ន នេះ​បើតាម Michael Coudyser នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ថាមពលព្រះអាទិត្យ Corsica Sole។

រោងចក្រ​របស់ Corsica Sole ត្រូវបាន​បំពាក់​ថ្ម​ប្រភេទ​លី​ចូ​ម​អ៊ីយ៉ុង (lithium-ion battery) ខ្នាត​យក្ស​ចំនួន 40 ដែលមាន​សមត្ថភាព​ផ្ទុក​អគ្គិសនីបាន​ 100 MWh អនុញ្ញាតឱ្យ​ផ្គត់ផ្គង់​ថាមពល​ប្រកបដោយ​ស្ថិរភាព​នៅក្នុង​​បណ្ដាញ​អគ្គិសនី​សាធារណៈ សូម្បីតែ​នៅពេល​ការផលិត​អគ្គិសនី​ពី​ថាមពលខ្យល់ ឬ​ព្រះអាទិត្យ​មានការ​ប្រែប្រួល។ ថ្ម​មួយគ្រាប់ៗរបស់​មជ្ឈមណ្ឌល​ខាងលើ មានតម្លៃ​រហូតដល់ 845,000 ដុល្លារ​អាម៉េរិក និង​មាន​អាយុកាល​ប្រហែល 10 ឆ្នាំ ហើយ​បន្ទាប់មក​អាច​យកទៅ​កែច្នៃ​ឡើងវិញ​ផងដែរ។

មជ្ឈមណ្ឌល​ផ្ទុក​ថាមពល​អគ្គិសនី​របស់​ Corsica Sole នៅ​ ប្រទេស​បែលហ្ស៊ិក

Raphael Lance ប្រធាន​មូលនិធិ​ផ្លាស់ប្ដូរ​ថាមពល​នៅ Mirova និង​ជា​ដៃគូ​ហិរញ្ញវត្ថុ​មួយ​របស់​គម្រោង​ខាងលើ សង្កត់ធ្ងន់ថា រដ្ឋាភិបាល​នានា​ចង់​វិនិយោគ​ខ្លាំងណាស់​ទៅលើ​មូលដ្ឋាន​ផ្ទុក​អគ្គិសនី​ទ្រង់ទ្រាយ​ធំ ព្រោះថា​វា​ទាក់ទង​ផ្ទាល់​ទៅនឹង​ការរីកចម្រើន​របស់​វិស័យ​ថាមពល​កកើត​ឡើងវិញ។

ក្រៅពី​គម្រោង​ផ្ទុក​អគ្គិសនី​ធំ​បំផុត​ប្រចាំ ទ្វីបអឺរ៉ុប នៅ បែ​ល​ហ្ស៊ី​ក នេះ សហភាព​អឺរ៉ុប បច្ចុប្បន្នថែមទាំង​មានកម្ម​វិធី​ថ្មី​មួយទៀត​ដែលមាន​ឈ្មោះថា RepowerEU ដែល​​ជួយ​ដល់​ប្រទេស​ជា​សមាជិក​បង្កើន​ភាពម្ចាស់កា​រលើ​ថាមពល។ នេះ​គឺជា​ផែនការ​សន្សំ​សំ​ច័យថាមពល ផលិត​ថាមពល​ស្អាត និង​ការធ្វើ​ពិពិធ​កម្ម​ប្រភព​ផ្គត់ផ្គង់​ថាមពល​របស់ អឺរ៉ុប៕

Advertisement