តើជនជាតិចិនយុគសម័យថ្មីនេះ ពិតជាសម្បូរលុយកាក់(ជា​អ្នក​មាន​)​មែន​ឬ?

អ្នកជនបទចិន ចូលមកក្នុងទីក្រុងធ្វើការ...យើងតែងបានឃើញទិដ្ឋភាពនេះទូទៅ នៅតាមស្ថានីយដឹកជញ្ជូនអ្នកដំណើរក្នុងទីក្រុងធំៗក្នុងប្រទេសចិន
អ្នកជនបទចិន ចូលមកក្នុងទីក្រុងធ្វើការ...យើងតែងបានឃើញទិដ្ឋភាពនេះទូទៅ នៅតាមស្ថានីយដឹកជញ្ជូនអ្នកដំណើរក្នុងទីក្រុងធំៗក្នុងប្រទេសចិន

បច្ចុប្បន្ននេះ ប្រហែលជាគ្មានអ្នកណាបដិសេធឡើយថា ចិនជាប្រទេសដែលមានតួនាទីសំខាន់នៅក្នុងសេដ្ឋកិច្ចពិភពលោក ជាប្រទេសដែលមានអត្រាពាណិជ្ជកម្មអន្តរជាតិ ស្ថិតក្នុងកម្រិតខ្ពស់ជាបន្តបន្ទាប់…មូលហេតុចម្បងៗ មកពី ចិនជាប្រទេសដែលមានចំនួនប្រជាជនច្រើនមហាសាល មានដើមទុនពលកម្មតម្លៃថោក និងថែមទាំងជាពលកម្មដែលហាក់ដូចជាមានប្រសិទ្ធភាពក្នុងការធ្វើការងារទៀតផង ធូរប្រឹង តឹងខំ និងឧស្សាហ៍ព្យាយាម(ព្រោះមនុស្សច្រើន ការប្រកួតប្រជែងក៏ខ្ពស់ បើមិនឧស្សាហ៍ ច្បាស់អត់ការងារធ្វើមិនខាន) ធ្វើឱ្យការវិនិយោគពីបរទេស និងកិច្ចការងាររួមខាងសេដ្ឋកិច្ចជាមួយបរទេស របស់ប្រទេសចិន រីកធំធាត់ឡើងយ៉ាងឆាប់រហ័ស។

40ជាងឆ្នាំ តាមរយៈការរីកធំធាត់ខាងសេដ្ឋកិច្ច ធ្វើឱ្យការរីកធំឡើងរបស់ប្រទេសចិន ក្លាយជារឿងដែលគួរឱ្យព្រួយបារម្ភរបស់ប្រទេសលោកខាងលិច និងក្រុមអំណាចចាស់របស់ពិភពលោក ដែលមើលឃើញថា ការរីកធំធាត់របស់ចិននេះគឺ គ្រោះភ័យដែលកំពុងរុករាន។

តែ មកដល់ពេលបច្ចុប្បន្ន បើទោះបីជាចិន នឹងមានទំហំសេដ្ឋកិច្ចធំ លំដាប់លេខ2 របស់ពិភពលោកក្ដី តែចិននៅតែស្ថិតក្នុងក្រុមប្រទេសកំពុងអភិវឌ្ឍន៍ ដោយសារតែប្រជាជនដែលច្រើន អត្រាប្រាក់ចំណូល ស្ថានភាពរស់នៅរបស់ប្រជាជន និងមាត្រដ្ឋានធានារ៉ាប់រងសង្គម នៅក្នុងតំបន់នីមួយៗទូទាំងប្រទេសចិន នៅមានភាពខុសប្លែកពីគ្នាហាក់ដូចជាច្រើនណាស់ ហើយរឿងនេះ ក៏ជាចំណោទដ៏ធំមួយរបស់រដ្ឋបាលចិនដែរ ដែលនឹងត្រូវធ្វើយ៉ាងណា ឱ្យភាពខុសប្លែកគ្នានេះ ថយចុះ និងឈានផុតអន្ទាក់ប្រាក់ចំណូលមធ្យម ឆ្ពោះទៅរកការក្លាយជាប្រទេសអភិវឌ្ឍន៍។

មិត្តអ្នកអានជាច្រើន អាចនឹងស្គាល់ប្រទេសចិនតាមរយៈប្រព័ន្ធព័ត៌មានផ្សេងៗ ឃើញការចាយវាយរបស់អ្នកទេសចរចិននៅក្នុងប្រទេសរបស់យើង និងការទិញទំនិញឥតប្រណីដៃនៅក្នុងប្រទេសផ្សេងៗ…អាចនឹងមើលឃើញ និងមានអារម្មណ៍ថា ជនជាតិចិន គឺជាអ្នកមាន និងសម្បូរលុយកាក់គ្រប់គ្នាហើយមើលទៅ តែការពិតវិញ អាចមិនមែនដូច្នោះឡើយ អ្វីដែលយើងមើលឃើញ គ្រាន់តែជាមនុស្ស 1ក្រុមប៉ុណ្ណោះ។

សូមកុំភ្លេចថា ចិនមានប្រជាជនទូទាំងប្រទេសចំនួនជាង 1,400លាននាក់ ក្នុងចំនួននេះ 1ភាគ10 ស្នាក់អាស្រ័យនៅក្នុងទីក្រុងលំដាប់លេខ1 ដូចជា ប៉េកាំង ស៊ាងហៃ ហ្សិនជិន ដោយសារតែតម្លៃអចលនទ្រព្យរបស់ទីក្រុងលំដាប់លេខ1 របស់ចិន ដែលខ្ពស់ខ្លាំងជាងនៅទីក្រុងផ្សេងៗទូទាំងប្រទេស ធ្វើឱ្យទ្រព្យសម្បត្តិរបស់ប្រជាជននៅក្នុងទីក្រុងលំដាប់លេខ1 ទាំងនោះ ក៏ខ្ពស់ទៅតាមនោះដែរ។

តាមរយៈការឆ្លងរាតត្បាតទូទាំងពិភពលោករបស់មេរោគកូវីដ-19 បានចាប់ផ្ដើមប៉ះពាល់ដល់សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់មនុស្សទូទាំងពិភពលោក សូម្បីតែប្រទេសធំ ដូចចិន ក៏នៅតែទទួលរងផលប៉ះពាល់នេះដូចគ្នា ជាពិសេសក្នុងរឿងការនាំចេញ និងធុរកិច្ចសេវាកម្មនៅក្នុងប្រទេស។ ក្រោយការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី លី ខឺឆៀង កាលពីដើមឆ្នាំកន្លងទៅថា “ប្រាក់ចំណូលរបស់ពលរដ្ឋចិនទូទាំងប្រទេស ស្ថិតក្នុងអត្រា 1ឆ្នាំ 3ម៉ឺនយន់ និងនៅមានមនុស្ស 600លាននាក់ទៀតនៅក្នុងប្រទេសដែលមានប្រាក់ចំណូលជាមធ្យម 1ខែតែ 1,000យន់ប៉ុណ្ណោះ(1យន់ ស្មើនឹង 0,14ដុល្លារអាមេរិក ឬស្មើនឹងជិត 600រៀល)”

បើសិនជាលោកនាយករដ្ឋមន្ត្រី លី មិនចេញមកថ្លែងការណ៍ទេនោះ ជនជាតិចិនខ្លួនឯងដែលរស់នៅក្នុងទីក្រុងលំដាប់លេខ1 ជាច្រើន ប្រហែលជានឹកស្មានថា ប្រជាជនចិនភាគច្រើនទូទាំងប្រទេស មានលុយកាក់ចាយសម្បូរសប្បាយខ្លាំងណាស់មើលទៅ…ធ្វើឱ្យប្រព័ន្ធព័ត៌មានចាប់ផ្ដើមបែរមកចាប់អារម្មណ៍ ក្រុមមនុស្សលំដាប់កណ្ដាល ដល់លំដាប់ក្រោម នៅក្នុងប្រទេស ដែលជាមនុស្សក្រុមធំបំផុតនៅក្នុងប្រទេសចិន(ដូចប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀតដែរ)។

តើជនជាតិចិនយុគសម័យថ្មីនេះ ពិតជាសម្បូរលុយកាក់(ជាអ្នកមាន)មែនឬ?ការពិតទៅ ស្មេរយល់ឃើញថា ដែលលោកនាយករដ្ឋមន្ត្រីចិន ចេញមកបង្ហាញតួលេខនេះចំពោះភ្នែកប្រជាជន អាចនឹងជាការដាស់តឿនសតិស្មារតីថា កុំអាលសប្បាយភ្លេចខ្លួននឹងស្ថានការណ៍បច្ចុប្បន្ន ដែលការពិតទៅ ភារកិច្ចលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជន គឺជាការងារធំ និងធ្ងន់ធ្ងរណាស់។

ក្នុងខែមីនា ឆ្នាំនេះ ការិយាល័យស្ថិតិចិន បានរាយការណ៍ថា តាមរយៈការពិនិត្យ និងប្រមែប្រមូលស្ថិតិពីអ្នកលេងអ៊ីនធើណិតជនជាតិចិន ដែលមានចំនួនគំរូ 900លាននាក់(អត្រាចូលដល់ប្រជាជនទូទាំងប្រទេស គិតជាភាគរយ គឺ 65%) និងតាមរយៈការប្រមូលតួលេខប្រាក់ខែ ពីក្រុមគំរូទាំងនេះ បានរកឃើញថា 72% មានប្រាក់ចំណូលមិនដល់ 5,000យន់។ ប្រជាជននៅក្នុងទីក្រុងធំលំដាប់លេខ3 មានតែពាក់កណ្ដាលប៉ុណ្ណោះ ដែលមានប្រាក់ចំណូល ក្នុង1ខែច្រើនជាង 4,000យន់ និងតាមរយៈស្ថិតិរបស់ប្លាតហ្វ៉ម សបភីង អនឡាញចិនមួយ បានផ្ដល់តួលេខអតិថិជនក្នុងទីក្រុងលំដាប់លេខ2-3 តាមលេខរៀងនោះ គឺមួយផ្នែកធំមានកម្លាំងការចាយវាយ មិនដល់ 1,000យន់ឡើយក្នុង1ខែ។

តាមរយៈតួលេខទាំងនោះ យើងនឹងអាចមើលឃើញបានថា ប្រាក់ចំណូលរបស់ក្រុមគំរូទាំងនោះ ភាគច្រើនប្រមូលផ្ដុំនៅក្នុងចំនួនរវាង 3,001-5,000យន់ ក្នុង1ខែ។ បន្ទាប់មក គឺប្រាក់ចំណូលចន្លោះពី 5,001-8,000យន់ក្នុង1ខែ។

ឥឡូវនេះ យើងមកមើលពីចន្លោះអាយុរបស់ក្រុមគំរូមួយនេះ យើងនឹងឃើញថា ភាគច្រើនប្រមូលផ្ដុំក្នុងក្រុមមនុស្សចន្លោះអាយុធ្វើការងារ ប្រមាណ 20-30ជាងឆ្នាំ។ ក្រៅពីតួលេខរបស់ក្រុមគំរូហើយ ខាងការិយាល័យស្ថិតិនៃប្រទេសចិន កាលពីឆ្នាំ2019 ក៏បានរាយការណ៍ពីចំណែកប្រាក់ចំណូលរបស់ជនជាតិចិនទូទាំងប្រទេសដូចតទៅគឺ 38% គឺប្រជាជនដែលមានប្រាក់ចំណូលក្នុង1ខែទាបជាង 2,000យន់, 46% គឺប្រជាជនដែលមានប្រាក់ចំណូលក្នុង1ខែក្នុងចន្លោះ 2,000-2,500យន់, 13% គឺប្រជាជនដែលមានប្រាក់ចំណូលក្នុង1ខែចន្លោះ 5,000-10,000យន់ និងប្រជាជនដែលមានប្រាក់ចំណូលច្រើនជាង 10,000យន់ មានចំនួនត្រឹមតែ 3%ប៉ុណ្ណោះ។

ក្នុងចំណែករបស់ប្រាក់ចំណូលដែលអាចចាយវាយបានជាមធ្យម សម្រាប់បុគ្គលម្នាក់របស់ចិន ក្នុងដើមឆ្នាំនេះ ទីក្រុងដែលជាប់លំដាប់លេខ1(ប្រជាជនចាយលុយច្រើនជាងគេ) គឺស៊ាងហៃ 19,621យន់(ក្នុងម្នាក់) និងតាមមកដោយទីក្រុងប៉េកាំង 17,874យន់ ដោយប្រាក់ចំណូលដែលអាចចាយវាយបាននេះ ជាសន្ទស្សន៍ចង្អុលវាស់ពីស្តង់ដាជីវិតរបស់ប្រជាជនបានយ៉ាងច្បាស់។

ទីក្រុងធំៗនៅក្នុងប្រទេសចិន ក៏ដូចទីក្រុងធំៗនៅក្នុងប្រទេសផ្សេងទៀតដែរ ដែលប្រជាជនមកពីតំបន់ផ្សេងៗ តែងតែចូលមកស្វែងរកឱកាស និងម្នាក់ៗត្រូវខំប្រឹងតស៊ូ ដើម្បីឱ្យខ្លួនឯងមានជីវិតរស់នៅដែលល្អប្រសើរឡើង។
ដូច្នេះ តាមរយៈអ្វីដែលស្មេរបានសរសេររៀបរាប់មក នឹងធ្វើឱ្យមើលឃើញថា ចិនជាប្រទេសដែលធំ យើងមិនអាចយកក្រុមមនុស្សមួយចំនួនតូចដែលយើងបានឃើញ ឬបានដឹង មកសម្រេចសេចក្ដីថា មនុស្សភាគច្រើនរបស់ប្រទេសមួយនេះ គឺសុទ្ធតែដូច្នោះទាំងអស់បានទេ។

មួយជ្រុងទៀត…ប្រទេសចិនមានថ្ងៃនេះ មិនមែនជារឿងងាយឡើយ ផ្លូវនៅខាងមុខ នៅត្រូវដើរទៅទៀតវែងឆ្ងាយណាស់។ ប្រាក់ចំណូលរបស់ប្រជាជនចិនក្នុងពេលបច្ចុប្បន្ន ក៏អាចរាប់បានថា ខ្ពស់ជាងពីមុនច្រើន។ ដោយប្រើពេលវេលាត្រឹមតែ 40ឆ្នាំប៉ុណ្ណោះ ជីវិតរស់នៅរបស់ប្រជាជនចិនល្អប្រសើឡើងខ្លាំងណាស់ មនុស្សភាគច្រើន មានផ្ទះសំបែងជារបស់ខ្លួនឯង រឿងខ្វះខាតអត់ឃ្លាន បានរលត់បាត់អស់…ពេលនេះចំណោទធំរបស់ចិន គឺការគ្រប់គ្រង និងការជួយសង្គ្រោះមនុស្សលំដាប់ថ្នាក់ក្រោមបំផុត ឱ្យមានហូប មានចុក រស់នៅបានសុខស្រួល មានមុខរបរអាជីពដែលនឹងនរ និងមានកន្លែងឈរនៅក្នុងសង្គមយ៉ាងស្ថិតស្ថេរ៕

ប្រភព៖ សារព័ត៌មានបរទេស
ប្រែសម្រួលដោយ តាវ៉ែនតា

Advertisement