គុយបា ​នឹង​​ដំឡើង​តម្លៃ​សាំង​រហូត​ដល់ 500%

អាជ្ញាធរ​ប្រទេសគុយបា នឹង​ដំឡើង​តម្លៃ​សាំង​រហូត​ដល់ 500% ចាប់​ពី​ថ្ងៃទី 01 ខែ​មីនា ឆ្នាំ 2024 យឺត​ជាង​មួយ​ខែ​បើ​ធៀប​នឹង​គម្រោង​ដំបូង​ ប៉ុន្តែ​តម្លៃ​សំបុត្រ​យាន​ជំនិះ​សាធារណៈ​នៅ​តែ​ដដែល​។

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​គុយបា Vladimir Regueiro កាល​ពី​ថ្ងៃទី 28 កុម្ភៈ ប្រកាស​ថា ទន្ទឹម​នឹង​ការ​ដំឡើង​តម្លៃ​​សាំង តម្លៃ​អគ្គិសនី​ក៏​នឹង​ត្រូវ​ដំឡើង​ 25% ធៀប​នឹង​ដំណាក់​កាល​ដូច​ដដែល ចំពោះ​អតិថិ​ជន​ដែល​ប្រើ​ប្រាស់​អគ្គិសនី​ច្រើន​នៅ​ក្នុង​តំបន់​ប្រជុំ​ជន​។ ក៏ប៉ុន្តែ ថ្លៃ​ធ្វើដំឡើង​តាម​យាន​ជំនិះ​សាធារណៈ​នឹង​នៅ​តែ​រក្សា​ដូច​ដើម​ ហើយ​ការ​ដំឡើង​ថ្លៃ​ឧស្ម័ន​ធម្មជាតិ​ក៏​ត្រូវ​ពន្យារ​ពេល​។

រដ្ឋាភិបាល​គុយបា ដែល​ជា​អ្នកផ្ដល់​ការ​ឧបត្ថម្ភ​ទំនិញ និង​សេវាកម្ម​សំខាន់​ៗ​​ស្ទើរ​តែ​ទាំង​អស់​ ប្រកាស​ដំឡើង​ថ្លៃ​សាំង​ខ្ពស់ជាង​មុន​ 5 ដង រាប់ចាប់​ពី​ថ្ងៃទី 01 ខែ​កុម្ភៈ ដើម្បី​រួម​ចំណែក​កាត់​បន្ថយ​ឱនភាព​​ថវិកា​ជាតិ​។ តម្លៃ​សាំងធម្មតា​​មួយ​លីត្រ​​នឹង​កើន​ពី 25 ប៉េសូ (0.2 ដុល្លារ​អាម៉េរិក) ឡើង​ដល់ 132 ប៉េសូ ខណៈ​ដែល​សាំង​ល្អ​បំផុត​កើន​ពី 30 ប៉េសូ ឡើង​ដល់ 156 ប៉េសូ ខ្ពស់​ជាង​ 5 ដង ធៀប​នឹង​តម្លៃ​ចាស់​។​ ទេសចរ​បរទេស​ដែល​មក​លេង​ប្រទេស​គុយបា នឹង​ត្រូវ​ទូទាត់​ថ្លៃ​សាំង​ដោយ​រូបិយប័ណ្ណ​បរទេស​។

ក៏ប៉ុន្តែ គម្រោង​ដំឡើង​តម្លៃ​សាំង​កាល​ពី​ខែ​មុន​ត្រូវ​បាន​ពន្យារ​ពេល​ ដោយ​សារ​តែ​ «បញ្ហា​សន្តិសុខ​អ៊ីនធើណិត»​។ បញ្ហា​នេះបាន​ធ្វើ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ Alejandro Gil​ បាត់​បង់​​តំណែង នៅ​​ពីរ​បី​ថ្ងៃ​ក្រោយ​មក។

យោង​តាម​អ្នក​សេដ្ឋកិច្ច​នៅ​សាកល​វិទ្យាល័យ​ Havana របស់​គុយបា សាំង​នៅ​ប្រទេស​នេះ​មាន​តម្លៃ​ទាប​ខ្លាំង​ បើ​ធៀប​នឹង​បណ្ដា​ប្រទេស​ដទៃ​លើ​ពិភពលោក​ ប៉ុន្តែ​គឺ​ជា​តម្លៃ​ដែល​ខ្ពស់​ខ្លាំង​ បើ​ធៀប​នឹង​ប្រាក់​បៀវត្សរ៍​ក្នុង​ស្រុក​។ តម្លៃ​សាំង​ថ្មី​នេះ​នឹង​ប៉ះពាល់​ដល់​សង្គម​ទាំង​មូល​នៅ​គុយបា​។

ប្រទេស​កោះ​ដែល​មាន​ប្រជាជន​ 11 លាន​នាក់​នេះ កំពុង​ឆ្លង​កាត់​ការ​លំបាក​ច្រើន​ក្នុង​វិស័យ​សេដ្ឋកិច្ច​ ដោយ​សារ​តែ​វិបត្តិ​កូវីដ-19 និង​ទណ្ឌកម្ម​ពី​សហរដ្ឋ​អាម៉េរិក​។ តាម​ការ​ប៉ាន់​ស្មាន​ សេដ្ឋកិច្ច​គុយបា បាន​ធ្លាក់​ចុះ​ 2% ក្នុង​ឆ្នាំ 2023 ស្រប​ពេល​ដែល​អតិផរណា​កើន​ឡើង 30%​។

Advertisement