ឆ្នាំ 2024 អ្នក​ប្រើប្រាស់​អាច​នឹង​បង្កើន​ការ​ចំណាយ​សម្រាប់​មុខ​ទំនិញ​មិន​ចាំបាច់

ឆ្នាំ 2024 អ្នក​ប្រើប្រាស់​អាច​នឹង​បង្កើន​ការ​ចំណាយ​សម្រាប់​មុខ​ទំនិញ​មិន​ចាំបាច់ នៅ​ពេល​អតិផរណា​ថយ​ចុះ​ ដែល​នាំ​ឱ្យ​ការ​ចំណាយ​ទៅ​លើ​តម្រូវ​ការ​ចាំបាច់ត្រូវ​បាន​កាត់​បន្ថយ​។ នេះ​បើ​តាមវិទ្យាស្ថាន​សេដ្ឋកិច្ច Mastercard (MEI) ​ដែល​ព្យាករ​អំពីសេដ្ឋកិច្ច​សម្រាប់​ឆ្នាំ 2024​។

MEI បាន​ព្យាករ​ថា នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក សេដ្ឋកិច្ច​​ប្រទេស​នីមួយ​ៗ មាន​កំណើន​ខុស​ៗ​គ្នា​។ សេដ្ឋកិច្ចនៅ​តាម​បណ្ដា​​​ប្រទេស​ និង​ដែន​ដី​មួយ​ចំនួន មាន​ដូច​ជា សិង្ហបុរី ម៉ាឡេស៊ី ហ្វ៊ីលីពីន ថៃ តៃវ៉ាន់ និង​កូរ៉េខាងត្បូង អាច​នឹង​មាន​កំណើន ខណៈ​ដែល​ឱនភាព​ត្រូវ​បាន​ព្យាករ​ថា នឹង​កើត​ឡើង​នៅ​ អូស្ត្រាលី ចិនដីគោក ជប៉ុន និង​នូវែលសេឡង់​។ ឥណ្ឌា និង​ ឥណ្ឌូណេស៊ី គឺជា​ប្រទេស​ដែល​នឹង​អាច​រក្សា​បាន​នូវ​ស្ថិរភាព​សេដ្ឋកិច្ច​​ដូច​ក្នុង​ឆ្នាំ 2023​។

តាម​ការ​ព្យាកររបស់ MEI ក្នុង​ឆ្នាំ 2024 អ្នក​ប្រើប្រាស់​នឹង​អាច​ចំណាយ​ច្រើន​ជាង​មុន​ទៅ​លើ​សកម្មភាព​​កម្សាន្ត និង​ទេសចរណ៍ ជាជាង​ការ​ផ្ដោត​ទៅ​លើ​ទំនិញ​ចាំបាច់​ ដែល​នេះ​គឺផ្ទុយ​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​។ តម្រូវ​ការ​ទិញទំនិញ​ស៊ីវិល និង​​សម្លៀក​បំពាក់​​ជា​ដើម គ្រោង​នឹង​កើន​ខ្ពស់​ឡើង​វិញ ដែល​អាច​ជំរុញ​ការ​ផលិត​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

ក្នុង​ឆ្នាំ​ 2024 ទេសចរ​ចិន​ ត្រូវ​បាន​រំពឹង​ថា នឹង​បង្កើន​ការ​ធ្វើ​ដំណើរ​ទៅ​លេង​នៅ​បរទេស​។ ការ​បន្ថែម​ប្រទេស​ជា​ច្រើន​ទៅក្នុង​បញ្ជី​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ចិន​អនុម័ត​សម្រាប់​ទេសចរណ៍​ជា​ក្រុម និង​ការ​បន្ធូរ​បន្ថយ​ទិដ្ឋាការ​ចំពោះ​ការ​ដើរ​ទេសចរណ៍​ជា​លក្ខណៈបុគ្គល នឹង​បន្ត​ជំរុញ​ឱ្យ​មាន​ការ​ចំណាយ​​របស់​​ទេសចរ​បរទេស​។

របាយការណ៍​របស់​វិទ្យាស្ថានសេដ្ឋកិច្ច Mastercard ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​យោង​ទៅ​លើ​ទិន្នន័យជា​ច្រើន រួម​មាន​ទាំង​សកម្មភាព​លក់​ទំនិញ ដែល​​យោង​ទៅ​លើ​ទិន្នន័យ​សាធារណៈ និង​ទិន្នន័យ​ផ្ដាច់​មុខ ដែល​​រួមមាន​​ទាំង​សកម្មភាព​លក់​ទំនិញ​ដែល Mastercard ប្រមូល​បាន និង​ទិន្នន័យ​សម្ងាត់ ក៏ដូចជា​រូបមន្ត​នានា​ដែល​ធ្វើឡើង​ដើម្បីវាយ​តម្លៃ​អំពី​សកម្មភាព​សេដ្ឋកិច្ច​៕

Advertisement