មហាសេដ្ឋី​​រូប​ណា​ដែល​មាន​ទ្រព្យ​ច្រើន​ជាង​គេនៅ​ប្រទេស​ចិន​ ​ក្នុង​ឆ្នាំ 2023​?

ក្នុង​បញ្ជី​ចំណាត់​ថ្នាក់​មហា​សេដ្ឋី​កំពូល​ៗ​នៅ​ប្រទេស​ចិន ដែល​គិត​ត្រឹម​ថ្ងៃទី 11 ធ្នូ ឆ្នាំ 2023 របស់​ទស្សនាវដ្ដី​ Forbes មាន​មហា​សេដ្ឋី​បច្ចេក​វិទ្យា​ចំនួន​ 5 រូប និង​ 3 រូប​ក្នុង​វិស័យ​រថយន្ត​។

នៅក្នុង​ឆ្នាំ 2023 នេះ មហា​សេដ្ឋី​ដែល​ធ្លាប់​ជា​អ្នក​មាន​ជាង​គេ​នៅ​ប្រទេស​ចិន គឺ​លោក Jack Ma បាន​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី​ 6 ដោយ​មាន​ទ្រព្យសរុប​ 24.4 ពាន់​លាន​ដុល្លារ​អាម៉េរិក​។

លោក Ma ដែល​ធ្លាប់​ជា​គ្រូ​បង្រៀនភាសា​អង់គ្លេស បច្ចុប្បន្ន​មាន​អាយុ 58 ឆ្នាំ។ លោក​គឺជា​សហស្ថាបនិក​នៃ​ក្រុម​ហ៊ុន​ Alibaba ដែល​បច្ចុប្បន្ន​គឺជា​មួយ​ក្នុង​ចំណោម​ក្រុម​ហ៊ុន​គ្រប់គ្រង​ផ្សារ​អនឡាញ​ធំជាង​គេ​នៅ​ប្រទេស​ចិន​។

លោក Ma បាន​លា​ឈប់​ពីតំណែង​នាយក​ប្រតិបត្តិ​របស់​ Alibaba កាល​ពី​ឆ្នាំ 2019​។ ក្រោយ​ការ​រស់​នៅ​ឯ​បរទេស​ប្រហែល​មួយ​ឆ្នាំ លោក​ក៏​ត្រលប់​ទៅកាន់​ប្រទេស​ចិន​ កាល​ពី​ខែ​មីនា 2023​ ក្នុង​ពេល​ Alibaba បង្ហើប​ឱ្យ​ដឹង​អំពី​គម្រោង​បំបែក​ខ្លួន​ជា​ 6 ក្រុម​ហ៊ុន​។ លោក Ma មាន​ភាគ​ហ៊ុន​ចំនួន 3.9% នៅ​ក្នុង​ Alibaba និង​ភាគ​ហ៊ុន​នៅក្នុង​បណ្ដា​ក្រុម​ហ៊ុន​កម្សាន្ត​មួយ​ចំនួន មាន​ដូច​ជា Beijing Enlight Media និង Huayi Brothers​ ជា​ដើម​។

ក្រុម​ហ៊ុន​ Alibaba បាន​ចាប់​ផ្ដើម​ធ្លាក់​ដុន​ដាប​ បន្ទាប់ពី​លោក Ma បាន​និយាយ​រិះគន់​គោលនយោបាយ​ខ្លះ​របស់​រដ្ឋាភិបាល​ចិន​ ដែល​ដឹក​នាំ​ដោយ​ប្រធានាធិបតី​ Xi Jinping។

លោក Zhong Shanshan

​ចំណែក​មហា​សេដ្ឋី​ដែល​មាន​ទ្រព្យច្រើន​ជាង​គេនៅ​ប្រទេស​ចិន​ ​ប្រចាំ​ឆ្នាំ 2023 គឺ​លោក Zhong Shanshan​។ លោក​គឺជា​ស្ថាបនិក​នៃ​ក្រុម​ហ៊ុន​ផលិត​ទឹក​សុទ្ធ Nongfu Spring​។ លោក Shanshan កើត​ឆ្នាំ 1954 នៅ​ទីក្រុង Hangzhou ខេត្ត​ Zhejiang ប្រទេស​ចិន​ និង​បាន​ឈប់​រៀន​ពេល​មាន​អាយុ 12 ឆ្នាំ​ ព្រោះ​តែ​បញ្ហា​គ្រួសារ​។ ពេញ​មួយ​ទសវត្សរ៍​ក្រោយ​មក លោក​ធ្វើ​ជា​កម្មករសំណង់ និង​សិក្សា​រហូត​ដល់​បាន​ចូល​រៀន​នៅ​មហាវិទ្យាល័យ​ ក្រោយ​ពី​ប្រឡង​ធ្លាក់​ពីរ​លើក​។

ចំណាត់​ថ្នាក់​ទីពីរ​ក្នុង​បញ្ជី​នេះ​ គឺ​មហា​សេដ្ឋី Colin Huang អាយុ 43 ឆ្នាំ ដោយ​មានទ្រព្យ​ 49 ពាន់​លាន​ដុល្លារ​អាម៉េរិក​។ លោក​គឺជា​ស្ថាបនិក​របស់ PDD Holdings ដែល​នៅ​ពីក្រោយ​ផ្សារ​អនឡាញ Pinduoduo។

ចំណាត់​ថ្នាក់​ទីបី បាន​ទៅ​លើ​ Zhang Yiming អាយុ 40 ឆ្នាំ ជា​ស្ថាបនិក​របស់ ByteDance ដែល​ជា​ក្រុម​ហ៊ុន​មេ​របស់ TikTok។ លោក Yiming មាន​ទ្រព្យ​ 43.4 ពាន់​លាន​ដុល្លារ​អាម៉េរិក​។

ចំណាត់​ថ្នាក់​ទីបួន​ បាន​ទៅ​លើ​ Ma Huateng (Pony Ma) អាយុ 51 ឆ្នាំ ​ជា​ប្រធាន​ក្រុម​ហ៊ុន​អ៊ីនធើណិត​ចិន Tencent Holdings។

ខាង​ក្រោម​នេះ​គឺជា​មហា​សេដ្ឋី​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ចំណាត់​ថ្នាក់មហា​សេដ្ឋី​ 10 រូប​នៅ​ប្រទេស​ ​របស់ Forbes ៖

5 – William Ding

  • ទ្រព្យ៖ 33.1 ពាន់​លាន​ដុល្លារ​អាម៉េរិក
  • វិស័យ​ជំនួញ​៖ បច្ចេកវិទ្យា

7 – Robin Zeng

  • ទ្រព្យ​៖ 24.1 ពាន់​លាន​ដុល្លារ​អាម៉េរិក​
  • វិស័យ​៖ រថយន្ត

8 – He Xiangjian និង​គ្រួសារ

  • ទ្រព្យ​៖ 21.2 ពាន់​លាន​ដុល្លារ​អាម៉េរិក​
  • វិស័យ​៖ ផលិតសម្ភារៈ​​ប្រើ​ប្រាស់​ក្នុង​ផ្ទះ

9 – Wang Chuanfu

  • ទ្រព្យ​៖ 15.1 ពាន់​លាន​ដុល្លារ​អាម៉េរិក​
  • វិស័យ​៖ រថយន្ត

10 – Eric Li

  • ទ្រព្យ​៖ 15.1 ពាន់​លាន​ដុល្លារ​អាម៉េរិក​
  • វិស័យ​៖ រថយន្ត
Advertisement