ស្ថាប័នបណ្តុះបណ្តាលវិជ្ជាជីវៈ ជាផ្នែកមិនអាចខ្វះបានសម្រាប់សេដ្ឋកិច្ចកម្ពុជា

កម្ពុជា​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​ដែល​ទាមទារ​ឱ្យមាន​ធនធានមនុស្ស​ជាច្រើន​ផ្នែក ជាពិសេស​ផ្នែក​បច្ចេកទេស និង​វិជ្ជាជីវៈ ព្រោះ​ស្ថិតក្នុង​ដំណាក់កាល​នេះ​គ្រប់​ក្រុមហ៊ុន សហគ្រាស និង​ចង្វាក់​ផលិតកម្ម​នានា រួមទាំង​វិស័យ​សំណង់​ផង​សុទ្ធតែ​ត្រូវការ​អ្នកជំនាញ​បច្ចេកទេស។

ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​លើកឡើងថា វិទ្យា​សា្ថ​ន​អប់រំ​បណ្តុះបណ្តាល បច្ចេកទេស និង​វិជ្ជាជីវៈ ពិតជា​បាន​ដើរតួនាទី​សំខាន់​ណាស់ និង​ជា​ដៃគូ​មិនអាច​ខ្វះ​បាន​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​ការជួយ​លើកកម្ពស់​វិស័យ​ការងារ អប់រំ និង​ធនធានមនុស្ស ដែល​រហូតមក​ដល់ពេលនេះ មាន​ធនធានមនុស្ស​ជាច្រើន បានកើត​ចេញពី​វិទ្យាស្ថាន​ក្នុងប្រទេស​កម្ពុជា ជាពិសេស​បានបង្ហាញ​នូវ​លទ្ធផល​ជាក់ស្តែង​ទាំង​បរិមាណ និង​គុណភាព។

ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ

កន្លងមក​ឯកឧត្តម ក៏​ធ្លាប់​បានលើកឡើង​ផងដែរ​ថា ផ្នែក​បច្ចេកទេស និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចូលរួមចំណែក​យ៉ាងច្រើន​តាមរយៈ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​បំពេញ​ឱ្យ​សេចក្តីត្រូវការ​របស់​ក្រុមហ៊ុន​សហគ្រាស​នានា​ដែល​កំពុង​ដាក់​ការវិនិយោគ​នៅ​កម្ពុជា។ ទោះជា​យ៉ាងនេះ​ក្តី ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ក៏​នៅមាន​បញ្ហា​ប្រឈម​មួយចំនួន​ផងដែរ​ដោយសារតែ​យុវជន​កម្ពុជា​មិនទាន់​ចាប់អារម្មណ៍​ច្រើន​ក្នុងការ​រើស​ជំនាញ​នេះ។ ជា​យន្តការ​ក្រសួង និង​ភាគី​ពាក់ព័ន្ធ​ក៏បាន​យកចិត្តទុកដាក់​ច្រើន​ដើម្បី​ជំរុញ​ឱ្យ​ប្រជាជន​ចាប់ផ្តើម​មានលទ្ធភាព​កាន់តែច្រើន​ក្នុងការ​សិក្សា​លើ​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ៕

Advertisement