ទំហំសហហិរញ្ញប្បទានរបស់ធនាគារ SME បានកើនដល់ 150លានដុល្លារ សម្រាប់ជួយដល់វិស័យ SME ក្នុងស្រុក

ធនាគារសហគ្រាសធុនតូច និងមធ្យម (SMEs Bank) ត្រូវបានរាជរដ្ឋាភិបាលបង្កើត​ឱ្យ​មានឡើង ដើម្បីផ្តល់ប្រាក់កម្ចីដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យម ខណៈ​ដែល​ធនាគារនេះមានដើមទុនដំបូងរបស់ខ្លួនចំនួន 100លានដុល្លារ ដែលនឹង​ផ្តល់ជូន​ដល់​អ្នកវិនិយោគលើវិស័យ SMEs នូវអត្រាការប្រាក់ទាប ត្រឹមតែ 7%ប៉ុណ្ណោះក្នុង 1ឆ្នាំ។

ក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី7 ខែឧសភា ឆ្នាំ2020 ស្ដីពី «គម្រោងសហ​ហិរញ្ញ​ប្បទានទ្រទ្រង់​សហគ្រាស​ធុន​តូច​ និងមធ្យម និងបញ្ហាប្រឈមរបស់ធនាគារសហគ្រាស​ធុន​តូច និង មធ្យម» ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានឱ្យដឹងថា រហូត​មក​ដល់ពេលនេះ ទំហំសហហិរញ្ញប្បទានរបស់ធនាគារសហគ្រាសធុនតូច និងមធ្យម (SMEs Bank) បានកើនឡើងដល់ 150លានដុល្លារអាមេរិក ដែលត្រៀមសម្រាប់ជួយដល់វិស័យ SMEs នៅក្នុងប្រទេសកម្ពុជា។

លោកឧកញ៉ា តែ តាំងប៉ បានបញ្ជាក់ថា ដំបូងឡើងនៅពេលរាជរដ្ឋាភិបាលបង្កើតធនាគារ SMEs យើងមានទុនដំបូងតែចំនួន 100លានដុល្លារប៉ុណ្ណោះ ប៉ុន្ដែក្រោយមកធនាគារឯកជន បាន​សហការជា​មួយធនាគារ SMEs ដែលធ្វើឱ្យដើមទុនកើនឡើងរហូតដល់ 150លានដុល្លារអាមេរិកនៅពេលនេះ។

លោកឧកញ៉ា តែ តាំងប៉ បានថ្លែងអះអាងថា៖ «រហូតមកដល់ពេលនេះ មានសេចក្ដីរាយ​ការណ៍ថា មានធនាគារចំនួន 33ទៀត បានបរិច្ចាគជួយដល់ធនាគារ SMEs ដូច្នេះធនាគារ SMEs មានទុនចូលដល់ 150លានដុល្លារ ដែលនឹងផ្ដល់កម្ចីក្នុងអត្រាការប្រាក់7%»។

ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ក៏បានអះអាងដែរថា ចំពោះឥណ​ទាននេះ នឹងផ្ដល់ឱកាសឱ្យម្ចាស់សហគ្រាសធុនតូច និងមធ្យម ទទួលបានឥណ​ទានក្នុងទុនបង្វិល 20​ម៉ឺន​ដុល្លារ ហើយចំពោះការវិនិយោគទៅលើគ្រឿងម៉ាស៊ីន នឹងបាន​រហូត​ដល់ 30ម៉ឺនដុល្លារ ក្នុង 1ក្រុម​ហ៊ុន។

លោកឧកញ៉ា ក៏បានសម្ដែងនូវការគាំទ្រយ៉ាងខ្លាំងដល់ធនាគារ SMEs ដែលបានកៀរ​គរ​ប្រភព​ទុនមួយចំនួនបន្ថែមទៀតនេះ ហើយលោកក៏នឹងចូលរួមចំណែកដល់ការបន្ធូរបន្ថយលើនីតិវិធី​ក្នុងការខ្ចី​លុយនេះផងដែរ។ លោកឧកញ៉ា បានសំណូមពរដល់ធនាគារ ដែលជាដៃគូសហការទាំងអស់ ត្រូវផ្ដោតទៅ​លើ​គម្រោងនៃការវិនិយោគរបស់អ្នកខ្ចី ទើបអាចគ្រប់គ្រងបាន។

លោកឧកញ៉ា បានស្នើដល់ធនាគារសហគ្រាសធុនតូច និងមធ្យម (SMEs Bank)និង​ធនា​គារ​ដៃគូទាំង33 សូមកុំមានការតឹងតែងខ្លាំងពេកលើវត្ថុបញ្ចាំ ចំពោះម្ចាស់សហគ្រាសធុនតូច និង​មធ្យម (SME) ដែលមានបំណងមកទទួលឥណទាន ដើម្បីពង្រីកអាជីវកម្មរបស់ពួកគាត់។

លោកឧកញ៉ា តែ តាំងប៉បានបញ្ជាក់យ៉ាងដូច្នេះថា៖«ចំពោះបញ្ហាការដាក់វត្ថុបញ្ចាំ ក្នុងនាម ខ្ញុំជាប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ខ្ញុំកំពុងធ្វើការសម្របសម្រួល ព្រោះសហគ្រាសធុនតូច និងមធ្យម(SME) ភាគច្រើន មិនមែននៅពេញទូទាំងប្រទេសនោះទេ គឺនៅតាមបណ្ដាខេត្តមួយចំនួន និងជាពិសេសនៅក្នុងរាជធានី មានច្រើនជាងគេ ដូច្នេះខ្ញុំសំណូមពរឱ្យវត្ថុបញ្ចាំ​ កុំឱ្យមាន​ការ​តឹងតែងពេក កាលណាតឹងតែងពេក SME អាចនឹងខ្ចីអត់បាន»។

លោកឧកញ៉ា បានបញ្ជាក់ថា សហគ្រាសធុនតូច និងមធ្យមដែលទទួលបានកម្ចី នឹងមិន​រត់ចោល​ស្រុកនោះទេ គឺទទួលឥណទានមកដើម្បីអភិវឌ្ឍន៍ ហើយលោកចង់​ឱ្យធនាគារសហ​គ្រាស​ធុនតូច និង​មធ្យមមានការទុកចិត្ដគ្នា។ លើសពីនោះទៀត លោកថ្លែងថា សម្ព័ន្ធសមាគម​សហគ្រាសធុនតូច និង​មធ្យម​កម្ពុជា កំពុងដាក់ពាក្យស្នើទៅក្រុមការងារ SMEs Bank ឱ្យបន្ដនីតិវិធីដល់ 6ឆ្នាំ ដើម្បីសង​ត្រឡប់​ទៅវិញ ខណៈសព្វថ្ងៃមានរយៈពេល 4ឆ្នាំ។

បច្ចុប្បន្នវិស័យសេដ្ឋកិច្ចរបស់កម្ពុជា បានទទួលរងផលប៉ះពាល់ដោយសារតែឥទ្ធិពលនៃជំងឺ COVID-19 ដែលកំពុងតែរីករាលដាល ក្នុងនោះវិស័យសហគ្រាសធុនតូច និងមធ្យម ក៏បានធ្វើឱ្យ​ជួបនូវ​បញ្ហា​​​ប្រឈម​នេះដូចគ្នាផងដែរ តែផ្នែកដែលផលិតផលិតផលមិនមែនចំណីអាហារ កំពុងរងផលប៉ះពាល់ខ្លាំង​ជាង SMEs ដែលផលិតចំណីអាហារ។

លោក ឈា ឡាយហ៊ី ប្រធាននាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម នៃ​ក្រសួង​ឧស្សា​ហ​កម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអះអាងថា ផលប៉ះពាល់របស់ SMEs ដែល​ផលិត​ផលិតផលមិន​មែនចំណីអាហារ គឺកង្វះវត្ថុធាតុដើម ប៉ុន្ដែរហូតមកដល់ពេលនេះ ដោយមានកិច្ចសម្របសម្រួល​ពីថ្នាក់ដឹកនាំពាក់ព័ន្ធ គឺយើងបានរួមគ្នាដោះស្រាយបានមួយ​កម្រិត​ហើយ ពាក់ព័ន្ធនឹងបញ្ហាកង្វះវត្ថុធាតុដើមនេះ។

លោក ឈា ឡាយហ៊ី បានបញ្ជាក់ថា ដោយឡែក បញ្ហាប្រឈមមួយទៀតដែល SMEs កំពុង​ជួប​ប្រទះ​នេះ គឺទាក់ទងទៅនឹងបញ្ហា​ទី​ផ្សារ ដែលបញ្ហានេះគឺជារឿងសំខាន់ ដោយសាររហូតមក​ដល់ពេល​នេះ ប្រជាពលរដ្ឋ​មិនទាន់ដឹងថា ជំងឺCOVID-19 នឹងអូសបន្លាយដល់ពេលណានោះ​ទេ ដូច្នេះ​ថវិកា​របស់​ពួកគាត់នៅមានកម្រិត។ កត្តាទាំងនេះ នាំឱ្យការផលិត និងតម្រូវការមិន​ទាន់​បន្ស៊ី​គ្នាបាននៅឡើយទេ។

បើតាមលោក ឈា ឡាយហ៊ី ក្នុងពេលអន្ដរកាលនេះ ក្រុមការងារក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលដឹកនាំដោយឯកឧត្ដមទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ បានកោះប្រជុំ​ក្រុមការងារ​ស្ទើរតែ​រាល់​សប្ដាហ៍ ដើម្បីដោះស្រាយបញ្ហានេះ និងកំណត់​អ្វីដែលជាទំនិញយុទ្ធសាស្ដ្រផ្សេងៗ សម្រាប់​ត្រៀម​បង្ការករណី ដែលមានរលកទី2 នៃជំងឺCOVID-19 នេះ៕

Advertisement