អត្តសញ្ញាណ​ពិត​របស់​អ្នកបង្កើត Bitcoin អាច​ត្រូវបាន​លាតត្រដាង​ក្នុង​រឿងក្ដី 64 ពាន់​លាន​ដុល្លារ

Satoshi Nakamoto ដែល​ត្រូវបាន​គេ​ជឿថា​ជា​ស្ថាបនិក​របស់​ប្រាក់ Bitcoin អាច​ត្រូវបាន​គេ​បង្ខំ​ឱ្យ​បង្ហាញខ្លួន​នៅក្នុង​រឿងក្ដី​នៅ​តុលាការ​ទាក់ទិន​នឹង​អង្គ​ចងចាំ cache របស់​ប្រាក់​ឌីជីថល ចំនួន 1 លាន Bitcoin។

យោងតាម​សារព័ត៌មាន WSJ គ្រួសារ David Kleiman នៅ​រដ្ឋ Florida កំពុងតែ​ប្ដឹង​ដៃគូ​ជំនួញ​ចាស់​របស់ខ្លួន​គឺ Craig Wright ដែលជា​អ្នកសរសេរ​កូដកម្ម​វិធី​កុំព្យូទ័រ អាយុ 51 ឆ្នាំ ជា​ជនជាតិ​អូស្ត្រាលី រស់នៅក្នុង​ទីក្រុង​ឡុង​ដ៍​នៃ​ប្រទេស​អង់គ្លេស។ Wright ហៅ​ខ្លួនឯង​ថា Satoshi Nakamoto ដែលជា​ស្ថាបនិក​របស់ Bitcoin។

គ្រួសារ Kleiman ចោទ Wright ថា​គ្រប់គ្រង​អង្គ​ចងចាំ cache របស់ Bitcoin ចំនួន 1 លាន ស្មើនឹង 64 ពាន់​លាន​ដុល្លារ។ ភាគី​ដើមបណ្ដឹង​ឱ្យដឹងថា នឹង​បង្ហាញ​ភ័ស្ដុតាង​បញ្ជាក់ថា អ្នក​ទាំង​ពីរបាន​ចូលរួម​គ្រប់គ្រង Bitcoin ចាប់តាំងពី​វា​ត្រូវបាន​បង្កើតឡើង និង​បានធ្វើការ​ជាមួយគ្នា។

«នោះ​គឺជា​រឿងរ៉ាវ​ស្ដីពី​មិត្ត​ពីរ​នាក់​ដែលមាន​ទំនាក់​ទំនងជា​ដៃគូ​រកស៊ី និង​វិធី​ដែល​មនុស្ស​ម្នាក់​ក្នុងចំណោម​ពួកគេ​ព្យាយាម​ក្ដាប់​យក​គ្រប់យ៉ាង​នៅពេល​ម្នាក់ទៀត​បាន​ស្លាប់» Tibor Nagy ជា​មេធាវី​ម្នាក់​ដែល​បាន​ចូលរួម​តាមដាន​សវនាការ យល់ឃើញ​ដូច្នេះ។ David Kleiman បាន​ស្លាប់​កាលពី​ឆ្នាំ 2013។

Andres Rivero ដែលជា​មេធាវី​របស់​ភាគី​ចុងចោទ និយាយថា៖ «យើង​ជឿថា តុលាការ​នឹងមិន​រកឃើញ​អ្វីដែល​បញ្ជាក់ថា ពួកគេ​មាន​ទំនាក់​ទំនងជា​ដៃគូ​នឹង​គ្នា​នោះទេ»។

ប្រាក់​ឌីជីថល Bitcoin

ចំពោះ​ក្រុម​អ្នក​ដែល​ជួញដូរ​ប្រាក់​ឌីជីថល មានតែ​វិធី​មួយគត់​ដែល​អាច​បញ្ជាក់បាន​ថា អ្នកណា​ជា​ស្ថាបនិក​របស់ Bitcoin ពិតប្រាកដ នោះ​គឺ​សោ​ដាច់ដោយឡែក​សម្រាប់​ការគ្រប់គ្រង​គណនី​ដែលមាន​ផ្ទុក Bitcoin ចំនួន 1 លាន។ អ្នកណា​ក៏ដោយ​ដែល​អះអាងថា ខ្លួន​ជា Nakamoto សុទ្ធតែ​អាច​បញ្ជា​ក់ដោយ​ការផ្ទេរ សូម្បីតែ​មួយផ្នែក​តូច​របស់​ប្រាក់ Bitcoin ចេញពី​គណនី​នោះ។

អត្តសញ្ញាណ Satoshi Nakamoto គឺជា​ប្រការ​មួយ​ដែល​បង្កឱ្យមាន​ការចង់​ដឹង​ច្រើនជាងគេ​ទាក់ទង​នឹង Bitcoin។ កាលពី​ថ្ងៃទី 31 តុលា ឆ្នាំ 2018 មនុស្ស​ម្នាក់​ដែលមាន​រហ័ស​នាម​ថា Satoshi Nakamoto បាន​ផ្ញើ​សៀវភៅ​ស កម្រាស់ 9 ទំព័រ ទៅឱ្យ​ក្រុមមនុស្ស​ដែលមាន​គោលដៅ​ក្នុងការ​បង្កើត​ប្រាក់​ឌីជីថល​មួយ​ប្រភេទ​ដែល​មិនអាច​ត្រូវបាន​រដ្ឋាភិបាល​នានា​គ្រប់គ្រង តាមរយៈ​វេទិកា Metzdow។ ប៉ុន្មាន​ខែក្រោយ​មក ប្រព័ន្ធ Bitcoin ក៏​ចាប់ផ្ដើម​ដំណើរការ ហើយ Nakamoto រកបាន 1 លាន Bitcoin ក្នុង​ឆ្នាំ​ដំបូង។

គ្រួសារ Kleiman អះអាងថា លោក Wright បានស្នើ​ឱ្យ​លោក David Kleiman ជួយ​បង្កើត​ឯកសារ​ដែលមាន​កម្រាស់ 9 ទំព័រ​នោះ។ «អ្នក​ទាំងពីរ​សហការ​គ្នា​ដោយ​យោងតាម​សៀវភៅ​ស ហើយ​រួមគ្នា​ដាក់ឱ្យ​ដំណើរការ Bitcoin» Kleiman និយាយ​ដូច្នេះ។

លោក​ Craig Steven Wright អះអាង​ថា ខ្លួន​គឺជា​ស្ថាបនិក​របស់​ Bitcoin

ក្នុងដំណាក់កាល​ដំបូង Bitcoin មិន​ទទួលបាន​ការចាប់អារម្មណ៍​ច្រើន​នោះទេ។ Nakamoto បាន​ប្រឹងប្រែង​អភិវឌ្ឍ​វា​ក្នុង​រយៈពេល 2 ឆ្នាំ។

ខែធ្នូ 2010 Nakamoto បាន​បាត់​ខ្លួន។ ព័ត៌មាន​ស្ដីពី​ស្ថាបនិក​របស់ Bitcoin ក៏បាន​ក្លាយជា​រឿង​ដ៏​អាថ៌កំបាំង។ ស្ទើរតែ​ទាំង​អស់នៃ​ឈ្មោះ​ដែល​ត្រូវបាន​គេ​រំលឹក​ដល់​នៅក្នុង​សហគមន៍​ប្រាក់​ឌីជីថល សុទ្ធតែ​ជាប់ទាក់ទង​នឹង Satoshi Nakamoto។

មកដល់​ខែឧសភា ឆ្នាំ 2016 លោក Wright ប្រកាសថា ខ្លួន​គឺជា​ស្ថាបនិក​របស់ Bitcoin។ ប៉ុន្តែ លោក​មិន​ត្រូវបាន​សហគមន៍​អ្នកលេង Bitcoin ទទួលស្គាល់​ឡើយ ហើយ​មកដល់ពេលនេះ អត្តសញ្ញាណ​នៃ​ស្ថាបនិក​ពិតប្រាកដ​របស់ Bitcoin នៅតែ​ស្ថិតក្នុង​ទី​ងងឹត។

ក្រុម​អ្នក​បច្ចេកវិទ្យា​វាយតម្លៃថា ពាក្យបណ្ដឹង​របស់​គ្រួសារ Kleiman អាចធ្វើឱ្យ​អ្នកបង្កើត Bitcoin ពិតប្រាកដ​ត្រូវ​បង្ហាញខ្លួន។ ក៏ប៉ុន្តែ ដំបូង ភាគី​ដើមបណ្ដឹង​ត្រូវតែ​បង្ហាញ​ភ័ស្ដុតាង​គ្រប់គ្រាន់​ដល់​តុលាការ៕

Advertisement