​សិង្ហបុរី​ បង្ហើប​ឱ្យ​ដឹង​ពី​វិធី​អញ្ជើញ Taylor Swift មក​បើក​ខនសឺត​ផ្ដាច់​មុខ​នៅ​អាស៊ី​អាគ្នេយ៍​

សិង្ហបុរី​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​ដើម្បី​បញ្ចុះ​បញ្ចូល​កំពូល​តារា​ចម្រៀង Taylor Swift មក​បើក​ខនសឺន​នៅ​ប្រទេស​នេះ ដែល​ក្លាយ​ជា​ទី​សំចត​តែ​មួយ​គត់​របស់​នាង​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​។

«ដំណើរ​សម្ដែង​នេះ​អាច​នាំមក​នូវ​ផល​ប្រយោជន៍​ច្រើន​ដល់​សេដ្ឋកិច្ច​សិង្ហបុរី…។ នេះ​គឺជា​អ្វី​ដែល​បាន​កើត​ឡើង​នៅ​តាម​បណ្ដា​ទីក្រុង​ដែល​ Taylor Swift ធ្លាប់​បាន​ទៅសម្ដែង​» ក្រសួង​វប្បធម៌​ និង​ទេសចរណ៍​សិង្ហបុរី​ ប្រកាល​កាលពី​ថ្ងៃទី 20 កុម្ភៈដូច្នេះ​។

ក្រសួង​នេះ​បាន​ឱ្យ​ដឹង​ថា បាន​ធ្វើ​ការ​ជាមួយ AEG Presents ដែល​ជា​ស្ថាប័ន​ប្រារព្ធ​កម្មវិធី Eras Tour របស់ Taylor Swift​ ដើម្បី​បញ្ចុះ​បញ្ចូល​តារា​ចម្រៀង​នេះ​មក​សម្ដែង​នៅ​សិង្ហបុរី​។ ក្រសួង​នេះ​បាន​ឱ្យ​ដឹង​ថា បាន​ចំណាយ​ប្រាក់ឧបត្ថម្ភ​សម្រាប់ Taylor Swift ប៉ុន្តែ​មិន​បាន​បង្ហើប​ឱ្យ​ដឹង​អំពី​តួលេខ​ជាក់​លាក់​។

កាល​ពី​សប្ដាហ៍​កន្លង នាយករដ្ឋមន្ត្រី​ថៃ លោក Srettha Thavisin បាន​ថ្លែង​នៅ​ក្នុង​វេទិកា​ជំនួញ​ថា សិង្ហបុរី​បាន​ចំណាយ​ប្រាក់​សម្រាប់​ Taylor 100 លាន​បាត (ជាង 2.7 លាន​ដុល្លារ​អាម៉េរិក)​ សម្រាប់​​ការ​សម្ដែង​មួយ​យប់នៅ​ប្រទេស​នេះ​ អម​នឹង​លក្ខខណ្ឌ​ «សិង្ហបុរី​ត្រូវ​តែ​ជា​ទី​សំចត​តែ​មួយ​គត់​របស់​តារា​ចម្រៀង​ស្រី​រូប​នេះ​នៅ​អាស៊ី​អាគ្នេយ៍​»។ ក៏ប៉ុន្តែ រដ្ឋាភិបាល​សិង្ហបុរី​មិន​ទាន់​មាន​ការ​អធិប្បាយ​អ្វី​នៅ​ឡើយ ទាក់​ទង​នឹង​ការ​លើក​ឡើង​របស់​នាយ​ករដ្ឋមន្ត្រី​ថៃ​។

ដំណើរ​សម្ដែង​របស់ Taylor swift នៅ​សិង្ហបុរី នឹង​អូស​បន្លាយ​ពេល​ 6 ថ្ងៃ ចាប់​ពី​ថ្ងៃទី 02 ដល់ទី 09 ខែ​មីនា​ ឆ្នាំ 2024​។ សំបុត្រ​ទាំង​ 300,000 សន្លឹក​សម្រាប់​ទស្សនា​ការ​សម្ដែង​ 6 យប់​ ត្រូវ​បាន​លក់​អស់​គ្មាន​សល់​។ តម្លៃ​សំបុត្រ​ពិសេស​ (VIP) គឺជាង 900 ដុល្លារ​អាម៉េរិក​។

Eras Tour របស់​ Taylor បាន​ចាប់​ផ្ដើម​ពី​ខែ​មីនា​ឆ្នាំ 2023 ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ក្នុង​ខែធ្នូ​ឆ្នាំ​ 2024​ ក្នុង​នោះ​មាន​ការ​សម្ដែង​ចំនួន 151 យប់​។ ក្នុង​ការ​សម្ដែង​មួយ​យប់ មាន​ទស្សនិក​ជន​ប្រហែល 72,000 នាក់​ ដែល​​គ្រោង​នឹង​រក​បាន​ចំណូល​ 17 លាន​ដុល្លារ​អាម៉េរិក​៕

Advertisement