គម្រោង​ប្រព័ន្ធ​ថ្ម​ផ្ទុក​ថាមពល​អគ្គិសនី​ដែល​ធំជាងគេ​បង្អស់​នៅ​ទ្វីបអឺរ៉ុប

ប្រព័ន្ធថ្មផ្ទុកថាមពលអគ្គិសនីធំបំផុតនៅ ទ្វីបអឺរ៉ុប

គម្រោង Pillswood ដែលជា​ប្រព័ន្ធ​ថ្ម​ផ្ទុក​ថាមពល​ទំហំ 98 MW ស្ថិត​នៅក្បែរ​ទីក្រុង Hull ក្នុង​តំបន់ East Yorkshire ភាគ​ខាងកើត​នៃ ប្រទេស​អង់គ្លេស ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​កាលពី​ថ្ងៃទី 21 វិច្ឆិកា 2022។

គម្រោង Pillswood ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Harmony Energy Limited គឺជា​ប្រព័ន្ធ​ថ្ម​ផ្ទុក​ថាមពល​អគ្គិសនី​ធំ​បំផុត​នៅ ទ្វីបអឺរ៉ុប និង​ប្រើប្រាស់​បច្ចេកវិទ្យា Megapack 2-ម៉ោង របស់ Tesla ដែល​អនុញ្ញាតឱ្យ​វា​ផ្ទុក​អគ្គិសនី​បាន​រហូតដល់ 196 MWh នៅក្នុង​មួយវដ្ដៗ អាច​ផ្គត់ផ្គង់​អគ្គិសនី​តាម​តម្រូវការ​របស់​មនុស្ស​ប្រហែល 300,000 គ្រួសារ​ក្នុង​រយៈពេល 2 ម៉ោង។

Peter Kavanagh ប្រធាន​ក្រុមហ៊ុន Harmony Energy ឱ្យដឹងថា «នេះ​គឺជា​គម្រោង​ថ្ម​ផ្ទុក​ថាមពល​អគ្គិសនី​ទី 3 និង​ធំជាងគេ​ដែល​យើង​ធ្លាប់បាន​អភិវឌ្ឍ និង​ប្រគល់ឱ្យ​អតិថិជន​ក្រោយពី​សាងសង់​រួចរាល់»។

យោងតាម Kavanagh ក្រុមហ៊ុន Harmony Energy នឹងដាក់​ឱ្យប្រើ​ប្រាស់​ប្រព័ន្ធ​ថ្ម​ផ្ទុក​ថាមពល​អគ្គិសនី​ចំនួន 5 ទៀត ដែល​កំពុងស្ថិត​ក្នុងដំណាក់កាល​សាងសង់ នៅមុន​ខែតុលា 2023៕

Advertisement