យន្តហោះ​ដំណើរ​ការ​ដោយ​អ៊ីដ្រូសែន​រាវ-អគ្គិសនី​​ដំបូង​គេ​លើ​ពិភពលោក

ក្រុម​ហ៊ុន​អាកាសចរណ៍​មួយ​នៅ​ Stuttgart នៃ​ប្រទេស​អាល្លឺម៉ង់ ប្រកាស​ថា យន្តហោះ​អគ្គិសនី​ H&4 ដំណើរ​ការ​ដោយ​អគ្គិសនី​ពី​ថ្ម​ផ្ទុក​ឥន្ធនៈ​អ៊ីដ្រូសែន​រាវ​របស់​ខ្លួន​ បាន​ទទួល​ជោគ​ជ័យក្នុង​ការ​ហោះ​ហើរ​សាកល្បង​ដែល​មាន​មនុស្ស​បើកបរ។

នេះ​គឺជា​ជំហាន​ថ្មីបំផុត​នៃ​បច្ចេកវិទ្យា​​របស់​​វិស័យ​អាកាសចរណ៍ ​ក្នុង​ការ​ប្រឹង​ប្រឹង​កាត់បន្ថយ​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ ជា​ឧស្ម័ន​ដែល​ធ្វើ​ឱ្យ​ផែនដី​ឡើង​កម្ដៅ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។

ក្រុម​ហ៊ុន​អាល្លឺម៉ង់ H2Fly ឱ្យ​ដឹង​ថា HY4 គឺជា​យន្តហោះ​ 4 កៅអី ដំណើរ​ការ​ដោយ​ថ្ម​ផ្ទុក​ថាមពល​អ៊ីដ្រូសែន​រាវ​ ក្នុង​នោះ​អ៊ីដ្រូសែន​ប្រតិកម្ម​ជាមួយ​នឹង​អុកស៊ីសែន​ ហើយ​ត្រូវ​បាន​បំប្លែង​ទៅ​ជា​អគ្គិសនី​ និង​ទឹក​។ ដូច្នេះ​សំណល់​តែ​មួយ​គត់​​ដែល​វាបំភាយ​ នោះ​គឺ​ទឹក​ ដែល​មិន​បង្ក​ផល​ប៉ះពាល់​​ដល់​បរិស្ថាន​ មិន​ដូច​ឧស្ម័ន​កាបូន​នៅ​ក្នុង​វិស័យ​អាកាសចរណ៍​​ដែល​កំពុង​ពេញ​និយម​នា​បច្ចុប្បន្ន​។

ការ​ប្រើប្រាស់​ឥន្ធនៈ​អ៊ីដ្រូសែន​រាវ​ជំនួស​អ៊ីដ្រូសែន​ទម្រង់​ឧស្ម័ន​ បាន​ជួយ​ឱ្យ​រយៈ​ចម្ងាយ​អតិបរមា​នៃ​ការ​ហោះ​ហើរ​របស់​យន្តហោះ HY4 ​កើន​ពី​ 750 គីឡូម៉ែត្រ ឡើងដល់​ 1,500 គីឡូម៉ែត្រ​។

ក្រុម​ហ៊ុន​ខាង​លើ​ឱ្យ​ដឹង​ថា មាន​គម្រោង​ស្ថាបនា​មជ្ឈមណ្ឌល​អាកាសចរណ៍​អ៊ីដ្រូសែន​នៅ​ឯ​ព្រលាន​យន្តហោះ Stuttgart ក្នុង​ឆ្នាំ​ 2024 ដើម្បី​អភិវឌ្ឍ​យន្តហោះ​ទេសចរណ៍​ 40 កៅអី ដែល​ដំណើរ​ការ​ដោយ​អ៊ីដ្រូសែន​-អគ្គិសនី​ ចាប់​ពី​​ឆ្នាំ 2025​៕

Advertisement