ថៃទទួល​បានទុន​វិនិយោគ​​ជាង 4,000 លាន​ដុល្លារពី​ជប៉ុន សម្រាប់​​វិស័យ​រថយន្ត​អគ្គិសនី​

យោង​តាម​សារព័ត៌មាន Reuters ដក​ស្រង់​សម្ដី​របស់​​អ្នក​នាំពាក្យ​​រាជរដ្ឋាភិបាល​ថៃ កាល​ពី​ថ្ងៃទី 25 ធ្នូ បាន​ឱ្យ​ដឹង​ថា ​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ជប៉ុនមួយ​ចំនួន​ នឹង​បណ្ដាក់​ទុន​វិនិយោគ​ចំនួន 150 ពាន់​លាន​បាត (4.34 ពាន់​លាន​ដុល្លារ​អាម៉េរិក​) នៅ​ប្រទេស​ថៃ ក្នុង​រយៈ​ពេល 5 ឆ្នាំ​ខាង​មុខ ដើម្បី​គាំទ្រ​ប្រទេស​នេះ​ងាក​ទៅ​រក​ការ​ផលិត​រថយន្ត​អគ្គិសនី​។

អ្នកនាំពាក្យ​ Chai Wacharoke ឱ្យ​ដឹង​ថា Toyota Motor និង Honda Motor នឹង​វិនិយោគប្រហែល 100 ពាន់​លាន​បាត​ ខណៈ​ដែល Isuzu Motors នឹង​វិនិយោគ​ 30 ពាន់​លាន​បាត​ និង​ Mitsubishi Motors វិនិយោគ 20 ពាន់​លាន​បាត​ ដើម្បី​ផលិត​រថយន្តភិកអាប់​ដំណើរ​ការ​ដោយ​អគ្គិសនី​។

ថៃ​គឺជា​ខឿន​សេដ្ឋកិច្ច​ធំជាង​គេ​លំដាប់​ទីពីរ​នៅ​អាស៊ី​អាគ្នេយ៍ និង​ជា​ប្រទេស​ផលិត និង​នាំ​ចេញ​រថយន្ត​ធំជាង​គេ​ក្នុង​តំបន់​នេះ​។ បណ្ដា​ក្រុម​ហ៊ុន​ជប៉ុន​បាន​គ្រប់​គ្រង​ទីផ្សារ​រថយន្ត​នៅ​ប្រទេស​ថៃ ក្នុង​រង្វង់​ច្រើន​ទសវត្សរ៍​កន្លង ប៉ុន្តែ​ថ្មី​ៗ​នេះ វិស័យ​រថយន្ត​អគ្គិសនី​ហាក់​កំពុង​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​បណ្ដា​ក្រុម​ហ៊ុន​ចិន​។

យោង​តាមលោក Chai ខ្ទង់​វិនិយោគ​របស់​ក្រុម​ហ៊ុន​ជប៉ុន នឹង​គាំទ្រ​ដល់​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​ថៃ នៅ​ក្នុង​ការ​ចាក​ចេញ​ពី​រថយន្ត​ម៉ាស៊ីន​ចំហេះ​ក្នុង និង​ឆ្ពោះ​ទៅ​រក​រថយន្ត​អគ្គិសនី​។

នាយករដ្ឋមន្ត្រី​ថៃ លោក Srettha Thavisin ទើប​តែ​បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន កាល​ពីសប្ដាហ៍​កន្លង​។ ក្រៅ​ពី​ជប៉ុន នាយក​រដ្ឋមន្ត្រី​ថៃ នៅក្នុង​ខែ​នេះ​ក៏​បាន​ជួប​ពិភាក្សាការ​ងារ​ជាមួយ​នឹង​នាយក​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​អាម៉េរិក Tesla ក្នុង​នោះ លោក​ក៏បាន​លើក​ឡើង​អំពី​​សក្ដានុពល​​នៃការ​វិនិយោគ​ទៅ​លើវិស័យ​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ថៃ​ផងដែរ​៕

Advertisement