គម្រោង​វិនិយោគ​នានា​ដែល​មាន​ទុន​សរុប​ជិត 619 លាន​ដុល្លារ​អាម៉េរិក ត្រូវ​អនុម័ត​ក្នុង​ខែ​វិច្ឆិកា 2023

គម្រោងវិនិយោគចំនួន 21 គម្រោង និង​មានទុនវិនិយោគសរុបប្រមាណជិត 619 លានដុល្លារអាម៉េរិក ​ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅ​ក្នុងខែវិច្ឆិកា ឆ្នាំ 2023​។ នេះ​បើ​តាម​ ក្រុម​ប្រឹក្សាអភិវឌ្ឍ​កម្ពុជា (CDC) ចុះ​ផ្សាយកាល​ពី​ថ្ងៃទី 08 ធ្នូ​កន្លង​ទៅ​។

​CDC ឱ្យ​ដឹង​ថា ក្នុង​ចំណោម​គម្រោង​ទាំង 21​ ​​ដែល​អាច​បង្កើត​ការ​ងារ​បាន​ជិត 22 ពាន់​កន្លែង​​នេះ មាន​គម្រោង​​មួយ​ចំនួន​ដែល​លេច​ធ្លោ​ជាង​គេ​ រួម​មាន​ គម្រោង​សាងសង់​វារីអគ្គិសនីស្ទឹង​ឫស្សី​ជ្រុំកណ្ដាល អានុភាព 70 មេហ្កាវ៉ាត់ នៅ​ស្រុក​មណ្ឌល​សីមា ខេត្ត​កោះកុង, គម្រោង​សាងសង់វារីអគ្គិសនី​វាល​ថ្ម​កំបុត អានុភាព 100 មេហ្កាវ៉ាត់ នៅ​ស្រុក​ថ្ម​បាំង ខេត្ត​កោះកុង, គម្រោង​អភិវឌ្ឍ​ស្ថានីយ​ផលិត​អគ្គិសនី​ដោយ​ថាមពល​ព្រះ​អាទិត្យ​ អានុភាព 60 មេហ្កាវ៉ាត់​ នៅ​ស្រុក​រំដួល​ ខេត្ត​ស្វាយរៀង និង​គម្រោង​បង្កើត​រោង​ចក្រ​ផលិត​ស្បែក​ជើង​ និង​គ្រឿង​បន្សំ​ស្បែក​ជើង នៅ​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំ​ពេញ​។

យោង​តាម​ CDC នៅក្នុង​ខែ​វិច្ឆិកា ឆ្នាំ​នេះ កម្ពុជា​ទទួល​បាន​ទុន​វិនិយោគ​ក្នុង​ស្រុក​ចំនួន​ 82.90% ក្នុង​ចំណោម​ទុន​វិនិយោគ​សរុប​ ស្រប​ពេល​ដែល​​ទុន​វិនិយោគ​ពីប្រទេស​ចិន​ មាន​ប្រមាណ 17.10%​៕

Advertisement