Tesla ធ្វើឱ្យ​បែកធ្លាយ​ទិន្នន័យ 100 GB ក្នុងនោះ​ក៏មាន​ទិន្នន័យ​របស់ Elon Musk

លោក Elon Musk និង​រថយន្ត​អគ្គិសនី​ Tesla

សារព័ត៌មាន Handelsblatt របស់​អាល្លឺម៉ង់ ឱ្យដឹងថា បានទទួល​ទិន្នន័យ​ទំហំ 100 GB របស់ Tesla ពី​ប្រភព​អនាមិក ក្នុងនោះ​មាន​ផ្ទុក​ព័ត៌មាន​របស់​មនុស្ស​ចំនួន 100,000 នាក់។

ឯកសារ​ដែលមាន​ផ្ទុក​បញ្ជី​ឈ្មោះ​របស់​​បុ​គ្គលិក​​ចាស់ និង​បច្ចុប្បន្ន​ប្រហែល 100,000 នាក់​របស់ Tesla ក្នុងនោះ​ក៏មាន CEO Elon Musk អម​នឹង​លេខ​របប​សន្តិសុខ​សង្គម អាស័យដ្ឋាន​សារ​អេ​ឡិច​ត្រូវ​និ​ច លេខ​ទូរស័ព្ទ ប្រាក់ខែ​បុគ្គលិក ព័ត៌មាន​ធនាគារ​របស់​អតិថិជន និង​ទិន្នន័យ​សម្ងាត់​ស្ដីពី​ការផលិត ការតវ៉ា​ពី​អតិថិជន។ល។

រឿង​ដែល Tesla បណ្ដោយ​ឱ្យមាន​ករណី​បែកធ្លាយ​ព័ត៌មាន​នេះ​គឺជា​ការ​​រំលោភ​លើ​ការកំណត់​ស្ដីពី​ការការពារ​ទិន្នន័យ​រួម​របស់​ទ្វីបអឺរ៉ុប (GDPR) ហើយ​អាច​នាំឱ្យ Tesla រង​ការ​ដាក់​ពិន័យ​ធ្ងន់ធ្ងរ។ យោងតាម​ទំព័រ Handelsblatt មេធាវី​របស់ Tesla និយាយថា បញ្ហា​នេះ​កើតឡើង​ដោយសារតែ​ទង្វើ​របស់​អតីត​បុគ្គលិក​ម្នាក់​ដែល​មិន​ពេញ​ចិត្តនឹង​​ចំណាត់​ការ​ក្រុមហ៊ុន​នេះ។

Dagmar Hartge មេដឹកនាំ​មួយរូប​នៅ​ការិយាល័យ​ការពារ​ទិន្នន័យ​នៅ Brandenburg ជាទី​តាំង​នៃ​​រោងចក្រ Gigafactory របស់ Tesla បាន​អះអាងថា ការ​បែកធ្លាយ​នេះ​គឺមាន​ទ្រង់ទ្រាយ​ធំ​ណាស់។

ជា​ផ្លូវ​ការ ភាគី​ខាង​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla និង​មហាសេដ្ឋី​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង លោក Elon Musk មិនទាន់មាន​ប្រតិកម្ម​អ្វី​នៅឡើយ ទាក់ទង​នឹង​បញ្ហា​ខាងលើ៕

Advertisement