អាជ្ញាធរ​ថៃ​អនុញ្ញាត​ឱ្យ​ក្លឹបរាត្រី និង​បារ បើក​ទ្វារ​ដល់​ម៉ោង​បួន​ទៀប​ភ្លឺ​ដើម្បី​ទាក់​ទាញ​ទេសចរ​

គណៈរដ្ឋមន្ត្រី​ថៃ អនុម័ត​សេចក្ដី​សម្រេច​ថ្មី​ដែល​អនុញ្ញាត​ឱ្យ​ទីតាំង​កម្សាន្ត​ រួម​មាន​ ក្លឹប​រាត្រី និង​បារ​​ជា​ដើម បើក​ទ្វារ​ដល់​ម៉ោង​ 4 ទៀបភ្លឺ​ ដើម្បី​ទាក់​ទាញ​ភ្ញៀវ និង​ជំរុញ​វិស័យ​ទេសចរណ៍​។

យោង​តាម​សារព័ត៌មាន Reuters សេចក្ដី​សម្រេច​ថ្នាក់​ក្រសួង​នេះ​ត្រូវ​បានអនុម័ត​កាល​ពី​ថ្ងៃទី 28 វិច្ឆិកា 2023 ។

អ្នក​នាំពាក្យរបស់​​រាជរដ្ឋាភិបាល​ថៃ លោក​ស្រី Traisulee Traisaranakul ឱ្យ​ដឹង​ថា ទីតាំង​កម្សាន្ត​ដូច​ជា​ ក្លឹបរាត្រី បារ ហាង​ការ៉ាអូខេ​ជា​ដើម នៅ​រាជធានី​បាងកក និង​បណ្ដា​ទីក្រុង Phuket, Pattaya, Chiang Mai និង Samui ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បើក​ទ្វារ​​ 2 ម៉ោង​ទៀត​បន្ថែម​ទៀត​ ពោល​គឺ​រហូត​ដល់​ម៉ោង​ 4 ទៀបភ្លឺ​។ សេចក្ដី​សម្រេច​នេះ​គឺជា​យុទ្ធសាស្ត្រ​មួយ​របស់​រាជរដ្ឋាភិបាល​ថៃ ដើម្បី​ទាក់​ទាញ​ភ្ញៀវ​បរទេស​បន្ថែម​ទៀត​។

មុន​នោះ កាល​ពី​ខែ​កញ្ញា 2023 អាជ្ញាធរ​ថៃ​បាន​លើក​លែង​ទិដ្ឋាការ​ចំពោះ​ភ្ញៀវ​ទេសចរណ៍​ចិន​ ដែល​ជា​ប្រភព​ទេសចរ​សំខាន់​របស់​ប្រទេស​នេះ​។

នៅ​មុន​វិបត្តិកូវីដ-19 ប្រទេស​ថៃ​ធ្លាប់​​ទទួល​ភ្ញៀវ​បរទេស​បាន​ 39.9 លាន​នាក់​/ឆ្នាំ​ ក្នុង​នោះ​មាន​ 11 លាន​នាក់​មក​ពី​ប្រទេស​ចិន​។

ទេសចរណ៍​គឺជា​កត្តា​ជំរុញ​សំខាន់​បំផុត​របស់​សេដ្ឋកិច្ច​ថៃ​។ ប៉ុន្តែ បច្ចុប្បន្ន​ ល្បឿន​នៃ​កំណើន​របស់​វិស័យ​នេះ​ មាន​ភាព​យឺត​យ៉ាវ​ជាង​វិស័យ​ដទៃ​។​ ដូច្នេះ រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី Srettha Thavisin កំពុង​​ប្រឹង​ប្រែង​ចាត់​វិធានការ​ដើម្បី​ជំរុញកំណើន​​វិស័យ​ទេសចរណ៍​បន្ថែម​ទៀត​​។

រាប់​ចាប់​ពីដើម​ឆ្នាំ 2023 រហូត​ដល់​បច្ចុប្បន្ន ប្រទេស​ថៃ​ទទួល​បាន​ភ្ញៀវ​បរទេស​ប្រមាណ 24.5 លាន​នាក់ ហើយ​ត្រូ​វ​បាន​ព្យាករ​ថា នឹង​កើន​ដល់​ 28 លាន​នាក់​នៅ​ដំណាច់​ឆ្នាំ​នេះ​៕

Advertisement