តើទីក្រុងបែបណាទើបអាចហៅថា​ ជាទីក្រុងដែលឆ្លាតបំផុតនៅលើពិភពលោកក្នុងឆ្នាំ2018?

មួយរយៈពេលចុងក្រោយនេះ​ទីក្រុងឆ្លាតវៃ (Smart City) បានក្លាយជា​ប្រធានបទសំខាន់មួយសម្រាប់ប្រទេសអភិវឌ្ឍន៍​នានា​លើពិភពលោក ដោយក្នុងនោះ​តំបន់អាស៊ាន​ក៏កំពុងជំរុញឱ្យ​សមាជិករបស់ខ្លួន​ធ្វើការអភិវឌ្ឍទីក្រុងសំខាន់ៗឱ្យក្លាយទៅ​ជា​ទីក្រុងឆ្លាតវៃ ដើម្បី​តភ្ជាប់ការអភិវឌ្ឍនៅក្នុងតំបន់ឱ្យបានល្អប្រសើរឡើងដែរ។

បើយោងតាមទិន្នន័យរបស់ស្ថាប័នវាយតម្លៃ​ទីក្រុង​ឆ្លាតវៃ IESE Cities in Motion បានបង្ហាញ​ថា ទីក្រុង​ដែលឆ្លាតវៃជាងគេនៅលើពិភពលោក​ក្នុងឆ្នាំ2018 នេះ គឺទីក្រុង​ New York ហើយទីក្រុងដែលជាប់លេខបន្តបន្ទាប់ទៀតនោះគឺទីក្រុងឡុងដ៍ និងទីក្រុងប៉ារីស។ ទីក្រុងទាំងនេះ​ត្រូវបានគេរកឃើញថាបានបង្កើត​រឿងសំខាន់ៗជាច្រើនដើម្បី​អភិវឌ្ឍខ្លួនឱ្យក្លាយជាទីក្រុងឆ្លាតវៃ។ ចំណែកឯទីក្រុងឆ្លាតវៃ​បន្តបន្ទាប់ទៀតមានដូចជា ​ទីក្រុង​តូក្យូ ទីក្រុង Keykjavik ប្រទេសសិង្ហបុរី ទីក្រុងសេអ៊ូល ទីក្រុងតូរ៉ុនតូ ទីក្រុងហុងកុង និង​ទីក្រុង Amsterdam ក៏ត្រូវបានគេចាត់ទុកថាជាតំបន់ដែលស្ថិតក្នុងចំណាប់អារម្មណ៍ខ្ពស់ផងដែរខាង​ផ្នែកឆ្លាតវៃ​។

ទិន្នន័យដែលទទួលបានខាងលើនេះ គឺទទួលបានពីការវិភាគ និងវាយតម្លៃ​លើទីក្រុង​ចំនួន 165កន្លែងនៅក្នុងប្រទេស​ចំនួន 80 លើពិភពលោក។ ទិន្នន័យបានបង្ហាញថា ​ប្រទេស​ដែល​មានការអភិវឌ្ឍខ្លាំង ហើយ​មានទីក្រុង​ឆ្លាតវៃភាគច្រើន គឺមានកូនសោគន្លឹះសំខាន់ៗដូចជា ទីក្រុងដែលមាន​ការប្រើប្រាស់​ធនធាន​ប្រកបដោយចីរភាព ទីក្រុងដែលមានមូលធនមនុស្សច្រើន ទីក្រុងដែលមានសេវាសាធារណៈល្អចំពោះគ្រប់ប្រភេទមនុស្សទាំងអស់នៅក្នុង​សង្គមចម្រុះជាតិសាសន៍ ទីក្រុងដែលមាន​សេដ្ឋកិច្ចដំណើរការល្អ ទីក្រុងដែលមាន​បច្ចេកវិទ្យាគ្រប់គ្រងបរិស្ថានល្អ និងជាទីក្រុងដែលមានអភិបាលកិច្ចល្អ។ លើសពីនេះទៅទៀត ទីក្រុងដែលអាចជាប់ឈ្មោះថា ជាទីក្រុងឆ្លាតវៃ​នៅក្នុងយុគសម័យថ្មីនេះ ក៏ជាទីក្រុងដែលមានការរៀបចំ​ប្លង់គោលសម្រាប់ការអភិវឌ្ឍ​ និងពង្រីកខ្លួនបានល្អ ជាទីក្រុងដែល​មានប្រព័ន្ធទូរគមនាគមន៍ និងការដឹកជញ្ជូន​ទាំងសាធារណៈ និងឯកជនបានល្អ។

ទិដ្ឋភាពនៃទីក្រុងដ៏ស្រស់ស្អាត វៃឆ្លាត និងមានលក្ខណៈទំនើប

ចំពោះចំណុចលម្អិតដែល​ស្ថាប័នខាងលើផ្តោតផងដែរនោះគឺ សមត្ថភាពរបស់ទីក្រុងឆ្នើមៗទាំងអស់នោះក្នុងការប្រើប្រាស់​បច្ចេកវិទ្យាទំនើបក្នុងការដោះស្រាយបញ្ហា​របស់ប្រជាជន​ឱ្យមានការរស់នៅស្រួល និង​សមត្ថភាពក្នុងការគ្រប់គ្រង​ហានិភ័យសង្គមនានា​តាមរយៈ​បច្ចេកវិទ្យា និងប្រព័ន្ធឆ្លាតវៃ​ ដូចជា​ការគ្រប់គ្រងឧក្រិដ្ឋកម្ម ឬប្រព័ន្ធសុវត្ថិភាពសម្រាប់ការរស់នៅ ដើម្បីជំរុញឱ្យមនុស្សកាន់តែចង់ចូលទៅរស់នៅ។

ងាកមកមើលស្ថានភាពជាក់ស្តែងដែលធ្វើឱ្យ​ទីក្រុង​ ញូវយ៉ក ក្លាយជាទីក្រុងដែលជាប់លំដាប់ជាទីក្រុងឆ្លាតវៃបំផុតលើពិភពលោក គឺដោយសារតែ​ទីក្រុងនេះ​ជាទីក្រុងសេដ្ឋកិច្ចសំខាន់បំផុត ហើយវាក៏ជាទីក្រុងដែល​មានគម្រោងអភិវឌ្ឍន៍​យ៉ាងល្អិតល្អន់ទៅតាមដំណាក់កាលដែលសិក្សាយ៉ាងហ្មត់ចត់ពីផលប៉ះពាល់ និង​ផលចំណេញសម្រាប់អ្នក​រស់នៅគ្រប់គ្នា។ ចំណែកឯទីក្រុង​ឡុងដ៍ ដែលស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ2វិញ គឺជាទីក្រុងដែលមាន​ធនធានមនុស្សខ្លាំងៗច្រើនបំផុត ព្រោះទីក្រុងនេះសម្បូរទៅដោយ​សាលាពាណិជ្ជកម្ម និងសាកលវិទ្យាល័យ​ល្អៗដែលល្បីល្បាញពេញពិភពលោក និងបើមើលទៅទីក្រុងប៉ារីសដែលឈរក្នុងចំណាត់ថ្នាក់លេខ3វិញនោះគឺ ជាទីក្រុងទេសចរណ៍​ដ៏ទាក់ទាញមួយនៅក្នុងពិភពលោក​ ស្របពេលដែលទីក្រុងនេះមានប្រព័ន្ធដឹកជញ្ជូន​ល្អបំផុត ដូចជា​រថភ្លើងលឿនបំផុត ចំណែកផ្លូវសម្រាប់អ្នកជិះកង់ល្អបំផុត និងមានផ្លូវល្បឿនលឿន​ដែលប្រើប្រាស់បច្ចេកវិទ្យា​យ៉ាងសុវត្ថិភាព។

ដើម្បីសម្រេចបាន​នូ​វ​ចំណាត់ថ្នាក់ខ្ពស់ៗទាំងអស់នេះ​ ទីក្រុងនីមួយ​ៗក៏ចាំបាច់មានការគួបផ្សំពីអ្នកគ្រប់គ្រង​រដ្ឋបាលរបស់ទីក្រុងដែលពូកែ មានក្រុមហ៊ុន​រីកចម្រើនច្រើន​នៅក្នុងទីក្រុង រួមទាំងមាន​ក្រុម​មនុស្សដែលពោរពេញដោយសមត្ថភាពក្នុងការអភិវឌ្ឍ​គុណភាពនៃការរស់នៅរបស់ប្រជាជន​ដោយរាប់បញ្ចូលទាំងប្រព័ន្ធ​រៀបចំល្អប្រសើរផ្នែកលំនៅឋានជាដើម។ ម្យ៉ាងវិញទៀត ការរៀបចំ​ឱ្យទីក្រុងក្លាយជាទី​ចាំបាច់ដែលត្រូវជំរុញ និងលើកទឹកចិត្តឱ្យមាននវានុវត្តន៍​ថ្មីៗដើម្បីដោះស្រាយបញ្ហារួមប្រកបដោយ​ប្រសិទ្ធភាព និរន្តរភាព និងគុណភាព​នៃការរស់នៅខ្ពស់៕

គំរូតាងដែលបង្ហាញពីលក្ខណៈរបស់ទីក្រុងឆ្លាតវៃមួយ
Advertisement