ចិន-វៀតណាម​ចាប់​ផ្ដើម​អនុវត្ត​គម្រោង «​ច្រក​ព្រំ​ដែន​ឆ្លាតវៃ» គ្មាន​មនុស្ស​ប្រចាំ​ការ

គម្រោង​ច្រក​ព្រំ​ដែន​ឆ្លាត​វៃ​ Youyi Guan (ប្រទេស​ចិន) – Huu Nghi (វៀតណាម) ដែល​​ប្រើ​ប្រាស់​​​ប្រព័ន្ធ​កំណត់​ទិស​ពី​ផ្កាយ​រណប និង​បច្ចេកវិទ្យា 5G អនុញ្ញាត​ឱ្យ​ទំនិញ​ឆ្លង​កាត់​ដោយ​ស្វ័យ​ប្រវត្ត​ មិន​មាន​មនុស្ស​ប្រចាំ​ការ​ 24 ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ត្រូវ​បាន​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​​​កាល​ពី​ថ្ងៃទី 15 កញ្ញា​។

ដើម្បី​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ជំរុញ​ការ​ស្ថាបនា​ច្រក​ព្រំ​ដែន​ឆ្លាត​វៃ​សាកល្បង​ចិន – វៀតណាម ភាគី​រដ្ឋបាល​តំបន់​ស្វយ័ត​ជនជាតិ​ Zhuang Guangxi នៅ​ប្រទេស​ចិន និង​ភាគី​ខេត្ត​ Lang Son ប្រទេស​វៀតណាម បាន​ឯកភាព​គ្នា​លើ​ការ​ជំរុញ​គម្រោង​សាកល្បង​ច្រក​ព្រំ​ដែន​ឆ្លាត​វៃ​នៅ​លើ​កំណាត់​ផ្លូវ​សម្រាប់​ដឹក​ជញ្ជូន​ទំនិញ​​នៃ​ច្រក​ព្រំ​ដែន​ Youyi Guan (ប្រទេស​ចិន) – Huu Nghi (វៀតណាម)។

គម្រោង​ច្រក​ព្រំ​ដែន​ឆ្លាត​វៃ​ Youyi Guan (ប្រទេស​ចិន) – Huu Nghi (វៀតណាម) ដែល​អនុវត្ត​ដោយ​រដ្ឋបាល​តំបន់​ស្វយ័ត​ជន​ជាតិ​ Zhuang Guangxi និង​​យោង​​​ទៅ​លើ​ប្រព័ន្ធ​កំណត់​ទិស​ពី​ផ្កាយ​រណប និង​បច្ចេកវិទ្យា 5G​ ត្រូវ​បាន​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​​​កាល​ពី​ថ្ងៃទី 15 កញ្ញា​ 2023​ នៅ​លើ​ទឹក​ដី​ចិន ដោយ​មាន​ការ​ចូល​រួម​ពី​ក្រុម​មន្ត្រី​ប្រទេស​ចិន និង​វៀតណាម​។

គម្រោង​នេះ​ប្រើប្រាស់​យាន​យន្ត​ស្វ័យ​ប្រវត្ត​ដឹក​ជញ្ជូន​កុងតឺន័រ​គ្មាន​មនុស្ស​បើក​បរ​ AGV, ឧបករណ៍​ដងស្ទូច​ស្វ័យប្រវត្ត​, ប្រព័ន្ធ​គ្រប់គ្រង​ផែនទី​ឆ្លាត​វៃ និង​អាច​ផ្លាស់ប្ដូរ​ព័ត៌មាន​ស្ដី​ពី​ការ​ដឹក​ជញ្ជូន​ឆ្លង​ព្រំ​ដែន​រវាង​ចិន និង​វៀតណាម ដែល​អនុញ្ញាត​ឱ្យ​ទំនិញ​ឆ្លងកាត់​ស្វ័យ​ប្រវត្ត​មិន​មាន​មនុស្ស​ប្រចាំការ​ 24 ម៉ោង​ក្នុង​មួយ​ថ្ងៃ​។

យោង​តាម​មន្ត្រី​ពាក់​ព័ន្ធ គម្រោង​​ច្រក​ព្រំ​ដែន​ឆ្លាត​វៃ​ Youyi Guan (ប្រទេស​ចិន) – Huu Nghi (វៀតណាម) នេះ នឹងលើក​កម្ពស់​​​កិច្ច​ការ​គយ​រវាង​ច្រក​ព្រំ​ដែន​​របស់​ប្រទេស​ទាំង​ពីរ​ថែម​មួយ​កម្រិត​ទៀត។ ការដឹក​ទំនិញ​ឆ្លង​កាត់​ព្រម​ដែន​នៅ​ទី​នេះ​នឹង​មិន​ត្រូវ​រង់ចាំ​។

បច្ចុប្បន្ន​ គម្រោង​ច្រក​ព្រំ​ដែន​ឆ្លាត​វៃ​ Youyi Guan របស់​ប្រទេស​​ចិន បាន​ចាប់​ផ្ដើម​ការ​សាងសង់ ខណៈ​គម្រោង​ច្រក​ព្រំ​ដែន​ឆ្លាត​វៃ​​ Huu Nghi របស់​វៀតណាម កំពុង​ឆ្លង​​យោបល់​ពី​ស្ថាប័ន​ពាក់​ព័ន្ធ​របស់​ប្រទេស​នេះ មុនពេល​ដាក់​សំណើ​ទៅ​កាន់​នាយក​រដ្ឋមន្ត្រី​។

នៅ​ក្នុង​ពិធីសម្ពោធបើក​ការដ្ឋាន​សាងសង់​ច្រក​ព្រំដែន​ឆ្លាតវៃ​ខាងលើ ភាគី​ប្រទេស​ទាំង​ពីរ​ក៏​បាន​ឯកភាព​គ្នា​ថា នឹង​បន្ត​លើក​កម្ពស់​កិច្ច​សហការ​ដើម្បី​សម្រេច​បាន​ច្រក​ព្រំដែន​ឆ្លាត​វៃ​ប្រកបដោយ​ភាព​រលូន និង​ឆាប់​រហ័ស​ផងដែរ​៕

Advertisement