ឥណ្ឌូណេស៊ី ប្រកាស​កិច្ចព្រមព្រៀង «​ប្ដូរ​ទៅរក​ថាមពល​កកើតឡើង​វិញ​» តម្លៃ 20 ពាន់​លាន​ដុល្លារ​នៅក្នុង​កិច្ចប្រជុំ G20

កិច្ចព្រមព្រៀង​ដែល​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃទី 15 វិច្ឆិកា គឺជា​ការប្រឹងប្រែង​ប្រកបដោយ​មហិច្ឆតា​មួយ​របស់​បណ្ដា​ប្រទេស​រីកចម្រើន​នៅក្នុង​ការបញ្ចុះ​បញ្ចូល​ប​ណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ ឱ្យ​បោះបង់​ប្រភព​ថាមពល​ហ្វូ​ស៊ី​ល ដូចជា រ៉ែ​ប្រេង ធ្យូងថ្ម​ជាដើម ដែល​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន។

នេះ​គឺជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​ហិរញ្ញវត្ថុ​ដែលមាន​តម្លៃ 20 ពាន់​លាន​ដុល្លារ​អា​ម៉ែ​រិ​ក ទាក់ទង​នឹង​បញ្ហា​អាកាសធាតុ​ដែល​បណ្ដា​ប្រទេស​អភិវឌ្ឍ​ដូចជា សហរដ្ឋ​អា​ម៉េ​រ​រិ​ក និង ជប៉ុន ជាដើម បាន​សន្យា​ជាមួយ ឥណ្ឌូណេស៊ី ជា​ប្រទេសមួយ​ដែល​ប្រើប្រាស់​ធ្យូងថ្ម​ច្រើនជាងគេ​ក្នុង​ពិភពលោក ដើម្បី​ប្ដូរ​ទៅរក​ថាមពល​កកើតឡើង​វិញ។ មុនពេល​ត្រូវបាន​ប្រកាស​នៅក្នុង​កិច្ចប្រជុំ​កំពូល G20 នៅ ឥណ្ឌូណេស៊ី ដែល​ធ្វើឡើង​ចាប់ពី​ថ្ងៃទី 15-16 វិច្ឆិកា បណ្ដា​ប្រទេស​ពាក់ព័ន្ធ​បាន​ចរចា​គ្នា​តាំងពី​ជាង​មួយ​ឆ្នាំមុន​មកម្ល៉េះ។

ឥណ្ឌូណេស៊ី បាន​សន្យា​កាត់បន្ថយ​បរិមាណឧស្ម័ន​​កា​បូ​ន​ដែល​បំ​ភាយ​ពី​វិស័យ​ផលិត​អគ្គិសនី​របស់ខ្លួន​ឱ្យ​ចុះមក​នៅត្រឹម 290 លាន​តោន​នៅ​ឆ្នាំ 2030 ដែល​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​ខាងលើ។ ប្រការនេះ​មានន័យថា ការ​បំ​ភាយ​ឧស្ម័ន​កាបូន​របស់ ប្រទេស​ឥណ្ឌូណេស៊ី នឹង​ឡើងដល់​ចំណុចកំពូល​លឿន​ជាង 7 ឆ្នាំ ធៀប​នឹង​ការគ្រោងទុក ហើយ​ចាប់ផ្ដើម​​ការ​កាត់បន្ថយ​ការប្រើប្រាស់​ធ្យូងថ្ម។

ក្រៅពីនេះ ឥណ្ឌូណេស៊ី ក៏ត្រូវ​សម្រេចបាន​គោលដៅ​ក្នុង​ការផលិត​អគ្គិសនី​ពី​ប្រភព​ថាមពលបៃតង​ដូចជា កម្លាំង​ខ្យល់ និង​ថាមពលព្រះអាទិត្យ​ជាដើម ពី 11% នាបច្ចុប្បន្ន ឱ្យ​ឡើងដល់ 34% នៅ​ឆ្នាំ 2030។

ឥណ្ឌូណេស៊ី គឺជា​ប្រទេស​ដែល​បំ​ភាយ​ឧស្ម័ន​ច្រើនជាងគេ​លំដាប់​ទី 9 ក្នុង​ពិភពលោក នៅ​ឆ្នាំ 2021។ នៅមុន​កិច្ចព្រមព្រៀង​នេះ បរិមាណ​អគ្គិសនី​ដែល​ផលិត​ពី​ធ្យូងថ្ម​របស់ ឥណ្ឌូណេស៊ី មាន​ចំនួន​រហូតដល់ 60% បើ​ធៀប​នឹង​បរិមាណ​អគ្គិសនី​សរុប​របស់​ប្រទេស​នេះ។

យោងតាម​កិច្ចព្រមព្រៀង បណ្ដា​ប្រទេស​អ្នកមាន​នឹង​ផ្ដល់ប្រាក់​កម្ចី ជំនួយ និង​វិនិយោគឯកជន​សម្រាប់ ឥណ្ឌូណេស៊ី។ នៅ​ចំពោះមុខ ខ្ទង់​ប្រាក់​ប្រហែល 10 លាន​ដុល្លារ​អាម៉េរិក នឹង​បាន​ពី សហរដ្ឋ​អាម៉េរិក ជប៉ុន កាណាដា និង​ប្រទេស​មួយចំនួន​នៅ អឺរ៉ុប រួមមាន អង់គ្លេស បារាំង និង អាល្លឺម៉ង់។ ក្រសួងការបរទេស​អា​ម៉េ​រិ​ក បញ្ជាក់ថា ថវិកា 10 ពាន់​លាន​ដុល្លារ​ផ្សេងទៀត​គ្រោង​នឹង​បាន​ពី​ក្រុម​អ្នក​វិនិយោគឯកជន មានដូចជា ធនាគារ​អាម៉េរិក (Bank of America) និង Citibank ជាដើម។

អ្នកជំនាញ​ផ្នែក​ប្ដូរផ្លាស់​ឥន្ធនៈ​ហ្វូ​ស៊ី​ល មកពី​កម្មវិធី E3G (Third Generation Environmentalism) បានឱ្យដឹងថា ​បើ​សិន​ជា​កិច្ចព្រមព្រៀង​ខាងលើ​ទទួលបាន​ជោគជ័យ វា​នឹង​ក្លាយជា​គំរូ​សម្រាប់​ពិភពលោក៕

Advertisement