គម្រោង​ធំ​ៗ​ចំនួន​ពីរ​នឹងជួយ​ឱ្យ​​ខេត្ត​ព្រះ​សីហនុ​ ក្លាយ​ជាច្រករបៀងសេដ្ឋកិច្ចមួយ​របស់​កម្ពុជា

យោង​តាម​ក្រសួង​ព័ត៌មាន គម្រោងវិនិយោគ​ចំនួនពីរ​ នៅខេត្តព្រះសីហនុ ដែលមានទំហំទឹកប្រាក់វិនិយោគជិត 600 លានដុល្លារ​អាម៉េរិក​ ត្រូវបានវាយតម្លៃថា នឹងជះឥទិ្ធពលយ៉ាងវិជ្ជមានដល់សេដ្ឋកិច្ចខេត្តព្រះសីហនុ និង​កម្ពុជា​។

កាល​ពី​ថ្ងៃទី 28 កុម្ភៈ 2024 ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា (ក.អ.ក – CDC) បាន​ធ្វើ​ការ​វាយ​តម្លៃ​លើ​គម្រោង​វិនិយោគរបស់​ក្រុម​ហ៊ុន​​ចំនួន​ពីរ​ រួម​មាន​ដូច​ខាង​ក្រោម​៖

ទីមួយ​ ក្រុមហ៊ុន Ban Dao Investment Co., LTD មានទុនវិនិយោគ 574,000,000 ដុល្លារអាមេរិក វិនិយោគក្នុងការសាងសង់សណ្ឋាគារលំដាប់ផ្កាយ 5 នៅក្នុងតំបន់ពយតាម៉ូង សង្កាត់លេខ 4 ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ទីពីរ​ ក្រុមហ៊ុន Haoruidar (Cambodia) Co., LTD មានទុនវិនិយោគជាង​ 12,350,000 ដុល្លារអាមេរិក វិនិយោគក្នុងការសាងសង់រោងចក្រកែច្នៃផ្លែឈើក្នុងស្រុក ស្ថិតនៅក្នុងឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។

យោងតាម​ ក.អ.ក គម្រោងវិនិយោគទាំងពីរ​នេះ នឹងចូលរួមលើកកម្ពស់សេដ្ឋកិច្ចខេត្តព្រះសីហនុ ឱ្យ​កាន់តែប្រសើរឡើង និង​ជួយ​ឱ្យខេត្តព្រះសីហនុ ក្លាយជាច្រករបៀងសេដ្ឋកិច្ចសំខាន់​មួយ​របស់​កម្ពុជា៕

Advertisement