​កិច្ច​សន្យា​សាងសង់​ហេដ្ឋារចនា​សម្ព័ន្ធ​​លើឋាន​ព្រះចន្ទ ត្រូវ​បាន​ប្រគល់​ទៅ​ឱ្យ​ក្រុម​ហ៊ុន​អាម៉េរិក​

ណាសា (NASA) បាន​ប្រគល់​កិច្ច​សន្យា​តម្លៃ​ជិត 60 លាន​ដុល្លារ​ទៅ​ឱ្យ​ក្រុមហ៊ុន​ ICON ដើម្បី​អភិវឌ្ឍ​បច្ចេកវិទ្យា​ស្ថាបនា​ហេដ្ឋារចនា​សម្ព័ន្ធ​សម្រាប់​ឋាន​ព្រះចន្ទ​។

ក្នុង​កិច្ច​ប្រឹង​ប្រែង​ស្វែង​រក​ដំណោះ​ស្រាយជាក់ស្ដែង​ដើម្បី​ស្ថាបនា​ហេដ្ឋារចនា​សម្ព័ន្ធ​នានា​ដែល​មាន​ភាព​រឹង​មាំ​នៅ​លើ​ដី​ឋាន​ព្រះចន្ទ ទីភ្នាក់​ងារ​អវកាស​អាម៉េរិក (NASA) បាន​បង្កើន​កិច្ច​សហការ​ជាមួយ​នឹង ICON ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​សំណង់​​​មួយ​នៅរដ្ឋ Texas ដែល​មាន​ឈ្មោះ​ល្បី​ក្នុង​ការ​សាងសង់​ផ្ទះ​បោះ​ពុម្ព 3D ​អាច​ស្នាក់​នៅ​បានដំបូង​គេ​ នៅ សហរដ្ឋ​អាម៉េរិក កាល​ពី​ឆ្នាំ 2018។

យោងតាម​ប្រកាស​កាល​ពី​ថ្ងៃទី 29 វិច្ឆិកា ណាសា បាន​ប្រគល់​កិច្ច​សន្យា​តម្លៃ 57.2 លាន​ដុល្លារ​ ដែល​មាន​សុពល​ភាព​ដល់​ឆ្នាំ 2028 ទៅ​ឱ្យ ICON ដើម្បី​អភិវឌ្ឍ​បច្ចេកវិទ្យា​ដែល​អាច​ជួយ​ដល់​សកម្មភាព​ស្ថាបនា​សេដ្ឋា​រចនា​សម្ព័ន្ធនៅ​លើ​ឋាន​ព្រះចន្ទ មាន​​ដូច​ជា ទីលាន​ចុះ​ចត បរិយា​កាស​សម្រាប់​ការ​រស់​នៅ និង​ផ្លូវ​ចរាចរណ៍​ជា​ដើម​។

កិច្ច​សន្យា​ថ្មីនេះ​គឺជា​ការ​បន្ត​កិច្ច​ប្រឹង​ប្រែង​របស់ ICON ទៅតាម​កិច្ច​សន្យា​ផ្ទួន​ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី ណាសា និង​ទ័ព​អាកាស​របស់ អាម៉េរិក​ ដែល​មាន​ឈ្មោះ​ថា ការ​ស្រាវជ្រាវ​ប្ដូរផ្លាស់​សហគ្រាស​ធុនតូច (SBIR)។ ក្នុង​ដំណាក់​កាល​មុន​នោះ SBIR បាន​ពិនិត្យ​លទ្ធភាព​​ប្រើ​ប្រាស់​បច្ចេកវិទ្យា​បោះពុម្ព​ 3D ក្នុង​បេសកកម្ម​អវកាស​ និង​រុករក​ចំណុច​ប្រហាក់​ប្រហែល​គ្នា​រវាង​កម្មវិធី​ ទម្រង់​នៅ​លើ​ផែនដី និង​ក្រៅ​ផែន​ដី​។

ដំណាក់​កាល​ទី 3 របស់ SBIR នឹង​ផ្ដោត​ទៅលើ​ការ​អភិវឌ្ឍប្រព័ន្ធ​ស្ថាបនា​គម្រោង​ Olympus របស់ ICON ក្នុង​ការ​ប្រើប្រាស់​ធនធាន​ដែល​មាន​ស្រាប់​នៅ​លើឋានព្រះចន្ទ​ និង​ភព​ព្រះអង្គារ ធ្វើ​ជា​វត្ថុធាតុ​សម្រាប់​​ការ​សាងសង់​ហេដ្ឋារចនា​សម្ព័ន្ធ​បម្រើ​ដល់​​បេសកកម្ម​យូរអង្វែង​។

ICON ក៏​ចូល​រួម​ការ​ប្រកួត​ «សាកល្បង​បរិស្ថាន​រស់​នៅ​បែប 3D» របស់ ណាសា ផងដែរ​។ ក្រុម​ហ៊ុន​នេះ​បាន​សហការ​ជាមួយ​សាលា​អណ្ដូងរ៉ែ​ Colorado នៅ សហរដ្ឋ​អាម៉េរិក ហើយ​ទទួល​បាន​ពាន​រង្វាន់​សម្រាប់​គំរូ​រចនា​សម្ព័ន្ធ​បោះ​ពុម្ព​ 3D ដែល​ត្រូវ​បាន​បញ្ជាក់​អំពី​កម្រិត​នៃ​ភាព​រឹងមាំ ប្រាកដ​ប្រជាជា​ដើម នៅ​ក្នុង​ស្ថានភាព​អាកាស​ធាតុ​អាក្រក់៕

Advertisement