ក្រុមហ៊ុន​សាជីវកម្ម Marubeni នៃ​ប្រទេស​ជប៉ុន​ចង់​វិនិយោគ​ក្នុង​វិស័យ​ទឹកស្អាត​កម្ពុជា

រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ជួបពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​ក្រុមហ៊ុន​សាជីវកម្ម Marubeni មកពី​ប្រទេស​ជប៉ុន ដឹកនាំ​ដោយ​លោក Kaoru Iwasa នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Marubeni ប្រចាំ​តំបន់​អាស៊ាន និង​អាស៊ី​បូព៌ា ថ្ងៃទី2 ខែសីហា ឆ្នាំ2018 ដោយ​កិច្ច​ពិភាក្សាបាន​ផ្តោត​ការយកចិត្តទុកដាក់​ជាសំខាន់​ទៅលើ​ការវិនិយោគ​ក្នុង​វិស័យ​ទឹកស្អាត និង​ពិភាក្សា​ពី​ការទិញ​ភាគហ៊ុន នៃ​កម្មវិធី​ដៃគូ​រវាង​រដ្ឋ និង​ឯកជន(PPP) ក្នុង​វិស័យ​វិនិយោគ​ទឹកស្អាត​ផងដែរ។

ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​សម្តែង​ការស្វាគមន៍ និង​ផ្តល់​ទំនុកចិត្ត​ដល់​ក្រុមហ៊ុន​សាជីវកម្ម​ដ៏​ល្បី​របស់​ជប៉ុន​មាន​ប្រវត្តិ​ធ្វើ​អាជីវកម្ម​ជា​យូរលង់​មកហើយ។ ចំពោះ​គោលបំណង​នៃ​ការសិក្សា​លទ្ធភាព​វិនិយោគ​លើ​វិស័យ​ទឹកស្អាត​តាមរយៈ​ការទិញ​ភាគហ៊ុន ឬ​កម្មវិធី​ដៃគូ​រវាង​រដ្ឋ និង​ឯកជន ឯកឧត្តម បានលើកឡើង​ពី​លទ្ធភាព​តិចតួច​ដែល​កើតមានឡើង​នៅ​កម្ពុជា។ ប៉ុន្តែ បើតាម​រូបភាព BOT ឬ​ជា​កម្ចីសម្បទាន ឬ​ជា​ជំនួយឥតសំណង ឃើញថា ដៃគូ​ជប៉ុន​បាន​ជួយ និង​ប្រតិបត្តិការ​ច្រើន​នៅ​កម្ពុជា ហើយ​ទទួលបាន​លទ្ធផល​ល្អប្រសើរ ជាមួយនឹង​គុណភាព​ទឹក​ទទួលបាន​តាម​កម្រិត​ស្តង់ដារ​ទៀតផង។

លោក Kaoru Iwasa ជា​ប្រធាន​ប្រតិភូ​បាន​ជម្រាប​ពីមុខ​សញ្ញា​អាជីវកម្ម​ជាច្រើន ដូចជា​វិស័យ​ពាណិជ្ជកម្ម ឧស្សាហកម្ម ដឹកជញ្ជូន ធនធាន​រ៉ែ និង​ថាមពល​ជាដើម។ បច្ចុប្បន្ន​ក្រុមហ៊ុន​សាជីវកម្ម​នេះ​មាន​សាខា​ចំនួន131 និង​ការិយាល័យ​ចំនួន 66ប្រទេស​ក្នុង​តំបន់ មាន​បុគ្គលិក​ធ្វើការ​ប្រមាណ 4ម៉ឺន​នាក់ ចំណូល​ប្រចាំឆ្នាំ2017 គឺ​ប្រមាណ 1,921លាន​ដុល្លារ​អាមេរិក។ ទាក់ទង​នឹង​វិស័យ​ទឹកស្អាត​ក្រុមហ៊ុន​មាន​ជំនាញ​ខ្ពស់ ហើយ​បានធ្វើ​ប្រតិបត្តិការ​ជាច្រើន​ប្រទេស​លើ​ពិភពលោក ហើយក៏​មានបំណង​ពិនិត្យ​លទ្ធភាព​វិនិយោគ​នៅ​កម្ពុជា​ផងដែរ។

ឯកឧត្តម ចម ប្រសិទ្ធ បាន​បញ្ជាក់ថា សម្រាប់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​អាណត្តិ​ទី6 ខាងមុខនេះ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​នឹង​ឈាន​ទៅមុខ​មួយ​ជំហាន​ទៀត គឺ​យើង​មិន​ត្រឹម​ផ្តោត​តែ​លើ​ការផ្គត់ផ្គង់​ទឹកស្អាត​ត្រឹម​តំបន់​ទីប្រជុំជន​ប៉ុណ្ណោះ​ទេ តែ​យើង​នឹង​ឈាន​បន្តិចម្តងៗទៅដល់​តំបន់​ទីប្រជុំជនតូចៗ និង​ជនបទ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ទទួលបាន​សេវា​ទឹកស្អាត​ចេញពី​បំពង់។ ពីព្រោះ​បើ​ប្រជាពលរដ្ឋ​មាន​ទឹកស្អាត​ប្រើប្រាស់​កាន់តែច្រើន យើង​នឹង​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​ពួកគាត់​បាន​មួយកម្រិត​ទៀត។ ដោយសារ​ពួកគាត់​មិនត្រូវ​ចំណាយ​លើ​ការព្យាបាល​ជំងឺផ្សេងៗ ដែល​បណ្ដាលមកពី​ការប្រើប្រាស់​ទឹក​មិន​ស្អាត។ ដូច្នេះ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ស្វាគមន៍​ជានិច្ច​រាល់​ការវិនិយោគ​ផ្នែក​វិស័យ​ទឹកស្អាត​ពី​ដៃគូ​ជប៉ុន៕

Advertisement