ហេតុអ្វី​សហរដ្ឋ​អាម៉េរិក ​គេច​ផុត​ពី​វិបត្តិ​សេដ្ឋកិច្ច?

ការព្យាករ​ជាច្រើន​បាន​បង្ហាញ​ថា សហរដ្ឋ​អាម៉េរិក អាច​ធ្លាក់​ទៅក្នុង​វិបត្តិ​សេដ្ឋកិច្ច​នៅ​ក្នុង​ឆ្នាំ 2023 ប៉ុន្តែ​ពេល​នេះ ស្ថានការណ៍​បាន​ផ្លាស់ប្ដូរ​ទាំង​ស្រុង​។

រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ Wall Street តែង​តែ​យល់​ថា សេដ្ឋកិច្ចអាម៉េរិក​នឹង​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​ មុន​ពេល​រដូវ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​មក​ដល់​នៅ​ចុង​ឆ្នាំ 2024​។ ក្នុង​ដំណាក់​កាល​នោះដែរ ក៏​មាន​សេដ្ឋវិទូ​ជា​ច្រើន​​បាន​ព្យាករ​ថា អាម៉េរិក​ជិត​ជួប​វិបត្តិ​សេដ្ឋកិច្ច​។

ក៏ប៉ុន្តែ មួយ​ឆ្នាំ​ក្រោយ​មក ពួក​គេ​បាន​ផ្លាស់​ប្ដូរ​យោបល់​។ ថ្វី​បើ​ពុំ​មាន​អ្វី​ជា​រឿង​ប្រាកដ​ ប៉ុន្តែ​លទ្ធភាព​ដែល​ សហរដ្ឋ​អាម៉េរិក ជួប​វិបត្តិ​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ​រយៈ​ពេល​ខ្លី កំពុង​តែ​ថយ​ចុះ​បន្តិច​ម្ដងៗ​។

ដូច្នេះ តើ​ហេតុ​អ្វី​បាន​ជា​ សហរដ្ឋ​អាម៉េរិក​​ គេច​ផុត​ពី​វិបត្តិសេដ្ឋកិច្ច​?

ក្នុង​ 20 ខែ​កន្លង ធនាគារ​កណ្ដាល​អាម៉េរិក (Fed) បាន​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​គ្រប់គ្រង​សេដ្ឋកិច្ច​អាម៉េរិក ក្នុង​បំណង​កាត់បន្ថយ​អតិផរណា​។ ពួក​គេ​យល់​ច្បាស់​ថា ប្រការ​នេះ​អាច​ធ្វើ​ឱ្យ​មនុស្ស​រាប់លាន​នាក់​បាត់​បង់​ការ​ងារ​។

ក្នុង​អំឡុង​ពេល​នោះ Fed បាន​ដំឡើង​ការ​ប្រាក់​ 11 លើក​។ ប៉ុន្តែ Fed មិន​បាន​ដំឡើង​ការ​ប្រាក់​លឿន​ និង​ខ្លាំង​ដូច​កាល​ពី​ 40 ឆ្នាំ​មុន​។ កាល​ពី​ទសវត្សរ៍​ឆ្នាំ 1980 Fed បាន​ដំឡើង​ការ​ប្រាក់​យ៉ាង​ខ្ពស់​ ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ធ្លាក់​ក្នុង​វិបត្តិ​អាក្រក់​បំផុត​នៅ​ក្នុង​អំឡុង 50 ឆ្នាំ​។

Fed ក៏​បាន​លក់​ចោល​មូលបត្រ​បំណុល​រាប់​ទ្រីលាន​ដុល្លារ​អាម៉េរិក​ ដែល​បាន​ទិញ​ក្នុង​រយៈ​ពេល​ច្រើន​ឆ្នាំ​មុន​នោះ​។ ទង្វើ​នេះ​បាន​កាត់បន្ថយ​តម្រូវ​ការ​មូលបត្រ​បំណុល​របស់​រដ្ឋាភិបាល​ នាំ​ឱ្យ​អត្រា​ការ​ប្រាក់​កើន​ឡើង​ខ្ពស់​។ អត្រាការប្រាក់​នៃ​កម្ចី​ប្រើ​ប្រាស់ កម្ចី​ទិញ​ផ្ទះ បណ្ណ​ឥណទានជា​ដើម ក៏​ត្រូវ​បាន​អូស​ឡើង​ទៅ​តាម​ ធ្វើ​ឱ្យ​ទីផ្សារ​អចលន​ទ្រព្យ​អាម៉េរិក​ធ្លាក់​ចុះ​។

ទោះ​យ៉ាង​នេះ​ក៏ដោយ ក្រោយ​ពី​អនុវត្ត​គោល​នយោបាយ​គ្រប់​គ្រង​សេដ្ឋកិច្ច​បាន​ពីរ​ឆ្នាំ Fed ក៏​ធ្វើ​បាន​សម្រេច​នូវ​អ្វី​ដែល​គ្រប់​គ្នា​គិត​ថា​មិន​អាចទៅ​រួច​ នោះ​គឺ​ការ​គ្រប់​គ្រង​អតិផរណាបាន​​ ដោយ​មិន​រុញ​សេដ្ឋកិច្ច​ឱ្យ​ធ្លាក់​ក្នុង​វិបត្តិ​ បើ​ទោះ​មិន​អាច​បំពេញ​ចិត្ត​មនុស្ស​​គ្រប់​រូប​បាន​ក៏​ដោយ​៕

Advertisement