រដ្ឋធានី​ថ្មី​របស់ ឥណ្ឌូណេស៊ី នឹងមាន​គន្លង​ផ្លូវ​​​សម្រាប់​រថយន្ត​អគ្គិសនីបញ្ចូល​ថាមពល​ដោយ​ស្វ័យ​ប្រវត្ត

ស្ថាប័ន​ទទួលបន្ទុក​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​​រដ្ឋធានី​ថ្មី Nusantara នៃ​ ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ម្សិលមិញ បានឱ្យដឹងថា រដ្ឋធានី​ថ្មី​របស់​ប្រទេស​នេះ​នឹង​អភិវឌ្ឍ​ប្រព័ន្ធ​គន្លង​ផ្លូវ​ដែល​អាច​បញ្ចូល​ថាមពល​ដោយ​ស្វ័យប្រវត្ត​ទៅឱ្យ​រថយន្ត​អគ្គិសនី​ពេល​កំពុង​បើកបរ។

បច្ចុប្បន្ននេះ នៅពេល​ត្រូវ​ការបញ្ចូល​ថាមពល​សម្រាប់​រថយន្ត​អគ្គិសនី អ្នកបើកបរ​មាន​ជម្រើស​តែ ២ គត់ គឺ​បញ្ចូល​ថាមពល​នៅឯ​ផ្ទះ ឬ​នៅតាម​ស្ថានីយ​នៅក្បែរ​ផ្លូវ។

បច្ចេកវិទ្យា​ថ្មី​ដែល​ត្រូវ​បានលើកឡើង​ដោយ ឥណ្ឌូណេស៊ី នេះ នឹង​ដំណើរការ​ដូច​ទៅនឹង​វិធី​បញ្ចូល​ថាមពល​គ្មាន​ខ្សែ​របស់​ឧបករណ៍​មួយចំនួន ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​អាំង​ឌុ​ច​ស្យុ​ង​អេ​ឡិច​ត្រូ​ម៉ាញេ​ទិច។ ខ្សែភ្លើង​នឹងត្រូវ​បាន​បង្កប់​ក្រោម​ផ្លូវ​ល្បឿន​លឿន និង​បង្កើត​ដែន​អេ​ឡិច​ត្រូ​ម៉ាញ៉េ​ទិច ដែល​អាច​ភ្ជាប់​ដោយ​មិន​ប្រើ​ខ្សែ​ជាមួយនឹង​ឧបករណ៍​ពិសេស​នៅក្នុង​រថយន្ត​អគ្គិសនី ដើម្បី​បំប្លែង​វា​ទៅជា​អគ្គិសនី ជួយ​បញ្ចូល​ថាមពល​ទៅក្នុង​ថ្ម​របស់​រថយន្ត​អគ្គិសនី។ ខាងក្រោម​ដងផ្លូវ​នេះ​ក៏ត្រូវ​បាន​ដំឡើង​ប្រព័ន្ធ​ទំនាក់ទំនង ដូច្នេះ អាច​ដឹងបាន​ថា រថយន្ត​ណា​កំពុងស្ថិត​នៅលើ​គន្លង​ផ្លូវ​នេះ ដើម្បី​​ចាប់ផ្ដើម​ដំណើរការ​បញ្ចូល​ថាមពល។

យោងតាម​ស្ថាប័ន​ទទួលបន្ទុក​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​​នៅ​រដ្ឋធានី​ថ្មី Nusantara ប្រព័ន្ធ​គន្លង​ផ្លូវ​បញ្ចូល​ថាមពល​ដូច​ខាងលើនេះ ត្រូវបាន​ប្រើប្រាស់​នៅក្នុង​ប្រទេស​មួយចំនួន ហើយ​កំពុង​ប្រើប្រាស់​សាកល្បង​នៅក្នុង​ប្រទេស​មួយចំនួន​ផ្សេងទៀត។ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ពិនិត្យ​លើ​ជម្រើស​នេះ​ក៏​ព្រោះតែ​រដ្ឋធានី​ថ្មី​របស់​ប្រទេស​នេះ​នឹង​អនុញ្ញាតឱ្យ​មានតែ​យានយន្ត​អគ្គិសនី ឬ​យានយន្ត​ដំណើរការ​ស្វ័យប្រវត្ត​ដែល​ល្អ​សម្រាប់​បរិស្ថាន​ប៉ុណ្ណោះ។

ក្រៅពី​គន្លង​ផ្លូវ​បង្កប់​បច្ចេកវិទ្យា​ខាងលើ រដ្ឋធានី​ថ្មី Nusantara របស់ ឥណ្ឌូណេស៊ី ក៏​នឹងមាន​ហេដ្ឋារចនាសម្ព័ន្ធ​ឆ្លាត​វៃ និង​ស្ថិរភាព​ជាច្រើន​ទៀតផង​ដែរ។

កន្លងមក ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក Joko Widodo បានប្រកាសថា អ្នក​ដែល​ចូលចិត្ត​ជិះ​រថយន្ត​ប្រើប្រាស់​ម៉ាស៊ីន​ចំហេះ​ក្នុង មិនគួរ​រើ​ទៅ​នៅ​រដ្ឋធានី​ថ្មី​ឡើយ៕

Advertisement